ឥណ្ឌូនេស៊ី បង្កើនការនាំចូលពីអាមេរិកដល់ ១៩ ពាន់លានដុល្លារ ដើម្បីជៀសវាងពន្ធគយរបស់ត្រាំ

  • 2025-04-21 01:52:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសឥណ្ឌូនេស៊ីបានសន្យាបង្កើនការនាំចូលទំនិញពីសហរដ្ឋអាមេរិករហូតដល់ ១៩ ពាន់លានដុល្លារអាមេរិក ដែលរួមមានការទិញថាមពលចំនួន ១០ ពាន់លានដុល្លារ និងធ្វើការសម្បទានពាណិជ្ជកម្មផ្សេងទៀត ដើម្បីជៀសវាងពន្ធគយ ៣២ ភាគរយដែលប្រកាសដោយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ ការសន្យានេះត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចចរចាពាណិជ្ជកម្មទ្វេភាគីជាន់ខ្ពស់នៅទីក្រុងវ៉ាស៊ីនតោន។

រដ្ឋមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់របស់ឥណ្ឌូនេស៊ី លោក Airlangga Hartarto បានបញ្ជាក់ថា ផែនការនេះនឹងរួមបញ្ចូលការនាំចូលផលិតផលកសិកម្មដូចជា ស្រូវសាលី សណ្តែកសៀង និងអាហារសត្វពីសណ្តែកសៀង ព្រមទាំងទំនិញមូលធនសម្រាប់ឧស្សាហកម្ម។ លើសពីនេះ ឥណ្ឌូនេស៊ីនឹងសម្រួលនីតិវិធីនាំចូលផលិតផលសាកវប្បកម្មរបស់អាមេរិក និងជួយសម្រួលដល់ក្រុមហ៊ុនអាមេរិកដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសនេះ តាមរយៈការផ្តល់ការអនុញ្ញាត និងការលើកទឹកចិត្ត។

កាលពីថ្ងៃទី ៨ ខែមេសា រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូនេស៊ី លោកស្រី Sri Mulyani Indrawati បានប្រកាសថា ប្រទេសនេះនឹងបន្ថយពន្ធនាំចូលលើដែកថែប ផលិតផលរ៉ែ និងឧបករណ៍សុខាភិបាលរបស់អាមេរិកពី ៥-១០ ភាគរយ មកនៅត្រឹម ០-៥ ភាគរយ។ ពន្ធលើផលិតផលអេឡិចត្រូនិក ទូរស័ព្ទចល័ត និងកុំព្យូទ័រយួរដៃនឹងត្រូវកាត់បន្ថយមកនៅត្រឹម ០,៥ ភាគរយ ពី ២,៥ ភាគរយ។

ការសម្រេចចិត្តនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដើម្បីលុបបំបាត់អតិរេកពាណិជ្ជកម្មរបស់ឥណ្ឌូនេស៊ីជាមួយអាមេរិក ដែលនៅឆ្នាំ២០២៤ មានទំហំ ១៦,៨ ពាន់លានដុល្លារ។ លោក Hartarto បាននិយាយថា ឥណ្ឌូនេស៊ីនឹងកាត់បន្ថយការនាំចូលពីប្រទេសផ្សេងទៀត ដូចជាអូស្ត្រាលី អ៊ុយក្រែន និងកាណាដា ដែលបច្ចុប្បន្នផ្គត់ផ្គង់ស្រូវសាលីជាចម្បង ដើម្បីផ្តល់អាទិភាពដល់ទំនិញអាមេរិក។

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto បានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកនឹងកែទម្រង់គោលនយោបាយកូតានាំចូលដ៏តឹងរ៉ឹង និងតម្រូវការមាតិកាក្នុងស្រុក ដើម្បីឆ្លើយតបទៅនឹងសម្ពាធពន្ធគយរបស់អាមេរិក។ លោកបានសង្កត់ធ្ងន់ថា ឥណ្ឌូនេស៊ីចង់បង្កើតទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយយុត្តិធម៌ និងស្មើភាពជាមួយអាមេរិក។ កិច្ចចរចារវាងឥណ្ឌូនេស៊ី និងសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹងបញ្ចប់ក្នុងរយៈពេល ៦០ ថ្ងៃខាងមុខ។ ការផ្លាស់ប្តូរនេះបានបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកវិភាគថា ការផ្តល់សម្បទានច្រើនពេកអាចប៉ះពាល់ដល់ឧស្សាហកម្មក្នុងស្រុករបស់ឥណ្ឌូនេស៊ី ប៉ុន្តែរដ្ឋាភិបាលបានប្តេជ្ញាថានឹងរក្សាតុល្យភាពរវាងការចរចាជាមួយអាមេរិក និងការការពារផលប្រយោជន៍សេដ្ឋកិច្ចជាតិ។

អត្ថបទ ៖ គីម ណារ៉ាក់

អត្ថបទពេញនិយម