ធ្លាប់ដឹងឬអត់? Data Center ធ្លាប់ជាគ្រែគេងរបស់បុគ្គលិក Microsoft

  • 2025-05-19 07:18:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Data Center ឬមជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុន Microsoft ធ្លាប់ជាកន្លែងគ្រែគេងរបស់បុគ្គលិក រឿងនេះគឺកើតឡើងនាពេល ចុងឆ្នាំ២០១៩ អំឡុងជំងឺរាតត្បាត កូវីដ១៩ រីករាលដាលពាសពេញពិភពលោក។

រដូវកាល ជំងឺឆ្លងកូវីដ១៩ មនុស្សចាំបាច់ត្រូវការសម្រាកនៅផ្ទះ ប៉ុន្ដែមជ្ឈមណ្ឌលទិន្ន័យ (Data Cener) របស់ Microsoft មិនត្រូវការសម្រាកនោះទេ វានៅតែដំណើរការ ២៤ម៉ោងក្នុង១ថ្ងៃ និងនៅបន្តរាប់ខែរាប់ឆ្នាំដដែល។ ម្ល៉ោះហើយធ្វើឱ្យបុគ្គលិក Microsoft យកទីកន្លែងនេះជាជម្រក សម្រាកគេង ដើម្បីត្រៀមខ្លួនដោះស្រាយបញ្ហាដែលអាចកើតមាន អំឡុងពេលវិបត្តិកូវីដ១៩។

“ខ្ញុំបានឮរឿងមិននឹកស្មានដល់ថាពិតជាមានបុគ្គលិកគេងនៅ Data center” នេះជាប្រសាសន៍របស់ លោក Kristen Roby Dimlow ជាអនុប្រធានផ្នែកធនធានមនុស្សរបស់ Microsoft។

ជុំវិញបញ្ហានេះ លោកស្រី Noelle Walsh ជាអនុប្រធានផ្នែកសេវាកម្ម Cloud បានបន្ថែមថា “ក្នុងករណីខ្លះ យើងប្តូរវេនគ្នាធ្វើការ និងធ្វើការទាំងយប់ទាំងថ្ងៃដើម្បីបំពេញការងារ”។

យ៉ាងណាក៏ដោយ ទីកន្លែង Data Center មិនជាកន្លែងល្អប៉ុន្មានឡើយសម្រាប់គេង ត្បិតអីជាកន្លែងម៉ាស៊ីនកុំព្យូទ័រជាច្រើនដំណើរការដំណាលគ្នា ដោយបំភាយនូវកំដៅម៉ាស៊ីន វិទ្យុសកម្ម និងសំឡេងឮខ្លាំង។ មិនតែប៉ុណ្ណោះសីតុណ្ហភាពក៏ទាមទារភាពត្រជាក់ខុសពីធម្មតា ដើម្បីរក្សាអាយុកាលម៉ាស៊ីនកុំព្យូទ័ និងដំណើរការល្អផងដែរ។

បន្ថែមពីនេះ លោកស្រី Noelle Walsh បាននិយាយតទៀតថា “បុគ្គលិកក៏ត្រូវបានអនុញ្ញាតឱ្យធ្វើការពីផ្ទះ ប្រសិនបើពួកគេមិនស្រួលអារម្មណ៍ស្នាក់នៅក្នុង Data Center”។ Microsoft ក៏បាននិយាយផងដែរថា ពួកគេបានផ្លាស់ប្ដូរបរិយាកាសការងារខ្លះ ក្នុងអំឡុងពេលជំងឺរាតត្បាត ដោយផ្ដល់ឡានក្រុងក្នុងការដឹកជញ្ជូនជាឯកជន និងអនុញ្ញាតឱ្យសណ្ឋាគារស្នាក់នៅប្រសិនបើមានភាពចាំបាច់ចំពោះបុគ្គលិកខ្លួន។

តើអ្នកធ្លាប់បានដឹងរឿងរ៉ាវទាំងនេះអំឡុងពេល កូវីដ១៩ ដែរឬទេ?

អត្ថបទ៖ កុសល

អត្ថបទពេញនិយម
អត្ថបទថ្មី