bZ3X ឡានថ្មី របស់ Toyota តម្លៃថោកខ្លាំង បើកលក់មិនដល់ ១ម៉ោងផង មានអ្នកកម្ម៉ង់ទិញ ១មុឺនគ្រឿង!

  • 2025-03-10 09:12:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនតូយ៉ូតា (Toyota) បានធ្វើឱ្យទីផ្សាររថយន្តអគ្គិសនីនៅប្រទេសចិន ភ្ញាក់ផ្អើលជាមួយនឹងការបើកសម្ពោធរថយន្ត bZ3X ដែលជាម៉ូដែល SUV ថោកបំផុតរបស់ខ្លួន ក្នុងតម្លៃចាប់ពី ប្រមាណ ១៥,១៥០ ដុល្លារអាមេរិក។ តើអ្វីជាមូលហេតុធ្វើឱ្យរថយន្តនេះមានតម្លៃទាបខ្លាំង និងសម្ភារៈអ្វីខ្លះដែលតូយ៉ូតាបានប្រើដើម្បីផលិតវា?

កត្តាដែលធ្វើឱ្យ bZ3X មានតម្លៃថោក

តម្លៃទាបរបស់ bZ3X គឺបណ្តាលមកពីការសហការជាមួយ GAC និងការប្រើប្រាស់គ្រឿងបន្លាស់ពីអ្នកផ្គត់ផ្គង់ក្នុងស្រុកចំនួន ១០៦ ក្រុមហ៊ុន ដែលស្មើនឹង ៦៥% នៃគ្រឿងបន្លាស់សរុប។ នេះជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងថ្លៃផលិត ព្រមទាំងទទួលបានអត្ថប្រយោជន៍ពីខ្សែច្រវាក់ផ្គត់ផ្គង់ដ៏រឹងមាំរបស់ចិន។ លើសពីនេះ តូយ៉ូតា បានជ្រើសរើសថ្ម LFP (Lithium Iron Phosphate) ទំហំ ៥០,០៣ គីឡូវ៉ាត់ម៉ោង និង ៦៧,៩២ គីឡូវ៉ាត់ម៉ោង ដែលផលិតដោយក្រុមហ៊ុន BYD។ ថ្មប្រភេទនេះមានតម្លៃថោកជាងថ្ម Lithium-ion ប៉ុន្តែនៅតែផ្តល់រយៈចម្ងាយធ្វើដំណើរបានចន្លោះពី ៤៣០ គីឡូម៉ែត្រ ទៅ ៦១០ គីឡូម៉ែត្រ (CLTC)។

ការប្រើប្រាស់បច្ចេកវិទ្យាម៉ូទ័រអគ្គិសនីតែមួយ ជាមួយថាមពល ១៥០ គីឡូវ៉ាត់ ឬ ១៦៥ គីឡូវ៉ាត់ ក៏ជួយកាត់បន្ថយថ្លៃដើមបើធៀបនឹងប្រព័ន្ធម៉ូទ័រពីរ ដែលមាននៅក្នុងម៉ូដែល bZ4X។ ម៉ូដែល bZ3X ក៏ត្រូវបានរចនាឡើងជាពិសេសសម្រាប់ទីផ្សារចិន ដោយផ្តោតលើតម្រូវការជាមូលដ្ឋាន និងការប្រើប្រាស់បច្ចេកវិទ្យាដែលមានតម្លៃសមរម្យ ដូចជាប្រព័ន្ធបើកបរឆ្លាតវៃ Momenta 5.0 ដែលប្រើបន្ទះឈីប Nvidia Orin X និងឧបករណ៍ចាប់សញ្ញាចំនួន ២៧ ដែលផលិតក្នុងស្រុក។

សម្ភារៈដែលប្រើក្នុងការផលិត

តូយ៉ូតា បានប្រើសម្ភារៈសាមញ្ញ និងសន្សំសំចៃដើម្បីផលិត bZ3X ដោយផ្តោតលើតម្រូវការប្រើប្រាស់ ជាក់ស្តែងជាជាងភាពប្រណីត។ ផ្នែកខាងក្នុងត្រូវបានតុបតែងដោយសម្ភារៈកែច្នៃដូចជា PET (ប្លាស្ទិកកែច្នៃ) និងស្បែកសប្បនិម្មិត ដែលមានតម្លៃទាបជាងស្បែកពិត ប៉ុន្តែនៅតែផ្តល់ភាពស្រណុកសុខស្រួល។ កម្រាលក្រាល និងគ្រឿងតុបតែងផ្សេងទៀតក៏ប្រើវត្ថុធាតុដើមកែច្នៃដែលប្រើឡើងវិញ ដើម្បីកាត់បន្ថយថ្លៃដើមផលិត។

សម្រាប់ផ្នែកខាងក្រៅ តូយ៉ូតាបានប្រើដែកថែបធម្មតា និងអាលុយមីញ៉ូមស្រាល ដែលជួយកាត់បន្ថយទម្ងន់ និងបង្កើនប្រសិទ្ធភាពថាមពល ដោយមិនបន្ថែមថ្លៃដើមខ្ពស់ដូចសម្ភារៈកាបូនហ្វាយបឺរទេ។ កង់ទំហំ ១៩ អ៊ីញ ធ្វើពីលោហធាតុអាលុយមីញ៉ូម ក៏ត្រូវបានប្រើជំនួសឱ្យទំហំធំជាង ដើម្បីរក្សាតម្លៃឱ្យនៅទាប។ ចំណែកឯអេក្រង់ខាងក្នុងទំហំ ១៤,៦ អ៊ីញ និង ៨,៨ អ៊ីញ ត្រូវបានបំពាក់ដោយបន្ទះឈីប Qualcomm Snapdragon 8155 ដែលជាបច្ចេកវិទ្យាមានតម្លៃសមរម្យ ប៉ុន្តែគ្រប់គ្រាន់សម្រាប់តម្រូវការបច្ចេកវិទ្យាទំនើប។

ការទទួលស្គាល់នៅទីផ្សារ

ការប្រើប្រាស់សម្ភារៈសន្សំសំចៃ និងការពឹងផ្អែកលើអ្នកផ្គត់ផ្គង់ក្នុងស្រុកបានធ្វើឱ្យ bZ3X ទទួលបានការកុម្ម៉ង់ទិញជាង ១០,០០០ គ្រឿង ក្នុងមួយម៉ោងដំបូងនៃការបើកលក់។ អ្នកជំនាញយល់ថា វិធីសាស្ត្រនេះជួយតូយ៉ូតា ប្រកួតប្រជែងជាមួយក្រុមហ៊ុនចិន ដូចជា BYD នៅក្នុងទីផ្សាររថយន្តដែលតម្លៃទាប។ ទោះបីជាម៉ូដែលនេះមិនមានផែនការលក់នៅក្រៅប្រទេសចិនក៏ដោយ ក៏នេះបង្ហាញពីសមត្ថភាពរបស់តូយ៉ូតា ក្នុងការផលិតរថយន្តអគ្គិសនីដែលមានតម្លៃសមរម្យ និងគុណភាពល្អ៕

ប្រភព ៖ CarNewsChina

អត្ថបទ ៖ គីម ណារ៉ាក់

អត្ថបទថ្មី