ឆាប់ៗនេះ TikTok នឹងបើកឱ្យអ្នកផលិតមាតិកា នៅស្រុកខ្មែរ អាចរកលុយបាន!

  • 2025-03-19 06:44:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន TikTok នឹងបើកឱ្យអ្នកផលិតមាតិកា នៅក្នុងប្រទេសកម្ពុជា អាចរកចំណូលបានជាផ្លូវការ នាពេលឆាប់ៗនេះហើយ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ ក្រសួងប្រៃសណីយ័និងទូរគមនាគមន៍ ដែលបានប្រកាសអំពី ការសហការជាមួយក្រុមហ៊ុន TikTok រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំរបស់ក្រុមហ៊ុន TikTok ក្នុង គោលបំណងចែករំលែកព័ត៌មាន ឱកាសរកប្រាក់ចំណូល (TikTok Monetization) សម្រាប់អ្នកផលិតមាតិកា។

បើតាមសេចក្តីជូនដំណឹងរបស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានឱ្យដឹងថា ក្រសួង មានកិត្តិយសសូមជម្រាបជូនដល់អ្នកផលិតមាតិកា វិស័យឯកជន និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ក.ប.ទ. នឹងសហការជាមួយក្រុមហ៊ុន TikTok រៀបចំ សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំរបស់ក្រុមហ៊ុន TikTok ក្នុង គោលបំណងចែករំលែកព័ត៌មាន ឱកាសរកប្រាក់ចំណូល (TikTok Monetization) សម្រាប់អ្នកផលិតមាតិកា ឧត្តមានុវត្តន៍នៃការការពារសុវត្ថិភាពលើប្រព័ន្ធអនឡាញ គោលការណ៍ណែនាំសហគមន៍ និងការប្រើប្រាស់បណ្តាញ សង្គម TikTok ប្រកបដោយប្រសិទ្ធភាព ដល់ក្រសួង ស្ថាប័ន អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា។ សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៩:០០នាទីព្រឹក នៅសាលប្រជុំជាន់ទី៣ ទីស្តីការ ក.ប.ទ. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយ មានការអញ្ជើញចូលរួមមកពីតំណាងក្រសួង ស្ថាប័ន និងក្លឹបអ្នកកាសែតកម្ពុជា។

នេះជាសញ្ញានៃការបើកភ្លើងខៀវ ពី ក្រុមហ៊ុន TikTok ក្នុងការផ្តល់ចំណូលដល់ អ្នកផលិតមាតិកា នៅក្នុងប្រទេសកម្ពុជា ខណៈ បណ្តាញសង្គមមួយនេះ កំពុងមានភាពល្បីល្បាញខ្លាំង នៅស្រុកខ្មែរ និង មានអ្នកប្រើប្រាស់រាប់លាននាក់៕

អត្ថបទ ៖ គីម ណារ៉ាក់

អត្ថបទពេញនិយម