CSFF ឆ្នាំទី១៤ បើកប្រកាសទទួលរឿងប្រកួត សម្រាប់ឆ្នាំ២០២៥នេះហើយ!

  • 2025-04-10 08:31:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហោស្រពភាពយន្តខ្លីចតុមុខ(CSFF) ត្រូវបានចាប់បដិសន្ធិឡើងតាំងពីឆ្នាំ២០១២មក ដើម្បីអបអរដល់ភាពយន្តខ្លីមក ពីជុំវិញ​ពិភពលោក។​ ​ដើម្បីស្វាគមន៍រដូវកាលថ្មី CSFF បានបើកប្រកាសទទួលរឿងប្រកួត ដល់សមិទ្ធិកររឿងខ្លី ចាប់តាំង ពីថ្ងៃទី៣០ ខែមីនា នេះកន្លងទៅ។ មហោស្រពនៅតែរាប់បញ្ចូលភាពយន្តខ្លីកម្ពុជា ដើម្បីលើកទឹកចិត្តដល់ យុវសមិទ្ធិករយើង ឱ្យបង្ហាញ ទេពកោសល្យរបស់ខ្លួន។ CSFF ឆ្នាំទី១៤នេះនឹងត្រូវបានរៀបចំដោយ ក្រុមភាពយន្តឈូករ័ត្ន (Sunflower Film Alliance [SFA]) និងជំនាញការភាពយន្តឯករាជ្យក្នុងស្រុក និងក្រៅស្រុក។

ជ័យលាភី នឹងត្រូវបែងចែកយ៉ាងហោចជា៧ប្រភេទដូចតទៅ៖

  • ភាពយន្តខ្លីឆ្នើមរបស់កម្ពុជា៖ នឹងទទួលបានទឹកប្រាក់ ៤លានរៀល និងពាន១
  • ភាពយន្តខ្លីឆ្នើមបន្ទាប់របស់កម្ពុជា៖ នឹងទទួលបានទឹកប្រាក់ ២លានរៀល និងពាន១
  • ភាពយន្តខ្លីឆ្នើមអន្តរជាតិ៖ នឹងទទួលបានទឹកប្រាក់ប្រមាណ៣០០ ដុល្លារ និងពាន១
  • រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីក្នុងស្រុក៖ នឹងទទួលបានលិខិតសសើរ
  • រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីអន្តរជាតិ៖ នឹងទទួលបានលិខិតសសើរ
  • ចំណារពិសេសពីមេប្រយោគ ដល់ភាពយន្តខ្លីក្នុងស្រុក៖ នឹងទទួលបានលិខិតសសើរ
  • ចំណារពិសេសពីមេប្រយោគ ដល់ភាពយន្តខ្លីអន្តរជាតិ៖​នឹងទទួលបានលិខិតសសើរ

មហោស្រពធំរបស់យើង គ្រោងនឹងប្រព្រឹត្តទៅនៅខែតុលាឆ្នាំ២០២៥នេះ បន្ទាប់ពីកម្មវិធីមានប្រយោជន៍ជាបន្តបន្ទាប់ ដូចជា «កិច្ចស្វែងយល់ពីភាពយន្តចតុមុខ» (Chaktomuk Film Insight) យុទ្ធនាការផ្សព្វផ្សាយតាមរយៈជនមានឥទ្ធិពល (Influencers) និងទៅដល់ទស្សនិកជន តាមសាកលវិទ្យាល័យ ឬសាលានៅរាជធានីភ្នំពេញ (Outreach Campaign) សន្និសីទព័ត៌មាន។

អ្នកស្រីណយ សុផារី ជាសមាជិកាគណៈប្រឹក្សាមហោស្រពក្នុងឆ្នាំ បានថ្លែងចំណាប់អារម្មណ៍ថា៖ «មហោស្រពភាពយន្តខ្លីគឺជាវេទិការសាធារណៈសម្រាប់ផលិតករអាចបង្ហាញស្នាដៃ និងគំនិតច្នៃប្រឌិតរបស់ខ្លួនក្នុងការបញ្ចេញ មតិទៅកាន់សាធារណៈជន តាមរយៈសាច់រឿងខ្លីៗ ខ្ញុំសង្ឃឹមថាផលិតករនឹងឆ្លៀតយកឱកាសនេះដើម្បីបង្ហាញសមិទ្ធិផលរ បស់ខ្លួន ហើយមហោស្រពភាពយន្តនឹងក្លាយជាកន្លែងមួយដែលផ្សារភ្ជាប់សាធារណជន និងគំនិតថ្នៃប្រឌិតរបស់ផលិតករ។»

