ការបិទជំនួយ USAID ដោយគ្មានការអនុញ្ញាតត្រឹមត្រូវ អាចជាការរំលោភលើរដ្ឋធម្មនុញ្ញ សហរដ្ឋអាមេរិក
- 2025-03-19 04:00:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការបិទជំនួយ USAID ដោយគ្មានការអនុញ្ញាតត្រឹមត្រូវ អាចជាការរំលោភលើរដ្ឋធម្មនុញ្ញ សហរដ្ឋអាមេរិក
ចន្លោះមិនឃើញ
ចៅក្រមសហព័ន្ធមួយរូប នៅសហរដ្ឋអាមេរិក បានចេញដីកាបញ្ជាឱ្យផ្អាកជាបណ្តោះអាសន្ន នូវរាល់សកម្មភាពបន្ថែមទៀតដែលនាំទៅដល់ការបិទទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (USAID) ដោយលើកឡើងថា ការប៉ុនប៉ងបិទទីភ្នាក់ងារនេះដោយគ្មានការអនុញ្ញាតត្រឹមត្រូវអាចជាការរំលោភ លើរដ្ឋធម្មនុញ្ញ សហរដ្ឋអាមេរិក។
នៅថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ចៅក្រមសហព័ន្ធ លោក ថេអូដ័រ ជូអាង (Theodore Chuang) នៅតុលាការស្រុកសហព័ន្ធក្នុងរដ្ឋម៉ារីលែន បានចេញសេចក្តីសម្រេចមួយ ដោយហាមឃាត់លោក អេឡុង ម៉ាស្ក (Elon Musk) និងនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដែលជាអង្គភាពមិនផ្លូវការមួយ មិនឱ្យបន្តការកាត់បន្ថយបុគ្គលិក ឬបញ្ចប់កិច្ចសន្យារបស់ USAID ដោយគ្មានការអនុញ្ញាតពីមន្ត្រីដែលមានសិទ្ធិស្របច្បាប់។ លោកចៅក្រមបានបញ្ជាឱ្យស្តារឡើងវិញនូវប្រព័ន្ធអេឡិចត្រូនិករបស់ទីភ្នាក់ងារ រួមទាំងអ៊ីមែល ប្រព័ន្ធទូទាត់ប្រាក់ និងសេវាសន្តិសុខសម្រាប់បុគ្គលិក។
ការសម្រេចនេះកើតឡើងបន្ទាប់ពីបុគ្គលិក ២៦ នាក់របស់ USAID បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងលោក ម៉ាស្ក និង DOGE ដោយចោទប្រកាន់ថា ការបិទទីភ្នាក់ងារនេះបានធ្វើឡើងយ៉ាងឆាប់រហ័ស និងខុសច្បាប់ ដែលបានរំខានដល់សេវាកម្មជំនួយមនុស្សធម៌នៅក្រៅប្រទេស និងប៉ះពាល់ដល់សិទ្ធិរបស់សភាក្នុងការសម្រេចចិត្តលើអនាគតរបស់ទីភ្នាក់ងារមួយនេះ។ លោក ជូអាង បានសរសេរក្នុងសេចក្តីសម្រេចរបស់លោកថា សកម្មភាពទាំងនេះ "ទំនងជាបានរំលោភលើរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកតាមវិធីជាច្រើន" ហើយបាន "ដកហូតសិទ្ធិអំណាចរបស់តំណាងរាស្ត្រដែលត្រូវបានជ្រើសរើសដោយប្រជាពលរដ្ឋនៅក្នុងសភា"។
ទីភ្នាក់ងារ USAID ដែលត្រូវបានបង្កើតឡើងដោយសភាអាមេរិក ជាអង្គភាពសំខាន់មួយសម្រាប់ផ្តល់ជំនួយបរទេស និងកម្មវិធីអភិវឌ្ឍន៍នៅទូទាំងពិភពលោក។ កាលពីខែមករា និងខែកុម្ភៈ ឆ្នាំ២០២៥ លោក ម៉ាស្ក និង DOGE បានដឹកនាំការបិទទីស្នាក់ការកណ្តាលរបស់ USAID នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ដោយផ្តល់ពេលត្រឹម ១៥ នាទីប៉ុណ្ណោះដល់បុគ្គលិកឱ្យប្រមូលរបស់របរផ្ទាល់ខ្លួនរបស់ពួកគេ។
រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា USAID មានភាពខ្ជះខ្ជាយ និងត្រូវការការកែទម្រង់ ប៉ុន្តែលោក ជូអាង បានរកឃើញថា ការបិទទីភ្នាក់ងារនេះដោយគ្មានការយល់ព្រមពីសភា ឬមន្ត្រីដែលត្រូវបានតែងតាំងស្របច្បាប់ គឺជាការល្មើសអំណាច៕