មានប៉ុន្មានចំណុចនេះ អ្នកលេង TikTok នៅខ្មែរ អាចរកចំណូល ពីកម្មវិធីបណ្តាញសង្គមនេះបាន!
- 2025-03-20 08:46:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានប៉ុន្មានចំណុចនេះ អ្នកលេង TikTok នៅខ្មែរ អាចរកចំណូល ពីកម្មវិធីបណ្តាញសង្គមនេះបាន!
ចន្លោះមិនឃើញ
បើអ្នកជាអ្នកលេង TikTok នៅកម្ពុជា ហើយចូលចិត្តបង្កើតវីដេអូប្លែកៗ នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់អ្នក! នៅថ្ងៃនេះ TikTok បានប្រកាសថា អ្នកបង្កើតមាតិកានៅស្រុកខ្មែរយើងអាចរកលុយបានហើយតាមរយៈមុខងារ Subscription ចំណែកមុខងារ TikTok Creativity Program នៅមិនទាន់មាននៅឡើយ។
TikTok មិនមែនជារឿងថ្មីសម្រាប់ប្រជាជនខ្មែរទេ។ មានមនុស្សរាប់ម៉ឺននាក់ ចាប់ពីក្មេង សិស្ស និស្សិត អ្នកលក់ទំនិញ រហូតដល់អ្នកបង្កើតវីដេអូបែបសប្បាយៗ សុទ្ធតែលេង TikTok ជារៀងរាល់ថ្ងៃ។ ពេលនេះ ដោយសារតែសំឡេងស្នើសុំពីអ្នកបង្កើតមាតិកា ហើយមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាល ក្រុមហ៊ុន TikTok ក៏សម្រេចចិត្តបើកផ្លូវថ្មីមួយឱ្យអ្នកបង្កើតមាតិកាយើងអាចរកប្រាក់ចំណូលបាន។
«បើអ្នកមានអ្នកតាមដានលើស ១ម៉ឺននាក់ អ្នកនឹងអាចបើកមុខងារនេះបាន» នេះជាសម្តីរបស់លោក Ithikorn Tritasavit ប្រធានគោលនយោបាយសាធារណៈរបស់ TikTok ប្រចាំតំបន់ថៃ កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ លោកបាននិយាយបែបនេះនៅក្នុងកម្មវិធីសិក្ខាសាលា ដែលរៀបចំឡើងនៅថ្ងៃទី១៩ ខែមីនា ដើម្បីផ្សព្វផ្សាយពីសុវត្ថិភាពអនឡាញ និងច្បាប់របស់ TikTok។
តើ Subscription ដំណើរការយ៉ាងម៉េច? អ្នកដែលចូលចិត្តវីដេអូរបស់អ្នកអាចបង់លុយឱ្យអ្នកបាន ចាប់ពី ២ដុល្លារ ដល់ ១០ដុល្លារក្នុងមួយខែ។ ហើយបើអ្នកមានអ្នកតាមដាន ១ម៉ឺននាក់ ហើយវីដេអូរបស់អ្នកមានអ្នកមើលសរុប ១លានដង អ្នកនឹងទទួលបានប្រាក់បន្ថែម ២០% ពី TikTok លើចំណូល Subscription នោះ។ បើអ្នក Subscribe កាន់តែច្រើន លុយក៏កាន់តែចូលច្រើន!
ប៉ុន្តែសម្រាប់ TikTok Creativity Program វិញ ពេលនេះ មិនទាន់ប្រាប់ថាមកកម្ពុជានៅឡើយទេ។ មុខងារនេះមានតែនៅប្រទេសធំៗដូចជា អាម៉េរិក អង់គ្លេស ឬជប៉ុនប៉ុណ្ណោះ។
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានចូលមកលើកទឹកចិត្តផងដែរ។ ឯកឧត្តម មានប្រសាសន៍ថា៖ «ខ្ញុំចង់ឃើញអ្នកបង្កើតមាតិកាយើង ធ្វើវីដេអូឱ្យកាន់តែល្អ។ ក្រសួងក៏នឹងខំបើកផ្លូវឱ្យអ្នកទាំងអស់គ្នាអាចរកលុយពីបណ្តាញផ្សេងទៀតដូចជា Facebook បានដែរ»។
អ៊ីចឹងហើយ បើអ្នកជាអ្នកបង្កើតមាតិកា TikTok ពេលនេះគឺដល់ពេលហើយដែលត្រូវបញ្ចេញស្នាដៃ ហើយរកលុយពីអ្វីដែលអ្នកស្រឡាញ់៕