ដកចេញមួយរយៈ ពេលនេះ TikTok ដាក់ចូលវិញហើយ ក្នុង App Store និង Play Store នៅអាមេរិក

  • 2025-02-14 07:05:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

TikTok ពេលនេះ មានវត្តមាននៅលើ App Store របស់ Apple និង Google Play Store នៅសហរដ្ឋអាមេរិកវិញហើយ។ កាលពីខែមករា ឆ្នាំ ២០២៥ TikTok ត្រូវបានដកចេញពី App Store ដោយសារគេបារម្ភអំពីម្ចាស់របស់ TikTok ជាក្រុមហ៊ុនចិន ហើយខ្លាចថាកម្មវិធីនេះអាចប៉ះពាល់ដល់សន្តិសុខជាតិរបស់អាមេរិក។

TikTok វិលមកវិញបាន ព្រោះរដ្ឋបាលរបស់លោក Trump ធានាថា Apple និង Google នឹងមិនមានបញ្ហាផ្លូវច្បាប់ទេ បើពួកគេអនុញ្ញាតឲ្យ TikTok មាននៅលើ App Store របស់ពួកគេ។ កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៥ TikTok ត្រូវបានដកចេញ ព្រោះក្រុមហ៊ុននេះ សម្រេចចិត្តផ្អាកសកម្មភាពនៅអាមេរិកមួយរយៈសិន ដោយសារច្បាប់មួយដែលតម្រូវឲ្យម្ចាស់ TikTok (ក្រុមហ៊ុន ByteDance របស់ចិន) លក់អាជីវកម្មនៅអាមេរិក មុនថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៥។ បើមិនលក់ទេ TikTok នឹងត្រូវហាមឃាត់នៅអាមេរិក។

អតីតប្រធានាធិបតីអាមេរិក លោក Biden បានចុះហត្ថលេខាលើច្បាប់នេះ កាលពីខែមេសា ឆ្នាំ ២០២៤ កន្លងទៅ។ ប៉ុន្តែ នៅពេលលោក Trump ជាប់ឆ្នោតក្លាយជាប្រធានាធិបតី លោក បានធ្វើរឿងមួយដែលជួយ TikTok។ លោកបានចុះហត្ថលេខាលើបញ្ជាមួយ ដែលការពារក្រុមហ៊ុនដូចជា Apple និង Google ពីការទទួលខុសត្រូវ បើពួកគេមាន TikTok នៅលើ App Store របស់ខ្លួន។

Apple និង Google ប្រយ័ត្នណាស់ ហើយរង់ចាំរហូតដល់ពួកគេប្រាកដថា អាចដាក់ TikTok ត្រឡប់មកវិញបាន។ កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅ ពួកគេបានទទួលលិខិតពី មេធាវី Pam Bondi ថា រដ្ឋបាលរបស់លោក Trump នឹងមិនប្តឹងពួកគេទេ ចំពោះការគាំទ្រ TikTok។ នេះបានធ្វើឲ្យពួកគេមានអារម្មណ៍ថា អាចដាក់ TikTok មកវិញបានដោយសុវត្ថិភាព៕

ប្រភព៖ Techcrunch   អត្ថបទ ៖ គីម ណារ៉ាក់

អត្ថបទថ្មី