ក្រសួងព័ត៌មាន និងសមាគមទីភ្នាក់ងារផ្សាយពាណិជ្ជកម្មកម្ពុជា (CAMAA) ចុះអនុស្សរណៈនៃការយោគយល់ដើម្បីពង្រឹងវិស័យផ្សាយពាណិជ្ជកម្មនៅកម្ពុជា

  • 2025-04-07 10:37:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ – នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តម នេត ភក្ដ្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក គៀង សាន ប្រធានសមាគមទីភ្នាក់ងារផ្សាយពាណិជ្ជកម្មកម្ពុជា (CAMAA) បានចុះអនុស្សរណៈនៃការយោគយល់ (MoU) ស្តីអំពីការចូលរួមអនុវត្តវិធានការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈអហ្វីស ប៉ាណូ និងគ្រប់មធ្យោបាយនៅកម្ពុជាឱ្យមានសណ្តាប់ធ្នាប់ និងស្របតាមគោលការណ៍នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដែលនឹងជួយកែលម្អវិស័យផ្សព្វផ្សាយពាណិជ្ជកម្មនៅកម្ពុជាកាន់តែទំនើប និងមានការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។

អនុស្សរណៈនៃការយោគយល់រវាងក្រសួងព័ត៌មាន និងសមាគមទីភ្នាក់ងារផ្សាយពាណិជ្ជកម្មកម្ពុជា (CAMAA) គឺជាកិច្ចសហប្រតិបត្តិការជាសារវន្តដែលឆ្លុះបញ្ចាំងពីការចូលរួមរវាងវិស័យសាធារណៈ និងឯកជនលើវិស័យផ្សព្វផ្សាយពាណិជ្ជកម្មនៅកម្ពុជាក្នុងគោលបំណងដើម្បីលើកកម្ពស់ការផ្សាយពាណិជ្ជកម្មឲ្យប្រកបដោយទំនួលខុសត្រូវ សុចរិតភាព និងមានបទដ្ឋានគ្រប់គ្រងច្បាស់លាស់ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈអនុស្សរណៈនៃការយោគយល់នេះ សមាគមទីភ្នាក់ងារផ្សាយពាណិជ្ជកម្មកម្ពុជា (CAMAA) បានប្ដេជ្ញាចិត្តរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួនលើគោលការណ៍សំខាន់ៗរួមមាន៖

  • ទី១៖ ចូលរួមអនុវត្តតាមគោលការណ៍ឆន្ទៈល្អ និងប្រកាសលេខ០៨៤ ប្រក. ពម ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ស្ដីពីអំពីការកំណត់អំពីបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងរបស់ ក.គ.ផ.ស. និងគោលការណ៍ផ្សាយពាណិជ្ជកម្មផ្សេងទៀត

  • ទី២៖ ចូលរួមរៀបចំស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មនៅកម្ពុជាគ្រប់ប្រភេទឱ្យមានរបៀបរៀបរយ សោភណភាព និងសណ្ដាប់ធ្នាប់ល្អនៅទូទាំងប្រទេស

  • ទី3៖ ដើរតួនាទីជាអ្នកសម្របសម្រួល និងអ្នកផ្តល់ប្រឹក្សាយោបល់ ជូនដល់ក្រុមហ៊ុន ឬភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្មឯកជន ដើម្បីជាជំនួយលើការស្នើសុំលិខិតអនុញ្ញាត

ផ្សព្វផ្សាយពាណិជ្ជកម្ម ការសម្របសម្រួលស្នើសុំទីតាំងដើម្បីសាងសង់និងដំឡើងបង្គោលផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ឬបន្តសុពលភាពពីអាជ្ញាធរមានសមត្ថកិច្ច និងការងារបច្ចេកទសផ្សេងៗក្នុងគោលបំណងធានាបាននូវគុណភាព សុវត្ថិភាព សោភណភាព និងសណ្ដាប់ធ្នាប់សាធារណៈអនុលោមតាមនីតីវិធីច្បាប់ត្រឹមត្រូវ។

លោក គៀង សាន ប្រធានសមាគម បានថ្លែងថា “ដោយមើលឃើញពីឧបសគ្គមួយចំនួនដែលបានជួបកន្លងមកពាក់ព័ន្ធនឹងសណ្តាប់ធ្នាប់ របៀបរៀបរយ លើការផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈប៉ាណូ និងអាហ្វីស ជាពិសេសលើការផ្សព្វផ្សាយពាណិជ្ជកម្មផលិតគ្រឿងស្រវឹង សមាគមយើងខ្ញុំបានចូលរួមយ៉ាងសកម្ម ជាមួយក្រសួងព័ត៌មាន និងក្រុមការងារគ្រប់គ្រងការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង(ក.គ.ផ.ស.) ក៏ដូចជាស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដើម្បីរិះរកដំណោះស្រាយលើគ្រប់មធ្យោបាយ។”

លោកបានបន្តទៀតថា “បន្ទាប់ពីអនុស្សរណៈនេះចូលជាធរមាន សមាគម CAMAA នឹងប្តេជ្ញាចិត្តសហការជាមួយក្រសួងព័ត៌មាន ដើម្បីលើកកម្ពស់វិស័យផ្សាយពាណិជ្ជកម្មអោយប្រកបដោយស្តង់ដារអន្តរជាតិ។ អនុស្សរណៈនេះ ជាជំហានសំខាន់ក្នុងការអភិវឌ្ឍវិស័យផ្សាយពាណិជ្ជកម្មឲ្យកាន់តែរឹងមាំ និងមានភាពប្រកបដោយសុចរិតភាព ដែលអាចជះឥទ្ធិពលល្អសម្រាប់អាជីវកម្ម អ្នកប្រើប្រាស់ និងសេដ្ឋកិច្ចជាតិ។”

ពិធីចុះអនុស្សរណៈនៃការយោគយល់នេះ បានបង្ហាញពីការរីកចម្រើន និងទិសដៅថ្មីសម្រាប់វិស័យផ្សាយពាណិជ្ជកម្មនៅកម្ពុជា ដើម្បីធានាថាវិស័យនេះ នឹងក្លាយជាឧស្សាហកម្មដ៏ប្រសិទ្ធភាព ប្រកបដោយទំនួលខុសត្រូវ និងទំនើបកម្មសមស្របនឹងបទដ្ឋានអន្តរជាតិ។

ដោយ ៖ គីម ណារ៉ាក់