ជប៉ុន បើកមហាវិទ្យាល័យផ្នែក ដាយណូស័រ ដំបូងគេ សាស្រ្តាចារ្យសុទ្ធតែកំពូលៗ លំដាប់ពិភពលោក

  • 2025-05-12 06:49:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាកលវិទ្យាល័យហ្វូគុយ (Fukui Prefectural University) បានបើកមហាវិទ្យាល័យផ្នែកបុរាណវិទ្យាដាយណូស័រ (Faculty of Dinosaur Palaeontology) ជាលើកដំបូងនៅប្រទេសជប៉ុន ដែលជាព្រឹត្តិការណ៍សំខាន់សម្រាប់អ្នកសិក្សាស្រាវជ្រាវអំពីដាយណូស័រ។ មហាវិទ្យាល័យនេះ ស្ថិតនៅខេត្តហ្វូគុយ ដែលត្រូវបានគេស្គាល់ថាជា “នគរដាយណូស័រ” របស់ជប៉ុន ដោយសារតែការរកឃើញហ្វូស៊ីលដាយណូស័រជាច្រើននៅទីនោះ។

មហាវិទ្យាល័យនេះ បានស្វាគមន៍និស្សិតចំនួន ៣៤ នាក់នៅខែមេសា ដែលភាគច្រើន (ប្រមាណ ៨០%) មកពីខាងក្រៅខេត្តហ្វូគុយ។ នៅឆ្នាំទី២ និស្សិតនឹងផ្លាស់ទៅសិក្សានៅបរិវេណសាលាថ្មីនៅទីក្រុងកាតស៊ុយ៉ាម៉ា (Katsuyama) ដែលនៅជាប់នឹងសារមន្ទីរដាយណូស័រខេត្តហ្វូគុយ។ នៅទីនោះ ពួកគេនឹងទទួលបានជំនាញជាក់ស្តែងតាមរយៈការសហការជាមួយបុគ្គលិកសារមន្ទីរ រួមទាំងការចូលរួមក្នុងការជីកកកាយ ហ្វូស៊ីល។

កម្មវិធីសិក្សានេះត្រូវបានដឹកនាំដោយសាស្ត្រាចារ្យល្បីឈ្មោះចំនួន ៥ រូប ដែលជាអ្នកស្រាវជ្រាវដាយណូស័រលំដាប់ពិភពលោក។ លោក ហ៊ីរ៉ូស៊ី នីស៊ី (Hiroshi Nishi) ព្រឹទ្ធបុរសនៃមហាវិទ្យាល័យ បានមានប្រសាសន៍ថា៖ «យើងសង្ឃឹមថា និស្សិតបញ្ចប់ការសិក្សានឹងស្នាក់នៅហ្វូគុយ ឬចូលបម្រើការងារទាក់ទងនឹងដាយណូស័រ ដើម្បីរួមចំណែកជួយដល់តំបន់»។

ខេត្តហ្វូគុយ ល្បីល្បាញដោយសារស្រទាប់ភូមិសាស្ត្រដែលលាតសន្ធឹងតាំងពីយុគស៊ីលូរីយ៉ាន (Silurian Period) រហូតដល់យុគមេសូស៊ូអ៊ីក (Mesozoic Era) និងសេណូស៊ូអ៊ីក (Cenozoic Era)។ នេះធ្វើឱ្យតំបន់នេះក្លាយជាកន្លែងដ៏ល្អសម្រាប់សិក្សាអំពីវិទ្យាសាស្ត្រដាយណូស័រ និងភូមិសាស្ត្រ។ លើសពីនេះ សារមន្ទីរដាយណូស័រខេត្តហ្វូគុយ ដែលជាសារមន្ទីរដាយណូស័រធំជាងគេមួយនៅលើពិភពលោក ផ្តល់ឱកាសឱ្យនិស្សិតចូលរួមក្នុងការស្រាវជ្រាវតាមបែបទំនើប។

មហាវិទ្យាល័យនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានអត្រាអ្នកដាក់ពាក្យចូលរៀនលើស ១០ ដងនៃចំនួនកន្លែងដែលបានកំណត់ បង្ហាញពីប្រជាប្រិយភាពនៃផ្នែកសិក្សាដាយណូស័រនៅជប៉ុន។ ការបង្កើតមហាវិទ្យាល័យនេះ មិនត្រឹមតែជួយជំរុញការសិក្សាស្រាវជ្រាវប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការអភិវឌ្ឍសហគមន៍មូលដ្ឋានតាមរយៈការទាក់ទាញអ្នកទេសចរ និងអ្នកសិក្សាមកកាន់ខេត្តហ្វូគុយ។ អ្នកជំនាញជឿជាក់ថា មហាវិទ្យាល័យនេះនឹងបណ្តុះបណ្តាលអ្នកវិទ្យាសាស្ត្រដាយណូស័រជំនាន់ថ្មី និងលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់ជប៉ុនក្នុងវិស័យនេះ៕

អត្ថបទ៖ Men Sothearith