កូវីដផ្ទុះឆ្លងខ្លាំងនៅ ថៃ ជាង ៥៣,០០០ ករណី ក្នុងមួយសប្តាហ៍ ខណៈសាលាប្តូរទៅរៀនតាមអនឡាញ

  • 2025-05-28 04:08:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាងកក៖ ប្រទេសថៃបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៥៣,៥៦៣ ករណី និងមានអ្នកស្លាប់ចំនួន ៥ នាក់ ក្នុងរយៈពេលមួយសប្តាហ៍ចន្លោះថ្ងៃទី ១៨ ដល់ ២៤ ខែឧសភា ឆ្នាំ២០២៥។ នេះបើយោងតាមនាយកដ្ឋានគ្រប់គ្រងជំងឺនៃក្រសួងសុខាភិបាលថៃ។ ការកើនឡើងនៃករណីឆ្លងនេះបានជំរុញឱ្យសាលារៀនមួយចំនួននៅក្នុងប្រទេសនេះប្តូរទៅប្រើប្រាស់ការរៀនតាមអនឡាញ ដើម្បីធានាសុវត្ថិភាពសិស្ស។

យោងតាមរបាយការណ៍ ក្នុងចំណោមករណីឆ្លងសរុប ៥៣,៥៦៣ នេះ មានអ្នកជំងឺ ២,៨២៧ នាក់ត្រូវសម្រាកនៅមន្ទីរពេទ្យ និង ៥០,៧៣៦ នាក់ទៀតជាអ្នកជំងឺខាងក្រៅ។ ក្រុមអាយុដែលរងផលប៉ះពាល់ខ្លាំងបំផុតគឺអាយុ ៣០-៣៩ ឆ្នាំ (១០,៧៤០ ករណី) បន្ទាប់មកអាយុ ២០-២៩ ឆ្នាំ (៩,៥២៧ ករណី) អាយុ ៦០ ឆ្នាំឡើងទៅ (៨,១០៧ ករណី) និងកុមារអាយុរហូតដល់ ៤ ឆ្នាំ (៤,១១៧ ករណី)។ ទីក្រុងបាងកកមានចំនួនករណីឆ្លងខ្ពស់បំផុត ៩,៥៣៩ ករណី បន្ទាប់មកខេត្ត ឈុនបុរី (៣,៣៧៩ ករណី) សមុទ្រប្រាកាន (២,៤៩១ ករណី) ណុនថាបុរី (២,២៧៨ ករណី) និងរ៉ាយ៉ុង (២,២១០ ករណី)។

នៅខេត្តសមុទ្រប្រាកាន ការកើនឡើងនៃករណីឆ្លងបានជំរុញឱ្យសាលារៀន រ៉ាតវីនីត បាងកែវ ក្នុងស្រុកបាងភ្លី ប្តូរទៅរៀនតាមអនឡាញចាប់ពីថ្ងៃទី ២៦ ដល់ ២៨ ខែឧសភា ដើម្បីការពារសុវត្ថិភាពសិស្ស។ វិធានការនេះត្រូវបានប្រកាសនៅលើគេហទំព័ររបស់សាលារៀន ដោយសង្កត់ធ្ងន់លើសុខុមាលភាពរបស់សិស្សជាអាទិភាព។

នាយកដ្ឋានគ្រប់គ្រងជំងឺបានកត់សម្គាល់ថា ករណីឆ្លងកូវីដ-១៩ នៅតែបន្តកើតមាន ជាពិសេសក្នុងរដូវភ្លៀង និងក្នុងអំឡុងពេលបើកឆមាសសិក្សា ដែលបង្កើនហានិភ័យនៃការចម្លងនៅកន្លែងមានមនុស្សច្រើនដូចជា ការដឹកជញ្ជូនសាធារណៈ សាលារៀន មន្ទីរពេទ្យ និងមជ្ឈមណ្ឌលថែទាំមនុស្សចាស់។ នាយកដ្ឋានបានណែនាំឱ្យសាធារណជនអនុវត្តវិធានការបង្ការសាមញ្ញៗ ដូចជា ពាក់ម៉ាស់ប្រសិនបើមានគ្រុនក្តៅ ឬក្អក ជៀសវាងការប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានរោគសញ្ញាផ្លូវដង្ហើម លាងដៃឱ្យបានញឹកញាប់ និងប្រើឧបករណ៍តេស្ត ATK ប្រសិនបើសង្ស័យថាមានការឆ្លង។ ប្រសិនបើលទ្ធផលតេស្តវិជ្ជមាន គួរស្វែងរកការព្យាបាលភ្លាម។

លោកស្រី សាស៊ីកាន អ្នកនាំពាក្យនាយកដ្ឋានគ្រប់គ្រងជំងឺ បានព្រមានថា “កុំនាំយកវីរុសទៅផ្ទះដែលមានក្រុមងាយរងគ្រោះ ដូចជាមនុស្សចាស់ ឬអ្នកដែលមានជំងឺរ៉ាំរ៉ៃ”។ យោងតាមនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ វីរុសបំប្លែង JN.1 នៅតែជាប្រភេទដែលគ្របដណ្តប់នៅក្នុងប្រទេសថៃ ដែលមានសមាមាត្រ ៦៣.៩២% នៃករណីដែលបានវិភាគ។ ទោះបីជាភាពធ្ងន់ធ្ងរនៃវីរុសនេះបានថយចុះ ក៏ប៉ុន្តែវានៅតែរាលដាលយ៉ាងឆាប់រហ័ស។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៥ ប្រទេសថៃបានរាយការណ៍ពីករណីឆ្លងកូវីដ-១៩ សរុបចំនួន ១៨៦,៩៥៥ ករណី និងអ្នកស្លាប់ ៤៦ នាក់។ អាជ្ញាធរសុខាភិបាលថៃបានជំរុញឱ្យប្រជាជនបន្តប្រុងប្រយ័ត្ន និងអនុវត្តវិធានការបង្ការដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ៕

អត្ថបទ ៖ គីម ណារ៉ាក់

អត្ថបទថ្មី