ព្រឹត្តិការណ៍​រត់​រួមគ្នា ដើម្បី​សប្បុរ​សធម៌ របស់​ធនាគារ ​CIMB ប្រមូល​បានថវិកាបរិច្ចាគ​សរុប​ជាង ៨,១០០០ ដុល្លារអាមេរិក​ជូន​ដល់​មន្ទីរពេទ្យកុមារអង្គរ

  • 2025-01-12 13:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី១២ ខែ​​មករា ឆ្នាំ​២០២៥​ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) បាន​រៀបចំ​ព្រឹត្តិការណ៍​​រត់រួមគ្នា ដើម្បី​សប្បុរសធម៌ (CIMB Unity Run for Charity) ដោយ​ប្រមូល​បាន​ថវិកា​បរិច្ចាគ​សរុប​ជាង ៨,១០០០ ដុល្លារ​អាមេរិក ជូន​មន្ទីរពេទ្យកុមារអង្គរ ក្រោម​ការ​អញ្ជើញ​ចូលរួម​ជា​អធិបតី ដោយ​ឯកឧត្តម Shaharuddin Onn ឯក​អគ្គរាជទូតម៉ាឡេស៊ី ប្រចាំ​នៅកម្ពុជា លោក​​សាស្រ្តាចារ្យ​ ងួន ច័ន្ទភក្រ្តា ប្រធាន​អង្គការ​មន្ទីរពេទ្យកុមារអង្គរ លោក ប៊ុន យីន ប្រធាននាយក​​ប្រតិបត្តិ នៃ​ធនាគារ CIMB និង​ថ្នាក់ដឹកនាំក្រុមហ៊ុនដៃគូជាច្រើនទៀត។ កម្មវិធី​រត់រួមគ្នា ដើម្បី​សប្បុរសធម៌​នេះ ត្រូវ​បាន​​ធ្វើឡើង នៅ​ក្នុង​បុរីប៉េង ហួត បឹងស្នោ ដោយ​មាន​អ្នកចុះឈ្មោះចូលរួមរត់ជិត ១,៦០០ នាក់ លើ ប្រភេទ​ចម្ងាយផ្សេងគ្នា រួម​មានចម្ងាយ ៥គីឡូម៉ែត្រ ១០​គីឡូម៉ែត្រ និង ១៥​គីឡូម៉ែត្រ​។

 

ដើម្បី​ធានាថា ប្រាក់​បរិច្ចាគ​ទាំងអស់ត្រូវផ្តល់ជូនមន្ទីរពេទ្យកុមារអង្គរ ធនាគារ CIMB បាន​រ៉ាប់រង​ការ​ចំណាយ​ទាំងស្រុង លើ​ការ​រៀបចំព្រឹត្តិការណ៍រត់រួមគ្នា ដើម្បី​សប្បុរសធម៌​នេះ ឲ្យ​ប្រព្រឹត្ត​ទៅ​បាន​រលូន និង​បញ្ចប់​ទៅ​ដោយ​ជោគជ័យ ហើយ​ព្រម​ទាំង​ផ្តល់​ថវិកា​បរិច្ចាគ​មួយ​ភាគធំ​ចំនួន ១៥០​លាន​រៀល (ប្រហែល ៣៧៥០០ ដុល្លារអាមេរិក) ទៀត​ផង។ មិនតែប៉ុណ្ណោះ ធនាគារ​ក៏បាន​ផ្សព្វផ្សាយ និង​កៀងគរ​ថវិកា​បរិច្ចាគ​បន្ថែម​មួយ​ចំនួនទៀត ពី​ក្រុមហ៊ុនដៃគូចំនួន ១៣​ក្រុម​ហ៊ុន ដែល​ក្នុង​នោះ​ក្រុម​ហ៊ុន​ឧបត្ថម្ភ កម្រិត​មាស មាន​ចំនួន ៣ក្រុមហ៊ុន ដែល​បាន​បរិច្ចាគថ​វិកា​សរុប​ចំនួន​ ៥,០០០ ដុល្លារ​អាមេរិក និង​ក្រុមហ៊ុន​ឧបត្ថម្ភ កម្រិត​ប្រាក់ មាន​ចំនួន ១៣​ក្រុម​ហ៊ុន​ ដែល​បាន​បរិច្ចាគ​ថវិកាស​រុប​ចំនួន​ ១១,៥០០​ដុល្លារអាមេរិក។ ក្រៅ​ពីនេះ ប្រាក់​បរិច្ចាគ​មួយ​ផ្នែក​ទៀត​ គឺ​បាន​មក​ពីការ​លក់​សំបុត្រ ដល់​សាធារណៈជន ដែល​បាន​ចុះ​ឈ្មោះ​ចូល​រួមរត់សរុបចំនួន​ ៧១៨​នាក់ ដែល​បាន​បរិច្ចាគ​ថវិកា​សរុប​ចំនួន​ជាង​ ៧,៤០០ដុល្លារអាមេរិក និង​សប្បុរសជន​ចំនួន ២០​នាក់ ​ដែល​បាន​បរិច្ចាគ​ទឹកប្រាក់​សរុប​ចំនួន​ជាង ៣,៥០០ដុល្លារអាមេរិក និង​បាន​មក​ពី​បុគ្គលិក​ធនាគារ ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​ពួកគេ​ចំនួន​ ៦៣៤​នាក់ ដែល​បាន​បរិច្ចាគ​ថវិកាសរុបចំនួនជាង ​១៦,៦០០​ដុល្លារអាមេរិក​។ ជា​លទ្ធផល ថវិកា​បរិច្ចាគ​សរុប ដែល​ព្រឹត្តិការណ៍​រត់រួមគ្នា ដើម្បី​សប្បុរសធម៌ ប្រមូល​បាន​ មាន​ចំនួន​សរុប​រហូតដល់ជាង ៨១,០០០ ដុល្លារអាមេរិក ជូន​មន្ទី​រពេទ្យកុមារអង្គរ។   លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិ នៃ​ធនាគារ CIMB ក្នុង​ប្រទេសកម្ពុជា បាន​មាន​ប្រសាសន៍ ក្នុង​កម្មវិធី​នេះថា​៖ «កម្មវិធី​នេះ ប្រព្រឹត្តឡើង​ជា​លើក​ដំបូង ដើម្បី​អបអរសាទរ​នូវ​ខួប​លើក​ទី​១៥​ របស់​ធនាគារ​ CIMB ក៍​ដូចជា​ឱកាស​មួយ​ដ៏​​ល្អ​ប្រសើរ សម្រាប់​ការ​រត់​ក្នុង​សាមគ្គីភាព​ ជាមួយ​នឹង​មិត្តភក្ដិ​ក្រុម​ការងារ ក្រុម​គ្រួសារ​ និង​ម្ចាស់​ឧបត្ថម្ភ​ដ៏​សប្បុរស​របស់យើង ដើម្បី​មន្ទីរ​ពេទ្យ​កុមារ​អង្គរ។ ខ្ញុំ​សូម​ ថ្លែង​អំណរ​គុណ និង​ផ្តល់​នូវ​ការ​កោតសរសើរ យ៉ាង​ ស្មោះ​អស់​ ពី​ចិត្ត​ចំពោះក្រុមហ៊ុន​ឧបត្ថម្ភ​ ព្រម​ទាំង​សប្បុរស​ជន​ទាំង​អស់​ ដែល​បាន​ចំណាយ​ពេល​វេលា និង​ថវិកា​ ដើម្បី​ចូលរួម​រត់​នា​ព្រឹក​នេះ នៅ​ក្នុង​ស្មារតី​សាមគ្គី​ភាព និង​ប្រកប​ទៅ​ដោយ ទឹក​ចិត្ត​ដ៏​មាន​តម្លៃ នៅ​ក្នុងការ​ផ្តល់​ត្រឡប់ ទៅ​សង្គម​វិញ ជាមួយ​ នឹង​ធនាគារ​ CIMB របស់​យើង​ខ្ញុំ។ ទន្ទឹម​ ​នឹង​នេះ​​ខ្ញុំ​ក៏​មាន​ក្តី​សោមនស្ស​រីករាយ​ផង​ដែរ ដោយ​បាន​កត់​សម្គាល់ ពីការ​ចូលរួមយ៉ាងច្រើនកុះករ ពី​សំណាក់​បុគ្គលិកធនាគារ​ផ្ទាល់​ ព្រមទាំង​ក្រុម​គ្រួសារ​។ ថ្ងៃ​នេះ​​យើង​ទាំង​អស់គ្នា មិន​ត្រឹមតែ​ជួប​ជុំគ្នា​ដើម្បី​ការ​រត់​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​លើស​ពី​នេះ​ គឺ​យើង​រត់​ ដើម្បី​សុខ​ភាព​ និង​​ដើម្បី​គាំទ្រ​ទៅ​លើ​ប្រតិបត្តិការ​របស់​មន្ទីរពេទ្យ​កុមារអង្គរ​ តាម​រយៈ​ការ​រៃ​អង្គាស​ថវិកា​ពី​អ្នក​ចូលរួម​ទាំងអស់»។  

