វត្ដមានហ្វូងមូសអង្កាមនៅតំបន់ខ្លះ ក្នុងរាជធានីភ្នំពេញមិនទាន់ស្ងាត់ មន្ដ្រីសុខាភិបាលប្រកាសបន្ដបាញ់ថ្នាំកម្ចាត់
- 2025-02-14 08:00:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វត្ដមានហ្វូងមូសអង្កាមនៅតំបន់ខ្លះ ក្នុងរាជធានីភ្នំពេញមិនទាន់ស្ងាត់ មន្ដ្រីសុខាភិបាលប្រកាសបន្ដបាញ់ថ្នាំកម្ចាត់
ចន្លោះមិនឃើញ
អ្នកភូមិមួយចំនួន រស់នៅខណ្ឌសែនសុខ អះអាងថាតំបន់ខ្លះក្នុងរាជធានីភ្នំពេញ មិនទាន់បាត់វត្ដមានហ្វូងមូសអង្កាមដោយមានលាយឡំជាមួយមូសខ្លាដែលភ្នាក់ងារចម្លងជំងឺគ្រុនឈាមនៅឡើយទេ។ បញ្ហានេះបានធ្វើឲ្យពួកគាត់នៅបារម្ភពីសុវត្ថិភាពរបស់កូនៗពួកគាត់ ជាពិសេសហ្វូងមូសចេញច្រើននៅពេលល្ងាច ស្របពេលដែលក្មេងៗនាំគ្នាចេញលេងក្រៅផ្ទះ និងសាលារៀនច្រើនដែរ។
អ្នកស្រី ជា ស្រីណា រស់នៅបន្ទប់ជួល ក្នុងសង្កាត់ភ្នំពេញថ្មី បានប្រាប់ Sabay នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ថា កូនស្រីច្បងរបស់គាត់ម្នាក់កំពុងគ្រុនក្ដៅ ហើយបារម្ភថាអាចនឹងគ្រុនឈាម។ ក្រោយពីផ្សំថ្នាំលេប១ថ្ងៃ បានត្រជាក់ខ្លួនបន្ដិចវិញហើយ តែបើអស់អំណាចថ្នាំនៅក្ដៅឡើងវិញ អ្នកស្រីនឹងបញ្ជូនកូនស្រីទៅពិនិត្យឈាមហើយក្រែងកើងជំងឺគ្រុនឈាម។
បើទោះបីជាកូនស្រីគាត់ចេញលទ្ធផលឈាមថាកើតជំងឺគ្រុនឈាម ឬអត់នោះ អ្នកស្រីនៅតែនឹកភ្នក និងព្រួយបារម្ភតែទៅលើបញ្ហាមូសនេះឯង។ ព្រោះគិតមកថ្ងៃពេលនេះហ្វូងមូសនៅតែបន្ដមានច្រើន បើទោះបីជាអ្នកស្រីបានឃើញប៉ុន្មានថ្ងៃមុន មានភ្នាក់ងារសុខាភិបាលមកបាញ់ថ្នាំមូសក្បែរបន្ទប់ជួលគាត់ក្ដី។
ជុំវិញបញ្ហានេះប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក ងី មានហេង បានបញ្ជាក់ថា អាជ្ញាធរគ្រប់ថ្នាក់ មន្ដ្រីសុខាភិបាល រហូតដល់អាជ្ញាធរភូមិ-សង្កាត់ បានសស្រាក់ស្រស្រាំរួមគ្នាកម្ចាត់មូស តាមរយៈការបាញ់ថ្នាំ បំបាត់ជម្រកមូស និងវិធានការមួយចំនួនទៀត ដើម្បីបង្ការសុវត្ថិភាពពីជំងឺ និងផលរំខានផ្សេងៗ។ ប៉ុន្ដែលោកបញ្ជាក់ថា ហ្វូងមូលដែលមានក្នុងមូលដ្ឋានកាលពីពេលថ្មីៗនេះ គឺជាប្រភេទមូសអង្កាម មិនមែនជាភ្នាក់ងារចម្លងរោគនោះទេ។
លោក ងី មានហេង៖ “បើទោះបីជាប្រភេទមូសនេះ មិនមែនជាភ្នាក់ងារចម្លងរោគ តែយើងបានគិតគូពីផលរំខាន និងសុខទុក្ខរបស់ពលរដ្ឋក្នុងមូលដ្ឋានយើងណាស់! ឥឡូវនេះ ខ្ញុំមិនហាននិយាយថាអស់មូសទាំងស្រុងទេ ប៉ុន្ដែមន្ដ្រីយើងបានខ្នះខ្នែងណាស់ បានធ្វើរួមគ្នានៅទូទាំង ១០៥សង្កាត់ ហើយឆាប់ៗនេះ យើងនឹងចេញធ្វើសកម្មភាពកម្ចាត់មូសព្រមៗគ្នាម្ដងទៀត ដែលដឹកនាំដោយអាជ្ញាធរខណ្ឌនីមួយៗ”។
បើតាមប្រធានមន្ទីរសុខាភិបាលរូបនេះ អាជ្ញាធរខណ្ឌទាំង ១៤ បានសហការជាមួយសង្កាត់ និងភូមិទាំងអស់ ចាប់ផ្ដើមបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសតាំងពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ រហូតបានគ្រប់ភូមិទាំងអស់ហើយ ក្រោយពីទទួលបានការណែនាំរបស់អភិបាលរាជធានីភ្នំពេញ។
