ចិន ប្រាប់ឱ្យមន្ទីរពេទ្យ ផ្តល់ថ្នាំស្ពឹកឆ្អឹងខ្នង កាត់បន្ថយការឈឺចាប់ពេលសម្រាល ដើម្បីជំរុញអត្រាកំណើត
- 2025-06-11 03:15:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិន ប្រាប់ឱ្យមន្ទីរពេទ្យ ផ្តល់ថ្នាំស្ពឹកឆ្អឹងខ្នង កាត់បន្ថយការឈឺចាប់ពេលសម្រាល ដើម្បីជំរុញអត្រាកំណើត
ចន្លោះមិនឃើញ
ប្រទេសចិនបានប្រកាសថា នៅចុងឆ្នាំ២០២៥នេះ មន្ទីរពេទ្យកម្រិតខ្ពស់ទាំងអស់ (tertiary hospitals) ត្រូវតែផ្តល់សេវាថ្នាំស្ពឹកឆ្អឹងខ្នង (epidural anesthesia) សម្រាប់ស្ត្រីសម្រាលកូន ដើម្បីបង្កើតបរិយាកាស “បន្ថយការឈឺចាប់សម្រាប់ការសម្រាលកូន” និងជំរុញអត្រាកំណើតដែលកំពុងធ្លាក់ចុះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មការសុខាភិបាលជាតិចិន (NHC) កាលពីសប្តាហ៍មុន។
គណៈកម្មការសុខាភិបាលជាតិចិនបានកំណត់ថា មន្ទីរពេទ្យកម្រិតខ្ពស់ដែលមានគ្រែជាង ៥០០ ត្រូវផ្តល់សេវាថ្នាំស្ពឹកឆ្អឹងខ្នងនេះនៅឆ្នាំ២០២៥ ខណៈមន្ទីរពេទ្យកម្រិតមធ្យមដែលមានគ្រែជាង ១០០ ត្រូវអនុវត្តនៅឆ្នាំ២០២៧។ វិធានការនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនអត្រាកំណើតនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោក បន្ទាប់ពីចំនួនប្រជាជនចិនបានធ្លាក់ចុះជាលើកទីបីជាប់គ្នា។
បច្ចុប្បន្ន មានតែប្រមាណ ៣០% នៃស្ត្រីមានផ្ទៃពោះនៅប្រទេសចិនប៉ុណ្ណោះដែលទទួលបានថ្នាំស្ពឹកដើម្បីបន្ថយការឈឺចាប់អំឡុងពេលសម្រាលកូន បើប្រៀបធៀបជាមួយជាង ៧០% នៅក្នុងបណ្តាប្រទេសអភិវឌ្ឍន៍មួយចំនួនដូចជាបារាំង (៨២%) សហរដ្ឋអាមេរិក និងកាណាដា (ជាង ៦៧%)។ អង្គការសុខភាពពិភពលោក (WHO) បានណែនាំឱ្យប្រើថ្នាំស្ពឹកឆ្អឹងខ្នងសម្រាប់ស្ត្រីមានផ្ទៃពោះដែលមានសុខភាពល្អ និងស្នើសុំការបន្ថយការឈឺចាប់។
លើសពីនេះ ខេត្តជាច្រើននៅទូទាំងប្រទេសចិនក៏បានចាប់ផ្តើមបញ្ចូលថ្លៃសេវាថ្នាំស្ពឹកសម្រាលកូនទៅក្នុងកម្មវិធីធានារ៉ាប់រងសុខាភិបាល ដើម្បីលើកទឹកចិត្តស្ត្រីឱ្យសម្រាលកូនកាន់តែច្រើន។ ការធ្លាក់ចុះអត្រាកំណើតនៅប្រទេសចិន គឺជាលទ្ធផលនៃកត្តាជាច្រើន រួមទាំងថ្លៃចំណាយខ្ពស់ក្នុងការចិញ្ចឹមកូន ភាពមិនប្រាកដប្រជាក្នុងការងារ និងសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ។ កត្តាទាំងនេះបានធ្វើឱ្យយុវជនចិនជាច្រើនស្ទាក់ស្ទើរក្នុងការរៀបការ និងបង្កើតគ្រួសារ៕