ថ្លែង​ក្នុង​ពិធីនេះ​ លោក​សាស្រ្តាចារ្យ ងួន ច័ន្ទភក្រ្តា ប្រធាន​អង្គការ​មន្ទីរ​ពេទ្យ​កុ​មារ​អង្គរ​ បាន​មាន​ប្រសាសន៍​ថា៖ «​ក្នុងនាម​ខ្ញុំ​តំណាង​ឲ្យ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ អ្នក​ជំងឺ​កុមារ​កម្ពុជា​ទាំ​ង​អស់​ ដែល​ទទួល​ការ​ព្យាបាល ក្នុង​មន្ទីរ​ពេទ្យ ពិត​ជា​មាន​សេច​ក្តី​រីករាយ​ចូលរួម​ថ្ងៃ​នេះ ហើយ​ក៏​សប្បាយ​រីករាយ ​ដែល​មាន​ការ​ចូលរួ​ម​បរិច្ចាគ ចូល​ដល់​មន្ទី​រ​ពេទ្យ​កុមារ​អង្គ​រ​ ដូច​ដែល​លោក​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ CIMB បាន​ប្រកាស ​គឺ​កម្មវិធី​ថ្ងៃ​នេះ ​គឺ​ជា​កម្មវិធី​មួយ​ដ៏​អស្ចារ្យ​ ដែល​មា​ន​ការ​ចូលរួម​ដ៏​ច្រើន​ និង​ប្រមូល​បាន​ថវិកា​ដ៏​ច្រើន​ ប្រមាណ​ជាង​៨​ម៉ឺន​ដុល្លារ​អាមេរិក។ នេះ​គឺ​ជា​ចំនួន​ដ៏​ច្រើន​ សម្រាប់​ការបរិច្ចាគ​ដល់​មន្ទីរ​ពេទ្យ​កុមារអង្គរ។ ក្នុង​ចំនួន​ថវិកា​ជាង​៨​ម៉ឺន​ដុល្លារ​អាមេរិក​នេះ​ គឺ​យើង​បាន​ជួយ​ដ​ល់​កុមារ​ប្រមាណ​២​ពាន់​នាក់​ នឹង​បាន​ជួយ​សង្គ្រោះ​ ក្នុង​ឆ្នាំ​២០២៥​នេះ​ គឺ​ពិត​ជា​មោទនភាព​មែន​ទែន​ ខ្ញុំមា​ន​ក្តី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃ​លែង​។ សូម​អរគុណ ហើយ​អរគុណ​មែនទែន​ សម្រាប់​ការ​ចូលរួម​របស់​បង​ប្អូន​ របស់​ក្រុម​ហ៊ុន​ឧបត្ថម្ភ និង​ធនាគារ CIMB ដើម្បី​កុមារ​កម្ពុជា មាន​សុខភាព​ល្អ ​ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ»។   ជា​មួយ​គ្នា​នេះ​ឯកឧត្តម Shaharuddin Onn ឯក​អគ្គរាជទូត​ម៉ាឡេស៊ី ប្រចាំ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ផងដែរ​ថា៖ «ខ្ញុំ​មាន​កិត្តិ​យស​ និង​ក្តី​សោមនស្សរីករាយក្រៃលែង ដែល​បាន​ចូល​រួម​ ក្នុង​ព្រឹត្តិការណ៍​រត់​រួម​គ្នា​ ដើម្បី​សប្បុរសធម៌ របស់​ធនាគារ CIMB នា​ពេល​នេះ ស្រប​ពេល​ដែល​ធនាគារ​អបអរសាទរ​ខួប​១៥ឆ្នាំ នៃ​ដំណើរ​ការ​អា​ជីវកម្ម ក្នុង​ប្រទេស​កម្ពុជា។ ព្រឹត្តិការណ៍​រត់​រួម​គ្នា ដើម្បី​សប្បុរសធម៌​នេះ​ គឺ​គំនិត​ផ្តួចផ្តើម​មួយ​ ក្នុង​ចំណោម​កម្មវិធី​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ធនាគារ​ ជា​ច្រើន​ឆ្នាំ​កន្លង​មក​ ដែល​ឆ្លុះ​បញ្ចាំង​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​របស់​ធនាគារ CIMB ក្នុង​ការ​ជួយ​ត្រឡប់​ដល់​ស​ហគមន៍​ ដែល​ខ្លួន​កំពុង​ប្រកប​អាជីវកម្ម គឺ​ប្រទេស​កម្ពុជា និង​ប្រជាជន​ក​ម្ពុជា។ សូម​អបអរសាទរ​ដល់​ធនាគារ​ CIMB ដែល​បាន​រៀបចំ​ព្រឹត្តិការណ៍​ដ៏​មានអត្ថន័យ​នេះ ដោយ​បាន​រួម​ចំណែក​ជួយ​គាំទ្រ​ ដល់​មន្ទី​រ​ពេទ្យ​កុមារ​អង្គរ នា​ពេល​នេះ»។  

ព្រឹត្តិការណ៍​រត់​រួម​គ្នា ដើម្បី​សប្បុរសធម៌​ ដែល​រៀប​ចំ និង​ដឹកនាំ​ដោយ​ធនាគារ CIMB នេះ បាន​ធានា​នូវ​ថវិកា​បរិច្ចាគ​ទាំងស្រុង​ ពី​ភាគី​នានា គឺ​បាន​ផ្តល់ជូន​មន្ទីរ​ពេទ្យ​កុមារអង្គរ​ ដោយ​មានការ​ប្រកាស​យ៉ាង​ឱឡារិក​ ក្នុង​ពេល​​ប្រារឰ​​​កម្មវិធី​ប្រគល់​ប្រាក់​បរិច្ចាគ​នោះ។ ក្នុង​នោះ​ក្រុម​ហ៊ុន​ឧបត្ថម្ភ​ទាំង​១៣​ ដែល​បាន​ចូលរួម​បរិច្ចាគ​ថវិកា ដល់​មន្ទីរ​ពេទ្យកុ​មារ​អង្គរ​ដែរ​នោះ ​គឺ​រួម​មាន​ក្រុមហ៊ុន​ឧបត្ថម្ភ​ កម្រិត​មាស ​ទាំង៣​ ដូចជា -ក្រុមហ៊ុន តេងឡាយ អាហរ័ណ នីហរ័ណ និង​ដឹក​ជញ្ជូន -ក្រុម​ហ៊ុនធានារ៉ាប់រង ហ្វតតេ​ អ៊ិន​សួរឹនស៍ -ក្រុមហ៊ុន ខូហ្វី ព្រមទាំងក្រុមហ៊ុនឧបត្ថម្ភ កម្រិត​ប្រាក់ ​ទាំង១៣​ទៀត ដូចជា -ក្រុមហ៊ុន យី ចរិយា ផ្គត់ផ្គង់​គ្រឿង​សំណង់ -បុរី អិល វីឡា -មន្ទីរ​ព្យាបាល​ធ្មេញបស្ចិម - ក្រុមហ៊ុន ខ្មែរ​រ៉ក -ក្រុមហ៊ុន ឡាក់​គី ស៊ីប អ៊ីមផត អិចផត -មន្ទីរ​ពេទ្យអន្តរជាតិ អរៀ​នដា -ក្រុមហ៊ុន មយូរា ថេក​ណឡជី ឯ.ក -ក្រុមហ៊ុន ដូមីណូភីហ្សា -វិទ្យាស្ថាន​អប់រំ​ភាសាអង់គ្លេស អ៊ី.អិល.ធី -សាលា​អន្តរជាតិ ប៊ើខឹលី -ផ្សារទំនើប អ៊ិចឆេងស្វ៊ែ -ក្រុមហ៊ុនទឹក​រ៉ែធម្មជាតិ កាយា និងក្រុមហ៊ុន KIA Cambodia។   ក្នុងរយៈពេល១៥​ឆ្នាំ នៃ​ប្រតិបត្តិការ​អាជីវកម្ម​របស់ខ្លួន ក្នុង​ប្រទេស​កម្ពុជា ​ធនាគារ ​CIMB​ បាន​ចូលរួម​សកម្មភាព​សប្បុរសធម៌​ជា​ច្រើន​ ដែល​សរុប​ជា​ទឹក​ប្រាក់​រហូត​ដល់​ជាង​ ៦៣០,០០០ ដុល្លារអាមេរិក ទៅ​លើវិស័យសំខាន់ៗ ដូច​ជា​វិស័យ​អប់រំ សុខាភិបាល សង្គមកិច្ច និង​បរិស្ថាន។ ក្នុង​ចំណោម​នោះ កម្មវិធី​សប្បុរសធម៌​គោល​ធំៗ​មួយ​ចំនួន​របស់​ធនាគារ​ CIMB មាន​ដូចជា​អាហា​រូបករណ៍​អាស៊ាន ចាប់​តាំង​ពី​ឆ្នាំ ២០១៦ និង​ការ​បង្កើត​គម្រោង​ឧទ្យានអង្គរ-ស៊ីអាយអ៊ិមប៊ី នៅ​ក្នុង​ឆ្នាំ​២០២៤ កន្លង​ទៅ​នេះ​ជា​ដើម។ ​ព្រឹត្តិការណ៍​រត់​រួមគ្នា ដើម្បី​សប្បុរសធម៌​នេះ គឺ​ជា​លើកទី​១ហើយ ដែល​ធនាគារ​ CIMB បាន​រៀបចំ​កម្មវិធីកីឡារត់ សម្រាប់​គោល​បំណង​សប្បុរសធម៌ ជាមួយ​នឹង​កញ្ចប់​ថវិកា​បរិច្ចាគរួម ក្នុង​ចំនួន​ច្រើនគួរ​ឲ្យ​កត់​សម្គាល់ រហូត​ដល់​ជាង​៨១,០០០ ដុល្លារអាមេរិក ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ។ ធនាគារ CIMB នឹង​បន្តកិច្ច​ការងារ​ជួយ​ត្រឡប់ ដល់​សង្គម​ជា​ច្រើន ​នា​ពេល​ខាង​មុខនេះ។​   អំពី​ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ធនាគារ ស៊ី​អាយ​អិម​ប៊ី ភីអិលស៊ី ជា​ផ្នែក​មួយនៃ​ស៊ី​អាយអិមប៊ី គ្រុប ដែល​បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​ នៅថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ២០១០ ដោយបានបើក​សាខា​ពាណិជ្ជ​ទី១ នៅ​ចំ​កណ្តាល​រាជធានីភ្នំពេញ។ បច្ចុប្បន្ន ធនាគារមា​ន​សាខា​ចំនួន ១៤កន្លែង នៅ​ក្នុងខេត្តរាជធានីសំខាន់ៗទាំង៥ រួមមាន​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ ខេត្ត​កំពង់ចាម និង​ខេត្តបាត់ដំបង។ ជាមួយ​នឹង​អតិថិជន​ទាំង​បុគ្គល​សរុប​ប្រមា​ណ ៣៥,០០០នាក់ ធនាគារ ស៊ីអាយអិមប៊ី មាន​ផ្តល់​ជូនសេវាកម្ម​ និង​ផលិតផល​ធនាគារ​ដ៏​ទូលំទូលាយ រួមមាន​សេវា​កម្ម​ហិរញ្ញវត្ថុ​បុគ្គល សេវា​កម្មហិរញ្ញ​ពាណិជ្ជកម្ម​ ព្រមទាំង​សេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវា​ប្រតិបត្តិការ និង​គ្រឹះ​ស្ថានហិរញ្ញវត្ថុផងដែរ។  

ស៊ីអាយអិមប៊ី គ្រុប គឺជាស្ថាប័ន​ហិរញ្ញវត្ថុដ៏ធំ​បំផុត​ទីពីរ​របស់ប្រទេសម៉ាឡេស៊ី និង​ជា​ធនាគារ​សាកល​នាំមុខគេ​មួយ​ក្នុង​តំបន់អាស៊ាន។ ធនាគារ​នេះ​មាន​ផ្តល់​ជូន សេវា​កម្ម ធនាគារពាណិជ្ជ ធនាគារ​វិនិ​យោគ ធនាគារ​ឥស្លាម ក៏​ដូចជា​ផលិតផល និង​សេវាកម្ម គ្រប់គ្រង ទ្រព្យសកម្ម និងធានា​រ៉ាប់រង។​ មាន​ទីស្នាក់ការ​កណ្តាល​នៅក្រុង​កូឡាឡាំពួរ ​បច្ចុប្បន្ន​នេះ ស៊ីអាយអិមប៊ី គ្រុប មាន​វត្តមាន