លោក ស៊ុំ ស៊ីថែន ជាប្រធានមហោស្រពឆ្នាំទី១៤នេះថ្លែងថា៖ «ដោយសារបទពិសោធល្អពីឆ្នាំមុនៗ វិភាគទានពី អង្គការ «មូលនិធិកុមារកម្ពុជា» និងការចូលរួមពីដៃគូមុនៗ សរបញ្ជាក់​ពីទំនុកចិត្តរបស់ពួកគាត់កន្លងមក លើការរៀបចំរបស់យើង។ មួយវិញទៀត ឆ្នាំនេះ យើងអនុវត្តគោលការណ៍ថ្មីក្នុងការដាក់រឿង ដោយការយឺតយ៉ាវត្រូវបង់ថ្លៃបន្ថែម ដើម្បីបិរច្ចាគគាំទ្រដល់ មហោស្រព។ ទោះយ៉ាងណា មហោស្រពនឹងរៀបចំវគ្គបណ្តុះបណ្តាល់ខ្លីៗ តាមរយៈ«កិច្ចស្វែងយល់ពីភាពយន្តចតុមុខ» នៅពេលខាងមុខ ដើម្បីបំប៉នជំនាញដល់សមិទ្ធករថ្មោងថ្មី ដែលចង់បង្ហាញស្នាដៃក្នុងវិស័យនេះ»។

ដោយសារមហោស្រពត្រូវបានរៀបចំដោយ «ក្រុមភាពយន្តឈូករ័ត្ន» លោក អ៊ុង ស៊ីវថុង ប្រធានក្រុមក៏បានបង្ហើបដែរថា៖ «CSFF ដើរតួនាទីយ៉ាងសំខាន់ ក្នុងវិថីផលិតភាពយន្តរបស់ខ្ញុំ។ ក្នុងឆ្នាំ២០២២ ខ្ញុំបាទ បានចូលរួមជាប្រធានផ្នែកផលិត ហើយមានឱកាសដកពិសោធរៀបចំមហោស្រព ពីក្រោយឆាក។ តួនាទីនេះនាំឱ្យខ្ញុំមើលឃើញ ទិដ្ឋភាពថ្មីមួយ ពីរបៀបរៀបចំមហោស្រព និងសារៈសំខាន់របស់មហោស្រព។ រួចមក ក្នុងឆ្នាំ២០២៤ ខ្ញុំបានដាក់ភាពយន្តខ្លី ដែលខ្ញុំសហដឹកនាំ «ស្នេហ៍គ្មានស្តង់ដារ» ហើយក៏បានជាប់ក្នុងការចាក់បង្ហាញ។ ខណៈពេលរំលឹកខ្ញុំបាទឱ្យយល់ពីឥទ្ធិពលនៃ វេទិកាដែលជឿជាក់លើអ្នកមានស្នាដៃថ្មីថ្មោង។ ឆ្នាំនេះ ខ្ញុំត្រឡប់មកវិញ ដោយសារចង់រៀនបន្ថែម និងជំរុញខ្លួនឱ្យកាន់តែឆ្នៃ ប្រឌិត និងបន្តលូតលាស់ជំនាញតាមរយៈសហគមន៍មួយនេះ។ CSFF មិនត្រឹមតែជាមហោស្រពទេ តែជាកន្លែងដែល លើកស្ទួយយុវសមិទ្ធិករយើង និងជួយឱ្យពួកយើងមានការទទួលស្គាល់ទៀត។»

សូមរំលឹកដែរថា ម្ចាស់ជ័យលាភីភាពយន្តខ្លីឆ្នើមរបស់យើងកាលពីឆ្នាំ២០២៣ មានចំណងជើងថា «Black Light» សហដឹកនាំរឿង ដោយលោក ចិន ពិសេន។ រឿងខ្លីនេះ លើកឡើងពីខ្សែជីវិតរបស់បុរសម្នាក់ជាអ្នករើសសម្រាម ហើយតាមដានជីវិតមនុស្សដែលប្រឹងរស់នៅជុំវិញខ្លូនគាត់ ហើយឆ្លុះត្រឡប់មកខ្លួនគាត់វិញ ។ CSFF នឹងប្រារព្ធ «កិច្ចស្វែងយល់ពីភាពយន្តចតុមុខ»ដំបូងរបស់ខ្លួន នៅក្នុងខែឧសភានេះ ដោយកាលបរិច្ឆេទ និងទីតាំងច្បាស់ នឹងប្រកាសជូនឆាប់ៗ លើទំព័រហ្វេសប៊ុករបស់ មហោស្រព។

បើអ្នកចង់ចូលរួមជាមួយសមិទ្ធិករផ្សេងៗទៀតនៅភ្នំពេញ ក៏ដូចជាផ្សារភ្ជាប់រឿងរបស់អ្នក ជាមួយទស្សនិកជន ឱ្យបានច្រើន សូមផ្ញើរឿងខ្លីរបស់អ្នកមកមហោស្រពឥឡូវមក តាម https://filmfreeway.com/CSFFhttp://csff.co/submission/

