កំណើនសត្វស្វាពីស្លូតទៅកាច នៅតំបន់រមណីយដ្ឋានអង្គរ ព្រោះក្រុមអ្នកផលិតមាតិកាមួយក្រុមតូច

  • 2025-02-13 04:50:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលថ្មីៗនេះ ចំនួនសត្វស្វានៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានការកើនឡើងគួរឱ្យកត់សម្គាល់។ បច្ចុប្បន្ន តាម រយៈការផ្តល់ចំណីជាប្រចាំ របស់ក្រុមបុគ្គលមួយចំនួនតូច ក្នុងគោលបំណងផលិតមាតិកាជាប្រយោជន៍ផ្ទាល់ខ្លួន បានផ្លាស់ប្តូរនូវទម្លាប់រស់នៅបែបធម្មជាតិរបស់សត្វស្វា ពីសត្វព្រៃ ទៅជាសត្វស្រុក ដែលមានចរិតកាច ចេះដណ្ដើមចំណី និងឈានរហូតដល់ការបង្កជារបួសស្នាមទៅលើមនុស្សជាដើម។

នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។

ចំពោះបញ្ហានេះ កន្លងមកទាំងអាជ្ញាធរជាតិអប្សរា និងស្ថាប័នពាក់ព័ន្ធ បានចេញជាសេចក្តីប្រកាសព័ត៌មានអំពីបញ្ហានេះ អមដោយការអំពាវនាវជាសាធារណៈ ស្នើសាធារណជនទាំងអស់ មេត្តានៅឱ្យឆ្ងាយពីសត្វស្វា បញ្ឈប់ការផ្តល់ចំណី ចៀសវាងប៉ះពាល់ ឬលេងជាមួយសត្វស្វា ជាដើម។ល។

ក្នុងគោលដៅដើម្បីស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងករណីខាងលើនេះ អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហការជិតស្និទ្ធជាមួយស្ថាប័នជំនាញនានារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចជា រដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាបជាដើម បានប្រជុំពិភាក្សាគ្នាជាបន្តបន្ទាប់ ឈានទៅរកការអនុវត្តវិធានការចាំបាច់នានា នាពេលខាងមុខ និងដើម្បីស្វែងរកដំណោះស្រាយសមរម្យ ក្នុងការបញ្ចៀសនូវបញ្ហាផ្សេងៗក្នុងឧទ្យានអង្គរ ដែលបង្កឡើងដោយសត្វស្វា។

ជាថ្មីម្តងទៀត អាជ្ញាធរជាតិអប្សរា សូមស្នើសាធារណជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ មគ្គុទ្ទេសក៍ ទេសចរណ៍ និងប្រតិបត្តិករវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបទាំងអស់ មេត្តាជួយផ្សព្វផ្សាយនូវខ្លឹមសារនេះ ក៏ដូចជាណែនាំ និងបញ្ឈប់នូវសកម្មភាពណាមួយដែលអាចនាំមកនូវបញ្ហាបង្កឡើងដោយសត្វស្វាជាយថាហេតុ។

ប្រភព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទ៖ កុសល