នៅ​ប្រទេស​ទាំង ១០ ក្នុង​ចំណោមប្រទេសទាំង១០ ក្នុង​តំបន់អាស៊ាន (ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ កម្ពុជា ប្រ៊ុយណេ វៀតណាម ភូមា ឡាវ និងហ្វីលីពីន)។ ក្រៅ​ពីតំបន់អាស៊ាន ស៊ីអាយអិមប៊ី គ្រុប ក៏មានវត្តមាន​នៅប្រទេស​ចិន ហុងកុង ឥណ្ឌា ស្រីលង្កា កូរ៉េ សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស ។   ស៊ីអាយអិមប៊ី គ្រុប មានបណ្តាញសាខាធំ​ជាងគេនៅក្នុងតំបន់អាស៊ាន ជា​មួយ​សាខា​ជាង​ ៧៤០ កន្លែង គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ។ ធនាគារវិនិយោគ​របស់​ស៊ីអាយអិមប៊ី គ្រុប ក៏​ស្ថិត​ក្នុង ចំណោម​ធនាគារ​វិនិយោគ​ធំជាងគេ​បំ​ផុត​ក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិក ដែល​ផ្តល់​ការវិភាគ ទៅ​លើ​ផ្សារ​ភាគហ៊ុន របស់ ក្រុមហ៊ុន​ជាង ៦០០ ក្រុមហ៊ុន នៅ​ក្នុង​តំបន់។  

ស៊ីអាយអិមប៊ី គ្រុប ដំណើរការ​អាជីវកម្មតាមរយៈ​អង្គភាព​ចម្បងបី គឺ​ធនាគារ ស៊ីអាយអិមប៊ី (CIMB Bank) ធនាគារ វិនិយោគ ស៊ីអាយអិមប៊ី (CIMB Investment Bank) និង ធនាគារ ស៊ីអាយអិមប៊ី ឥស្លាម (CIMB Islamic)។ ស៊ីអាយអិមប៊ី គ្រុប មានភាគហ៊ុន ៩២,៥% នៅក្នុងធនាគារ ស៊ីអាយអិមប៊ី នៀហ្គា (Bank CIMB Niaga) នៅប្រទេសឥណ្ឌូនេស៊ី និង ៩៤,៨% នៅធនាគារ ស៊ីអាយអិមប៊ី ថៃ (CIMB Thai) នៅ​ក្នុង​ប្រទេសថៃ។   ស៊ីអាយអិមប៊ី គ្រុប ត្រូវ​បាន​ចុះបញ្ជី​ភាគហ៊ុន​នៅលើទីផ្សារមូលបត្រ ប៊ូរសា ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ីអាយអិមប៊ី គ្រុប ហូលឌីង ប៊ឺហាដ (CIMB Group Holding Berhad)។ ស៊ីអាយអិមប៊ី គ្រុប មានមូលធនទីផ្សារ នៅ​លើទី​ផ្សារ​មូលបត្រ ប្រហែលជា ៤៣,៥ ពាន់​លាន រីង​ហ្គីត​ម៉ាឡេស៊ី គិត​ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ ស៊ីអាយអិមប៊ី គ្រុប មាន​បុគ្គលិក សរុប​ជាង​ ៣៤.០០០​នាក់​ និង​មាន​អតិថិជន​សរុប​ប្រមាណ ១៦​លាន​នាក់។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ លោក ស្រេង ភារុណ ប្រធាន ទីផ្សារ និងទំនាក់ទំនង ទូរសព្ទ៖ +៨៥៥ (០) ៩២ ៩៥៧ ៤៥៥ ទូរសារ៖ +៨៥៥ (០) ២៣ ៩៨៨ ០៩៩ អ៊ីមែល៖ phearun.sreng@cimb.com.kh

Daro Ly

អត្ថបទថ្មី