វិធានការនេះ នឹងបន្ដធ្វើរហូតលែងមានវត្តមានហ្វូងមូសដែលបង្ករជាការរំខាន និងក្ដីបារម្ភចំពោះពលរដ្ឋក្នុងមូលដ្ឋាន ប៉ុន្ដែការលុបបំបាត់នេះក៏ត្រូវមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋដែរ ដោយលោកចាត់ទុកថា វិធានការណែនាំរបស់ក្រសួងសុខាភិបាល គឺល្អបំផុតសម្រាប់បងប្អូនអនុវត្ដចូលរួមការពារខ្លួន និងបំបាត់ជម្រកមូស។
ទាក់ទងនឹងបញ្ហាវត្ដមានហ្វូងមូសអង្កាម មានលាយដោយមូសខ្លាខ្លះដែលជាភ្នាក់ងារចម្លងមេរោគគុ្រនឈាមនេះដែរ ក្រសួងសុខាភិបាល បានចេញសេចក្ដីក្រើនរំលឹកចំនួន ៥ចំណុច ដើម្បីប្រុងប្រយ័ត្ន និងបង្ការការចម្លងជំងឺគ្រុនឈាម នាដើមឆ្នាំ២០២៥៖
វិធានការទី១ ៖ ម្ចាស់ផ្ទះ ឬម្ចាស់អាជីវកម្មនានាត្រូវធានាឱ្យបានថា ប្រព័ន្ធលូបង្ហូរទឹកមិនមានការស្ទះ ដែលអាចបង្កឱ្យមានទឹកដក់ ដែលអំណោយផលក្នុងការកកើតមូស។ ប្រសិនបើប្រព័ន្ធលូសាធារណៈ មានការកក ស្ទះ ត្រូវមានវិធានការជាបន្ទាន់ ឬរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានរបស់ខ្លួន។
វិធានការទី២ ៖ អាណាព្យាបាល មាតាបិតា កុមារា កុមារី គ្រប់រូប រួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសកម្ម ចូលរួម កម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ ដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើងតុទូ ក្រឡ ធុង ខាប់ ជាដើម ដោយការផ្លាស់ប្ដូរទឹក និងលាងសម្អាតជាប្រចាំឱ្យបានយ៉ាងតិចមួយដង ក្នុងមួយអាទិត្យ ឬត្រូវគ្របគម្រប ឱ្យបានជិតល្អ និងត្រូវសហការជាមួយបណ្តាញសុខាភិបាលនៅតាមមូលដ្ឋាន ដើម្បីដាក់ថ្នាំបាណកឃាដសម្លាប់ ដង្កូវទឹក នៅក្នុងអាងទឹក ពាងទឹក កន្លែងដែលស្តុកទឹក ឬចិញ្ចឹមកូនត្រីប្រាំពីរពណ៌ នៅកន្លែងដែលអាចចិញ្ចឹមបាន។
វិធានការទី៣ ៖ ម្ចាស់ការដ្ឋានសំណង់ រួមទាំងកម្មករ និងកម្មការនីទាំងអស់ ដែលកំពុងបំពេញ ការងារនៅតាមការដ្ឋានសំណង់ទាំងអស់ ត្រូវធ្វើអនាម័យបរិស្ថានឱ្យបានស្អាត នៅក្នុងបរិវេណការដ្ឋានសំណង់ របស់ខ្លួន ជាពិសេសត្រូវលុបបំបាត់វត្ថុដក់ទឹក និងថ្លុកដក់ទឹក ដោយរៀបចំទុកដាក់សម្ភារៈសំណង់ដែលអាចដក់ទឹក នៅក្នុងទីកន្លែងដែលមានដំបូលត្រឹមត្រូវ ដើម្បីកុំឱ្យដក់ទឹក។
វិធានការទី៤ ៖ ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ទុកដាក់សំរាមឱ្យបាន ត្រឹមត្រូវ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រកសត្វមូសមកតោងជ្រកជុំជិតខ្លួនយើង ដែលអាច ងាយនឹងខាំយើង។
វិធានការទី៥ ៖ ករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញ៉ាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និង ព្យាបាលរបស់រដ្ឋ (សេវាសាធារណៈ) ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលនៅជិតបំផុតជាបន្ទាន់ (មិនឱ្យ យឺតជាង៤៨ម៉ោង បន្ទាប់ពីក្តៅខ្លួន) ។ សូមកុំសាកល្បងព្យាបាលអ្នកជំងឺគ្រុនក្ដៅភ្លាមៗនេះដោយខ្លួនឯង ឬពន្យាពេលតាមដានព្យាបាលជំងឺនៅសេវាឯកជនដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈាមឱ្យសោះ៕