នាយករដ្ឋមន្រ្តីថៃ នឹងធ្វើដំណើរទស្សនកិច្ចផ្លូវការមកកាន់ កម្ពុជា អបអរខួបលើកទី៧៥នៃទំនាក់ទំនងការទូត

  • 2025-04-21 02:14:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយករដ្ឋមន្ត្រីថៃ លោកស្រី ប៉ែតថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) នឹងធ្វើទស្សនកិច្ចជាផ្លូវការមកកាន់ប្រទេសកម្ពុជានៅថ្ងៃពុធ ទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ដើម្បីអបអរសាទរខួបលើកទី៧៥នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ នេះបើយោងតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ជីរ៉ាយុ (Jirayu)។

ក្នុងអំឡុងទស្សនកិច្ចនេះ លោកស្រី ប៉ែតថងថាន នឹងចូលរួមពិធីទទួលស្វាគមន៍នៅការិយាល័យនាយករដ្ឋមន្ត្រីកម្ពុជា និងធ្វើកិច្ចប្រជុំពេញអង្គជាមួយសមភាគីកម្ពុជា គឺនាយករដ្ឋមន្ត្រី សម្តេច ហ៊ុន ម៉ាណែត។ នាយករដ្ឋមន្ត្រីទាំងពីរនឹងរួមគ្នាដឹកនាំពិធីបើកសម្គាល់និមិត្តសញ្ញាផ្លូវការអបអរខួបលើកទី៧៥នៃទំនាក់ទំនងការទូតថៃ-កម្ពុជា។ លោក ជីរ៉ាយុ បានឱ្យដឹងថា៖ «នេះជាទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់លោកស្រីនាយករដ្ឋមន្ត្រីទៅកាន់កម្ពុជា ហើយជាផ្នែកមួយនៃការប្រារព្ធខួបទំនាក់ទំនងការទូតរវាងថៃ និងកម្ពុជា»។

ទស្សនកិច្ចនេះត្រូវបានគេមើលឃើញថា នឹងជួយពង្រឹងទំនាក់ទំនងទ្វេភាគី ជាពិសេសផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការតាមព្រំដែន។ ប្រទេសថៃ និងកម្ពុជាមានទំនាក់ទំនងជិតស្និទ្ធតាមរយៈវប្បធម៌ ប្រវត្តិសាស្ត្រ និងទំនៀមទម្លាប់រួមគ្នា។ ទស្សនកិច្ចនេះត្រូវបានរំពឹងថានឹងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ។

អត្ថបទ ៖ គីម ណារ៉ាក់

អត្ថបទពេញនិយម