អេឡុន ម៉ាស ថា មនុស្សយន្តជាអាជីវកម្មតម្លៃ ១០ ទ្រីលានដុល្លារ ខណៈ ប្រទេសចិនបង្ហាញសមត្ថភាពប្រកួតប្រជែង
- 2025-03-25 07:32:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេឡុន ម៉ាស ថា មនុស្សយន្តជាអាជីវកម្មតម្លៃ ១០ ទ្រីលានដុល្លារ ខណៈ ប្រទេសចិនបង្ហាញសមត្ថភាពប្រកួតប្រជែង
ចន្លោះមិនឃើញ
មហាសេដ្ឋីបច្ចេកវិទ្យា អេឡុន ម៉ាស (Elon Musk) បាននិយាយថា មនុស្សយន្តនឹងក្លាយជាអាជីវកម្មដ៏ធំមួយដែលអាចរកចំណូលបានជាង ១០ ទ្រីលានដុល្លារ ដោយផ្អែកលើគម្រោង Optimus របស់ក្រុមហ៊ុន Tesla។ ការលើកឡើងនេះបានកើតឡើងនៅក្នុងខែមីនានេះ ខណៈដែលប្រទេសចិន កំពុងបង្ហាញពីភាពជឿនលឿនគួរឱ្យចាប់អារម្មណ៍ ក្នុងវិស័យមនុស្សយន្ត ដែលធ្វើឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំងជាមួយ សហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន CNN កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ បានរាយការណ៍ថា មនុស្សយន្តមួយក្រុមនៅប្រទេសចិនបានបង្ហាញសមត្ថភាពរបស់ខ្លួន ដូចជាការរាំតាមចង្វាក់តន្ត្រីប្រពៃណី និងសកម្មភាពផ្សេងៗ នៅក្នុងព្រឹត្តិការណ៍ឆ្នាំថ្មី។ វីដេអូនៃមនុស្សយន្តទាំងនេះ ដែលអាចជិះកង់ និងធ្វើចលនាបត់បែនបាន បានក្លាយជាប្រធានបទក្តៅគគុកនៅលើបណ្តាញអ៊ីនធឺណិត ដែលជំរុញដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន។ ទោះបីជាមនុស្សយន្តទាំងនេះមិនទាន់ផលិតច្រើនសម្រាប់ទីផ្សារក៏ដោយ ក៏វាបានបង្ហាញពីសក្តានុពលដ៏ធំធេងរបស់ចិន ដែលអាចប្រជែងជាមួយគម្រោងមនុស្សយន្ត Optimus របស់លោក អេឡុន ម៉ាស។
អេឡុន ម៉ាស បានបង្ហាញមនុស្សយន្ត Optimus ជាលើកដំបូងក្នុងឆ្នាំ ២០២២ ដោយលោកបានទស្សទាយថា មនុស្សយន្តនេះនឹងផ្លាស់ប្តូរពិភពលោក ដោយអាចជួយធ្វើកិច្ចការផ្ទះ និងមើលថែទាំមនុស្ស។ លោកបានបន្ថែមថា Tesla កំពុងឈានមុខគេក្នុងវិស័យនេះ បើប្រៀបធៀបនឹងក្រុមហ៊ុនផ្សេងៗដូចជា Figure AI និង Apptronik នៅសហរដ្ឋអាមេរិក។
ទោះជាយ៉ាងណា ប្រទេសចិន កំពុងបង្ហាញភាពរីកចម្រើនយ៉ាងឆាប់រហ័ស។ ការបង្ហាញមនុស្សយន្តរបស់ចិនមិនត្រឹមតែទាក់ទាញចំណាប់អារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើនការព្រួយបារម្ភអំពីការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យារវាងប្រទេសទាំងពីរ។ អ្នកជំនាញខ្លះបានលើកឡើងថា ប្រសិនបើ ចិនអាចផលិតមនុស្សយន្តក្នុងបរិមាណច្រើន និងតម្លៃទាបជាង Tesla វាអាចប៉ះពាល់ដល់ផែនការរបស់ អេឡុន ម៉ាស។
ខណៈដែលក្រុមហ៊ុនធំៗដូចជា Microsoft, Nvidia និង Meta ក៏កំពុងវិនិយោគលើមនុស្សយន្តដែរ អេឡុន ម៉ាសនៅតែជឿជាក់ថា Tesla នឹងឈរនៅជួរមុខ។ អនាគតនៃឧស្សាហកម្មមនុស្សយន្តនេះនឹងអាស្រ័យលើថាតើក្រុមហ៊ុនណាអាចបង្កើតបច្ចេកវិទ្យាដែលទាំងមានប្រសិទ្ធភាព និងអាចចូលដល់ទីផ្សារបានលឿនជាងគេ។ ជាមួយនឹងការប្រកួតប្រជែងដ៏ស្វិតស្វាញពីប្រទេសចិន និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀត តើក្តីសុបិន ១០ ទ្រីលានដុល្លារបស់ អេឡុន ម៉ាស នឹងក្លាយជាការពិត ឬក៏គ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះ?