AirAsia Cambodia បើក​ជើងហោះហើរ​ថ្មី ភ្នំពេញ-​​ហាណូយ ចាប់ពី​៩៩​ដុល្លារ​ប៉ុណ្ណោះ​!

  • 2025-01-25 06:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី​ថ្ងៃទី២៤​ ខែមករា ឆ្នាំ២០២៥​ AirAsia Cambodia បានបន្តពង្រីកជើងហោះហើររបស់ខ្លួន ជា​មួយ​នឹង​ជើងហោះហើរលើកដំបូងរវាងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា និងទីក្រុងហាណូយ ប្រទេស​វៀតណាម ដោយ​ចំណាយ​ត្រឹម​តែ​៩៩​ដុល្លារ​តែ​ប៉ុណ្ណោះ​។ ជើងហោះហើរថ្មីនេះ គឺជា​ព្រឹត្តិការណ៍​មួយ​ថ្មីផ្សេងទៀត ស្របពេល​ការ​​ប្រារព្ធ​​​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មីប្រពៃណីជាតិ នៅ​ប្រទេស​វៀតណាម​នឹង​ឈានចូលមក​ដល់នាប៉ុន្មាន​ថ្ងៃខាង​មុខ​នេះ​។​

ដើម្បី​អបអរសាទរការសម្ពោធជើងហោះហើរអន្តរជាតិថ្មីនេះ យើង​ខ្ញុំ​សូម​ប្រកាស​ផ្តល់ជូន​តម្លៃពិសេស​ចាប់ពី 99 USD តែប៉ុណ្ណោះ សម្រាប់​ជើង​ហោះហើរជារៀងរាល់ថ្ងៃចន្ទ - ពុធ និង សុក្រ។ ជើង​ហោះ​ហើរថ្មី​នេះ អាច​ទទួល​អ្នក​ដំណើរ​បាន​ប្រមាណ​ជាង ១,០០០​ នាក់ ក្នុងមួយ​សប្តាហ៍ ដែល​នឹងតភ្ជាប់រវាងទីក្រុងទាំង២ នេះ និងប្រើ​ប្រាស់​ជាមធ្យោបាយ​ក្នុងការ​ស្វែងរក​បទ​ពិសោធ​ថ្មីៗ នៃ​វិស័យ ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្មផងដែរ។

ទន្ទឹម​នឹងការសម្ពោធជើងហោះហើរថ្មីនេះ អ្នកដំណើរទាំងអស់ត្រូវបានចេញដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅវេលា​ម៉ោង ១០:០០​នា​ទីព្រឹក (ម៉ោងនៅកម្ពុជា) ដែល​ជើង​ហោះហើរ​ដំបូងនេះត្រូវបានទទួលការស្វាគមន៍ និង ជូនដំណើរយ៉ាងពិសេសពីសំណាក់ លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃ AirAsia Cambodia ដោយមានការចែកជូន “ក្រមា” ដែល​ត្រូវ​បានស្គាល់ថាជាមរតកវប្បធម៌ជាតិអរូបីរបស់ប្រទេសកម្ពុជា សម្រាប់​ជាវត្ថុអនុស្សាវរីយ៌​ក្នុងឱកាស​ដ៏​វិសេសវិសាលមួយនេះ ។

ការផ្តល់ជូនដ៏ពិសេសមួយនេះមិនទាន់បញ្ចប់នោះទេ! ដើម្បីអបអរសាទរនាឱកាសបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​នៃប្រទេសវៀតណាម រាល់អ្នកដំណើរទាំងអស់ក៏ទទួលបាន អាំងប៉ាវ​ក្រហម​នាំ​សំណាង ដែល​អាំងប៉ាវនីមួយៗមានរង្វាន់ដ៏មានអត្ថន័យ ធ្វើឱ្យអ្នកដំណើរទាំងអស់ ទទួលបាន អនុស្សាវរីយ៌ និង​ការចង​ចាំនាឱកាសនេះ ។

ជាមួយគ្នានេះផងដែរ មន្រ្តីអាកាសយានដ្ឋាន និងថ្នាក់ដឹកនាំ ក៏បានចូលរួម​ប្រារព្ធពិធី​អបអរសាទរ​​ជើងហោះហើរត្រឡប់មកវិញផងដែរ ដែលបានហោះហើរចេញពីទីក្រុងហាណូយ នៅម៉ោង ១២:៣០​ នាទីថ្ងៃ​ត្រង់ (ម៉ោងនៅវៀតណាម) ដើម្បីជូនដំណើរភ្ញៀវជាតិ និងអន្តរជាតិ ចាកចេញ​ពីទឹក​ដីពោរពេញដោយវប្បធម៌អច្ឆរិយ “Land Of Blue Dragon”។

លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន AirAsia Cambodia បានមានប្រសាសន៍ថា “យើង​មានសេចក្តីសោមនស្សរីករាយក្នុងការអបអរសាទរ នៃការ​បើកសម្ពោធ​ជើងហោះហើរថ្មី​នេះ​សម្រាប់​ក្រុមហ៊ុន AirAsia Cambodia តាម​រយៈការតភ្ជាប់នៃទីក្រុងភ្នំពេញ និងទីក្រុងហាណូយ ជា​ពិសេស​ដើម្បី​ជាការ​អបអរសាទរឱកាស​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នៃប្រទេសវៀត​ណាម​នេះ​ផង​។ ជើង​ហោះ​ហើរថ្មីនេះ​នឹងផ្តល់នូវជម្រើស​នៃការធ្វើដំណើរ​ត្រង់ជាមួយ​តម្លៃដ៏សមរម្យរវាង​ទីក្រុង​ដ៏អស្ចារ្យ​ទាំងពីរ​នេះ ការផ្លាស់ប្តូរវប្បធម៌ នឹងនាំមកនូវការជំរុញផ្នែកទេសចរណ៍ថែមទៀតផងដែរ។ ការ​ទទួលបានចំនួនអ្នកដំណើរពេញសម្រាប់ជើងហោះហើរដំបូងនេះ បានបង្ហាញពីផលវិជ្ជមាន​ និង​សក្ដានុពល​យ៉ាងខ្លាំង សម្រាប់គោលដៅទាំងពីរ”។

លោកប្រធាននាយកប្រតិបត្តិ ក៏បានមានប្រសាសន៍បន្ថែមទៀតថា “ ជាមួយ​នឹងការបើកសម្ពោធ​ដំណើរ​ការ​ជើង​ហោះហើរមួយនេះ យើងខ្ញុំមានទំនុកចិត្ត​ក្នុងការតភ្ជាប់អ្នកដំណើរ​ពីជុំវិញពិភព​លោក​មក​កាន់ ប្រទេស​កម្ពុជា និង​វៀតណាម តាមរយៈ​បណ្តាញ​ដ៏ធំទូលាយរបស់ក្រុមហ៊ុន AirAsia Group ជាង១៣០​ គោលដៅ” ។ គិតចាប់ពីក្រុមហ៊ុនអាកាសចរណ៍យើងខ្ញុំ បាន​បើកដំណើរការ​ជើងហោះហើរ​ចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនា ខែឧសភា ឆ្នាំ ២០២៤​ កន្លងមកនេះ ដោយ​​រួមមាន ជើង​ហោះហើរក្នុងស្រុកឆ្ពោះទៅកាន់ ខេត្តសៀមរាប និង​ជើងហោះហើរ​អន្តរជាតិ​ឆ្ពោះទៅកាន់ទី​ក្រុងសំខាន់ៗ ដូចជា កូឡាឡាំពួរ សិង្ហបុរី រហូតដល់ពេលបច្ចុប្បន្ននេះ យើងខ្ញុំ​​បាន​ពង្រីក​ជើងហោះហើរថ្មីបន្ថែមទៀតទៅកាន់ ទីក្រុងហូជីមិញ - ហាណូយ នៃប្រទេសវៀតណាម។

ដូច្នេះ មកដល់ពេលបច្ចុប្បន្ន សរុបជើងហោះហើរទាំងអស់ យើងខ្ញុំ​មានមោទនភាព​សូម​ជម្រាបជូន​ថា AirAsia Cambodia បាន​ដឹកជញ្ជូនអ្នកដំណើរទៅ-មកជាង ១០,០០០​ នាក់ ក្នុងមួយសប្តាហ៍ ដែល​បាន​ចេញដំណើរទៅ-មក ពីព្រះរាជាណាចក្រកម្ពុជា។ AirAsia Cambodia បាន​ចូលរួម​ចំណែក​ក្នុងការជំរុញកំណើនទេសចរណ៍ និងសេដ្ឋកិច្ច ជាមួយ​នឹងផែនការ​ពង្រីកជើង​ហោះហើរឆ្ពោះ​ទៅកាន់​គោលដៅជាច្រើនទៀត នាពេលអនាគត។

កាល​វិភាគជើងហោះហើររវាង ទីក្រុងភ្នំពេញ (PNH) និង ទីក្រុងហាណូយ (HAN)៖

គោល​ដៅ​ហោះហើរ លេខសម្គាល់ ម៉ោង​ចេញ​ដំណើរ ម៉ោង​ទៅ​ដល់ ចំនួន​ជើង​ហោះហើរ ភ្នំពេញ - ហាណូយ KT 620 10:00 12:00 ​​​​​​​​​​​​​​ ចន្ទ, ពុធ, សុក្រ ហាណូយ - ភ្នំពេញ KT 621 12:30 14:30 ចន្ទ, ពុធ, សុក្រ

សូមបញ្ជាក់ ៖ ម៉ោង​ចេញដំណើរ និង​ម៉ោងទៅដល់គឺគិតជាទម្រង់ 24 ម៉ោង (ម៉ោង​ក្នុងស្រុក) ។

*តម្លៃដែលដាក់​លក់រួមបញ្ចូលទាំងតម្លៃមូលដ្ឋាន ពន្ធ និងថ្លៃសេវាផ្សេងៗ។ លក្ខខណ្ឌ​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត៕

Daro Ly