ឯកអគ្គរដ្ឋទូតបារាំង ដឹកនាំគណៈប្រតិភូធុរកិច្ច ធ្វើទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិតេជោ
- 2025-06-10 03:50:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកអគ្គរដ្ឋទូតបារាំង ដឹកនាំគណៈប្រតិភូធុរកិច្ច ធ្វើទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិតេជោ
ចន្លោះមិនឃើញ
ភ្នំពេញ ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៥ - អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) បានស្វាគមន៍ស្ថានទូតបារាំងសម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការក្នុងវត្តមាន ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា អមដំណើរដោយទីប្រឹក្សាពាណិជ្ជកម្មបរទេសនៃប្រទេសបារាំងប្រចាំកម្ពុជា (CCE) សភាពាណិជ្ជកម្មនៃប្រទេសបារាំងប្រចាំកម្ពុជា (CCIFC) និងតំណាងសហគមន៍ធុរកិច្ចបារាំង។
ដំណើរទស្សនកិច្ចនេះបានផ្តល់ឱ្យអ្នកចូលរួមនូវទិដ្ឋភាពខាងក្នុងនៃគម្រោងអន្តរជាតិមួយ នៅប៉ុន្មានខែមុនការបើកជាផ្លូវការរបស់ខ្លួនដែលបានគ្រោងទុកសម្រាប់ខែកញ្ញា ឆ្នាំ ២០២៥។
ព្រលានយន្តហោះនេះកំពុងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Cambodia Airport Investment Co. (CAIC) ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) និងក្រុមហ៊ុន OCIC ដែលបានដឹកនាំដំណើរទស្សនកិច្ចនេះ។ ដំណើរទស្សនកិច្ចនេះបានចាប់ផ្តើមជាមួយនឹងការបង្ហាញគំរូព្រលានយន្តហោះ អមដោយវីដេអូបង្ហាញពីវឌ្ឍនភាពនៃការដ្ឋានសាងសង់។ ផ្លូវរត់ដ៏សំខាន់ដែលមានប្រវែង ៤,០០០ ម៉ែត្រ និងទទឹង ៦០ ម៉ែត្រ ឥឡូវនេះបានបញ្ចប់ហើយ និងបានស្វាគមន៍ការហោះហើរសាកល្បងលើកដំបូងរបស់ខ្លួនដោយជោគជ័យនៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៤។
ជាប់ចំណាត់ថ្នាក់ដោយ CNN ជាគម្រោងស្ថាបត្យកម្មមួយក្នុងចំណោមគម្រោងទាំង ១១ ដែលនឹងបំលែងពិភពលោកនៅឆ្នាំ ២០២៥ អាកាសយានដ្ឋានអន្តរជាតិតេជោ ឈរជានិមិត្តសញ្ញានៃការផ្លាស់ប្តូរសម្រាប់ប្រទេសកម្ពុជា ដោយរួមបញ្ចូលគ្នានូវជំនាញក្នុងស្រុក និងការសហការអន្តរជាតិ។
អាកាសយានដ្ឋានអន្តរជាតិតេជោ តំណាងឱ្យអ្នកជំនាញកម្ពុជា និងការបើកចំហរបស់ប្រទេសចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈភាពជាដៃគូដ៏រឹងមាំជាមួយក្រុមហ៊ុនពិភពលោកមួយចំនួនដូចជា៖ ក្រុមហ៊ុន Vinci Airports សម្រាប់ការគ្រប់គ្រងប្រតិបត្តិការ ក្រុមហ៊ុន Foster + Partners សម្រាប់ការរចនាស្ថាបត្យកម្មរបស់អគារជើងហោះហើរ ក្រុមហ៊ុនបារាំង LBL International សម្រាប់រចនាសម្ព័ន្ធដំបូលស្ថានីយ និងក្រុមហ៊ុនបុត្រសម្ព័ន្ធដែលដឹកនាំដោយ Lagardère Travel Retail និង Newrest Cambodia ដែលសហការជាមួយដៃគូក្នុងស្រុក HSC Group ដើម្បីដំណើរការផ្នែកពាណិជ្ជកម្ម រួមមានហាងឥតគិតពន្ធ (duty-free) ភោជនីយដ្ឋាន និងហាងលក់ទំនិញ។
