ប្រឡូកកិច្ចការជាតិ ឃ្លាតមុខរបរ! អេឡុន ម៉ាស់ ខាតលុយជិត ៣០ ពាន់លានដុល្លារ ត្រឹម ១ ថ្ងៃ

  • 2025-03-11 06:21:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Elon Musk ដែលជាមហាសេដ្ឋីលំដាប់លេខមួយរបស់ពិភពលោក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Tesla និង SpaceX បានបាត់បង់ទ្រព្យសម្បត្តិចំនួន ២៩ ពាន់លានដុល្លារក្នុងមួយថ្ងៃ កាលពីថ្ងៃច័ន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ ដោយសារតែភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះយ៉ាងខ្លាំង។ យោងតាមរបាយការណ៍ពី Business Insider ទ្រព្យសម្បត្តិរបស់លោក Musk បានថយចុះពី ៣៣០ ពាន់លានដុល្លារនៅថ្ងៃអាទិត្យ មកនៅត្រឹមប្រមាណ ៣០១ ពាន់លានដុល្លារ បន្ទាប់ពីភាគហ៊ុន Tesla ធ្លាក់ ១៥% ក្នុងថ្ងៃតែមួយ ដែលជាការធ្លាក់ចុះធំបំផុតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២០។

ការធ្លាក់ចុះនេះបានកើតឡើងស្របពេលដែលទីផ្សារភាគហ៊ុនអាមេរិកជួបប្រទះនឹងភាពចលាចល ដោយសន្ទស្សន៍ S&P 500 ធ្លាក់ ៣% និង Nasdaq 100 ធ្លាក់ ៤%។ អ្នកវិភាគបានចង្អុលបង្ហាញថា ការព្រួយបារម្ភអំពីគោលនយោបាយសេដ្ឋកិច្ចរបស់ប្រធានាធិបតីអាមេរិក Donald Trump ជាពិសេសពន្ធគយលើប្រទេសចិន កាណាដា និងម៉ិកស៊ិក បានធ្វើឱ្យវិនិយោគិនបាត់បង់ទំនុកចិត្តលើ Tesla ដែលពឹងផ្អែកខ្លាំងលើទីផ្សារ និងខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ។

លោក Musk ដែលកាន់តំណែងជាសហប្រធាននាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ក្នុងរដ្ឋបាល Trump បាននិយាយថា វាជាការលំបាកក្នុងការគ្រប់គ្រងអាជីវកម្មរបស់លោក ខណៈពេលដែលធ្វើការលើការកាត់បន្ថយចំណាយរបស់រដ្ឋាភិបាល។ ទោះបីជាមានការខាតបង់ដ៏ធំនេះ លោក Musk នៅតែរក្សាតំណែងជា កំពូលមហាសេដ្ឋីមានបំផុតនៅលើពិភពលោក ដោយនាំមុខលោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta ជាង ១០០ ពាន់លានដុល្លារ។

ភាគហ៊ុនរបស់ Tesla ធ្លាប់ឡើងខ្ពស់ ដល់ ៤៨០ ដុល្លារក្នុងមួយហ៊ុន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។ ចាប់តាំងពីដើមឆ្នាំ២០២៥ មក Tesla បានបាត់បង់តម្លៃទីផ្សារជាង ៤០០ ពាន់លានដុល្លារ ហើយទ្រព្យសម្បត្តិរបស់លោក Musk បានធ្លាក់ចុះសរុបជាង ១៣២ ពាន់លានដុល្លារ។ អ្នកវិនិយោគមួយចំនួនបានលើកឡើងពីការព្រួយបារម្ភថា ការចូលរួមនយោបាយរបស់លោក Musk និងការផ្តោតអារម្មណ៍លើការងារនៅទីក្រុងវ៉ាស៊ីនតោន អាចប៉ះពាល់ដល់ការគ្រប់គ្រងក្រុមហ៊ុន Tesla។

ក្រុមហ៊ុនផ្សេងទៀតរបស់លោក ដូចជា SpaceX ដែលមានតម្លៃ ៣៥០ ពាន់លានដុល្លារ និង xAI ដែលមានតម្លៃ ៥០ ពាន់លានដុល្លារ នៅតែជួយឱ្យលោក រក្សាបាននូវតំណែងមហាសេដ្ឋីលំដាប់លេខ ១ នៅលើពិភពលោក។ បើទោះបីជាបែបនេះក្តី សម្រាប់ពេលនេះ Tesla នៅតែជាកត្តាសំខាន់បំផុតដែលជះឥទ្ធិពលដល់ភាពជោគជ័យផ្នែកហិរញ្ញវត្ថុរបស់លោក។ ទីផ្សារនឹងបន្តតាមដានស្ថានភាពនេះ ខណៈ Tesla ត្រៀមដាក់ឱ្យប្រើប្រាស់សេវា “robotaxi” នៅខែមិថុនា ឆ្នាំ២០២៥ ដែលអាចជួយស្តារទំនុកចិត្តឡើងវិញ៕

ប្រភព៖ Businessinsider   អត្ថបទ ៖ គីម ណារ៉ាក់