វ៉ាន់ បូរ៉ា ប្រកាសចេញថតកម្មវិធី “សំណើច ២ជំនាន់”រដូវកាលទី២ ដោយបង្ហាញវត្ដមានតួអង្គល្បីៗ
- 2025-03-03 09:54:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វ៉ាន់ បូរ៉ា ប្រកាសចេញថតកម្មវិធី “សំណើច ២ជំនាន់”រដូវកាលទី២ ដោយបង្ហាញវត្ដមានតួអង្គល្បីៗ
ចន្លោះមិនឃើញ
ឈរលើភាពលេចធ្លោរក្នុងចំណោមកម្មវិធីកម្សាន្ដល្បីៗនៅកម្ពុជា ផលិតកម្ម “Yes Film” បានទាញយកបេះដួងមហាជនរាប់លាននាក់ ដោយក្នុង ១រឿងមានអ្នកចូលទស្សនាយ៉ាងតិចបំផុត ៥០០០ ដង ហើយវីដេអូខ្លះបានលោតដល់រាប់លានដង ជាមួយនឹងការខមិនកោតសរសើរនូវទឹកដៃនិពន្ធ និងការសម្ដែងរបស់តួអង្គម្នាក់ៗ។
តាមរយៈ Sabay នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នេះ លោក វ៉ាន់ បូរ៉ា ដែលអ្នកដឹកនាំផលិតកម្ម “Yes film” បានបង្ហើបថា កម្មវិធី “សំណើច ២ជំនាន់” នឹងបើកកាណុងកាម៉េរាថតចាប់ពីខែមីនា ឆ្នាំ២០២៥ តទៅ ហើយគ្រោងចាក់បញ្ចាំង និងបង្ហោះនៅលើបណ្ដាញសង្គមចាប់ពីខែមេសា ឆ្នាំ២០២៥ តទៅ ដើម្បីជាកាដូជូនប្រជាពលរដ្ឋខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរផង និងចង់បង្ហាញពីស្នាដៃថ្មីៗរបស់លោកផង។
បើតាមផលិតករវ័យក្មេង វ៉ាន់ បូរ៉ា “សំណើច ២ជំនាន់” រដូវកាលទី២ នឹងបន្ដសម្ដែងដោយតារាកំប្លែងជើងចាស់លោក ជួង ជី ហៅនាយកុយ នាយឃ្លោក នាយក្រូច ស្រីអ៊ីត និងនាយសាម៉ាន ព្រមទាំងមានតួសម្ដែងជំនាន់ថ្មីដែលមានទេពកោសល្យសំដែងប្រកបដោយក្រមសីលធម៌ជាច្រើនដួងទៀត។ មិនទាន់កំណត់ចំនួនរឿងដែលត្រូវថតក្នុងរដូវកាលទី២ ប៉ុន្ដែលោកមានគម្រោងថតឲ្យបានលើស ៣០រឿងដែលធ្លាប់ថតបានកាលពីរដូវកាលទី១ ក្នុងចន្លោះខែកុម្ភៈ ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ។
ប្រឡូកក្នុងអាជីពនិពន្ធ និងដឹកនាំសម្ដែងប្រមាណ ៥ឆ្នាំ លោក វ៉ាន់ បូរ៉ា បញ្ជាក់ថា កម្មវិធីមួយអាចដំណើរការទៅបានក៏អាស្រ័យលើអ្នកឧបត្ថម្ភកម្មវិធីដែរ ហើយសម្រាប់កម្មវិធី “សំណើច ២ជំនាន់” រដូវកាលទី២ ក៏ពឹងលើដៃគូសហការដែរ។ រហូតមកដល់ពេលនេះ មិនទាន់មានម្ចាស់ឧបត្ថម្ភធំណាមួយបានចុះកុងត្រាជាមួយផលិតកម្មនៅឡើយទេ ប៉ុន្ដែលោកជឿថាតាមរយៈការបង្ហើបដំណើរការផលិតកម្មវិធីដែលធ្លាប់ទទួលបានការគាំទ្រច្រើនពីមហាជននៅពេលនេះ អាចនឹងមានដៃគូសហការ ឬម្ចាស់ឧបត្ថម្ភធំដែលធ្លាប់ទាក់ទងមកលោកនឹងចូលរួមសហការ។
សូមបញ្ជាក់ថា កម្មវិធីកម្សាន្ដបង្កប់ដោយការអប់រំ និងសំណើចស្ទើរគ្រប់ម៉ាត់ នៃតួអង្គម្នាក់ៗ បានបង្ហោះនៅលើបណ្ដាញសង្គម Facebook YES Film, YES Film TV, និង YES Creator ព្រមទាំងផ្សាយក្នុង Channel Youtube YES Film, YES Creator និងគណនី TikTok YES Creator៕