CSFF ឆ្នាំនេះ មានការគាំទ្រពីស្ថាប័នក្នុងស្រុក និងក្រៅស្រុក រួមមាន៖ អង្គការ «មូលនិធិកុមារកម្ពុជា», Box Media Production, សាលាសិល្បៈសម្តែង, ហាងកាហ្វេ ១១៖១១ និង Chill Out, នំ នាឡិ, រោងពុម្ព ខ្មែរFace, ក៏ដូចជាដៃគូផ្សព្វផ្សាយ Sabay News និង ទ.ទ.ខ.ភ.ម. TV5។

ទោះបីជាយ៉ាងណាក៏ដោយ មហោស្រពនៅតែបន្តទទួលការចូលរួមជាថវិកាបន្ថែម ដើម្បីសម្រេចសមិទ្ធផលជំនាន់ទី១៤ ប្រកបដោយភាពរលូន តាមរយៈ៖​ ABA - SUNFLOWER FILM ORGANIZATION - 000 804 814។

សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលតាមប្រព័ន្ធផ្សព្វផ្សាយរបស់យើងខ្ញុំដូចជា៖

អំពី «ក្រុមភាពយន្តឈូករ័ត្ន»

ក្រុមភាពយន្តឈូករ័ត្ន ឬ Sunflower Film​ ​Alliance គឺជាក្រុមមួយដែលបានបង្កើតឡើង ដោយ អង្គការភាពយន្ត ឈូករ័ត្ន - Sunflower Film Organization - SFO ។ ក្រុមភាពយន្តឈូករ័ត្ន មានសមាជិកចូលរួមដោយ អ្នកស្ម័គ្រចិត្តជាច្រើនរូបទូទាំងប្រទេសកម្ពុជាដែលពួកគាត់សុទ្ធតែមាន ចំណង់ចំណូលចិត្ត ទៅលើជំនាញ ផលិតភាពយ​ន្ត ដែលមានអាយុ​ចន្លោះពី១៥ឆ្នាំដល់៤០ឆ្នាំ។ អង្គការភាពយន្តឈូករ័ត្នបានចុះឈ្មោះ ជាផ្លូវការ នៅក្រសួងមហាផ្ទៃ ជាអង្គការមិនរកប្រាក់ ចំណញ ចុះថ្ងៃ ទី១៣ ខែមីនា ឆ្នាំ២០១៩ តាមសេចក្តីប្រកាសលេខ ១៣៩៤ ប្រ.ក។

លើសពីនេះក្រុមភាពយន្តឈូករ័ត្ន ក៏បានផលិតគម្រោងខ្លួនឯង និងសហផលិត តាំងពីចុងឆ្នាំ២០១៧ ដែល រួមមានកម្មវិធី«កុនខ្ញុំ» សម្រាប់ទូរទស្សន៍ ជាតិ​កម្ពុជា (ទទក) កម្រងរឿងពី«គ្រួសារ» និងភាពយន្តខ្លីៗដូច ជារឿង “akumu”និងរឿងខ្លីៗមួយ​ចំនួន ទៀត។ តាំងពីឆ្នាំ ២០១៩ ក្រុមនេះក៏ បានរៀបចំកម្មវិធី«តស់ ថត ឯកសារនៅកម្ពុជា» (Let’s Document Cambodia) ដោយបានបណ្តុះបណ្តាល យុវជននៅភ្នំពេញ និងតាម ខេត្តនានាបានមិនតិចជាង២០០នាក់ទេ។ ក្រុមភាពយន្តឈូករ័ត្ន មានគោលដៅដ៏ចម្បង គឺចង់ឱ្យមាន ការ​យល់ដឹង កាន់តែទូលំទូលាយ អំពីការផលិត ភាពយន្ត ដើម្បីកសាងឧស្សាហកម្ម ភាពយន្តកម្ពុជាឱ្យ រឹងមានដោយរៀបចំវគ្គ បណ្តុះបណ្តាលខ្លីៗ និង ចាក់បង្ហាញស្នាដៃ តាមប្រព័ន្ធផ្សព្វផ្សាយនានា និង រោងភាពយន្ត ឬមហោស្រពនានា ជាមួយ​សម្ព័ន្ធមិត្តតាមបណ្តាខេត្តនៅកម្ពុជា ក៏ដូចជា ដៃគូនៅ ក្រៅស្រុក ដើម្បីនាំស្នាដៃយុវជនខ្មែរ ឱ្យមានការទទួលស្គាល់នៅលើឆាកអន្តរជាតិ។