«អាកាសយានដ្ឋានអន្តរជាតិតេជោ គឺលើសពីព្រលានយន្តហោះទៅទៀត។ វាជាគម្រោងសំខាន់ដែលឆ្លុះបញ្ចាំងពីមហិច្ឆតារបស់កម្ពុជាទាំងក្នុងកម្រិតតំបន់ និងអន្តរជាតិ។ យើងមានកិត្តិយសក្នុងការសហការជាមួយក្រុមហ៊ុនឈានមុខគេរបស់បារាំងដូចជា Vinci, Lagardère និង Newrest ។ ដំណើរទស្សនកិច្ចនេះបង្ហាញពីការពង្រឹងភាពជាដៃគូរវាងវិស័យឯកជនបារាំង និងកម្ពុជា» លោក Thierry Tea អនុប្រធានក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានលើកឡើង។
គណៈប្រតិភូបានទស្សនាចំណតអ្នកដំណើរ ក៏ដូចជាប៉មត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសដែលមានកម្ពស់ ១១៨ ម៉ែត្រ។ អគារជើងហោះហើរនេះមានច្រកចេញចូលចំនួន ២០ និងស្ពានតភ្ជាប់ពីស្ថានីយ៍ទៅកាន់យន្តហោះចំនួន ៣២ បើប្រៀបធៀបទៅនឹងអាកាសយានដ្ឋានភ្នំពេញពោធិ៍ចិនតុងដែលមានតែ ៧ ប៉ុណ្ណោះ ដែលអាកាសយានដ្ឋានអន្តរជាតិតេជោគ្រោងនឹងជំនួស។ សំណង់ថ្មីនេះគម្រោងមានទំហំធំធេងដែលបង្ហាញពីជំហានដ៏សំខាន់មួយក្នុងទិសដៅសមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធ។ តំបន់នេះគ្របដណ្តប់ផ្ទៃដីដល់ទៅ ២,៦០០ ហិកតា។
«ការធ្វើការលើគម្រោងទ្រង់ទ្រាយធំនេះជាមួយក្រុមដែលមកពីតំបន់ផ្សេងៗគ្នា គឺជាបទពិសោធន៍មួយដ៏សំបូរបែប។ អាកាសយានដ្ឋានអន្តរជាតិតេជោបង្កប់នូវមហិច្ឆិតារបស់កម្ពុជា និងការរួមចំណែករបស់អ្នកជំនាញអន្តរជាតិ។ ដំណើរទស្សនកិច្ចថ្ងៃនេះបង្ហាញយ៉ាងល្អឥតខ្ចោះនូវកិច្ចសហការដ៏ខ្លាំងក្លានេះ។» Laurene Belcour អ្នកគ្រប់គ្រងផ្នែករចនាសម្រាប់ CAIC - អាកាសយានដ្ឋានអន្តរជាតិតេជោ
ភាពជិតស្និទ្ធរវាងប្រទេសបារាំង និង អូស៊ីអាយស៊ី ក៏ត្រូវបានឆ្លុះបញ្ចាំងផងដែរនៅក្នុងក្រុមការងាររបស់ អូស៊ីអាយស៊ី (OCIC) ដែលបច្ចុប្បន្នរួមមានអ្នកជំនាញជនជាតិបារាំងប្រហែល ៥០ នាក់ ដែលតំណាងឱ្យប្រហែល ២០% នៃកម្លាំងពលកម្មបរទេសរបស់ក្រុមនេះ ដែលធ្វើការក្នុងវិស័យផ្សេងៗដូចជា វិស្វកម្ម ទីផ្សារ និងការអប់រំ។
ដំណើរទស្សនកិច្ចនេះក៏បាននាំមកនូវក្រុមហ៊ុនបារាំងមួយចំនួនដែលជាដៃគូក្នុងគម្រោង ឬសហការជាមួយក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) រួមមានៈ Accor, Thalias Hospitality Group, LBL International, Archetype, Scazma, Bodia, Mybodia, និង Senteur d'Angkor។
លើសពីហេដ្ឋារចនាសម្ព័ន្ធ ទស្សនកិច្ចនេះបង្ហាញពីទំនាក់ទំនងដ៏រឹងមាំនៃទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសបារាំង និងកម្ពុជា ដែលជាទំនាក់ទំនងជាក់ស្តែងដែលជំរុញដោយការផ្លាស់ប្តូរវិស័យឯកជន និងការតម្រង់ទិសឆ្ពោះទៅរកនវានុវត្តន៍ សេវាកម្ម និងអនាគត។