សាកល្បងបាន! គ្រប់គ្នា អាចខ្ចីកង់ជិះកម្សាន្ដដោយសេរី ឆ្លងកាត់រមណីយដ្ឋានប្រវត្ដិសាស្ដ្រទាំង ៣នេះ

  • 2025-06-12 06:27:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កង់ចំនួន ៧០គ្រឿង ដែលជាជំនួយរបស់អង្គការ អេត អេ អាកស្យុង តាមរយៈរដ្ឋបាលស្រុកទឹកឈូ ខេត្ដកំពត បានដាក់ឲ្យភ្ញៀវទេសចរជាតិ-អន្ដរជាតិ ខ្ចីជិះកម្សាន្ដដោយសេរីជាមួយនឹងលក្ខណ្ឌដ៏ងាយផុត គឺគ្រាន់តែតម្កល់ទុកអត្ដសញ្ញាណបណ្ណ ឬលិខិតសម្គាល់ខ្លួនថតចម្លងតែ ១សន្លឹកគត់។

ថ្មីៗនេះ មន្ដ្រីរាជការ នៃរដ្ឋបាលស្រុក និងបុគ្គលិកអង្គការប្រមាណ ១០០នាក់ បានបង្កើតព្រឹត្ដិការណ៍ជិះកង់ ជាការបើកទំព័រថ្មីនៃដំណើរកម្សាន្ដបែបធម្មជាតិដោយជិះកង់លើតម្រាយផ្លូវជាង ២០គីឡូម៉ែត្រ ចេញពីសាលាស្រុកទឹកឈូ ឆ្លងកាត់រណីយដ្ឋានធម្មជាតិប្រវត្ដិសាស្ដ្រល្បីៗចំនួន ៣ គឺល្អាងបុរេប្រវត្ដិ ភ្នំក្បាលរមាស ប្រាសាទភ្នំឈ្ងោក និងទំនប់ប្រទ័ក្សក្រឡា ឬទំនប់អាថ៌កំបាំង។

ប្រធានអង្គការ អេត អេ អាកស្យុង ប្រចាំកម្ពុជា លោក វន សំភាស់ មានប្រសាសន៍ថា រូបលោក និងក្រុមការងារពិតជាចង់ឃើញស្នាមញញឹម និងការរីកចម្រើនលើការអប់រំ គុណភាពរស់នៅ និងសេដ្ឋកិច្ចគ្រួសារនីមួយៗតាមសហគមន៍។ ជាក់ស្ដែងការផ្ដល់កង់តាមរយៈរដ្ឋបាលស្រុកទឹកឈូនៅពេលនេះ គឺដើម្បីបង្ហាញពីសក្ដានុពលទេសចរក្នុងតំបន់ផង បង្កើនការយល់ដឹងផ្នែកសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់សហគមន៍ផង។

បើតាមលោក វន សំភាស់ អង្គការ អេត អេ អាកស្យុង បានបង្កើតគម្រោងចែកកង់នេះតាំងពីជាង ១០ឆ្នាំមុន ទៅតាមគោលដៅទូទាំង ២៥ខេត្ដ/ក្រុង ដោយផ្ដោតលើសិស្សក្រីក្រ រស់នៅឆ្ងាយពីសាលារៀនបន្ថែមពីលើការផ្ដល់មធ្យោបាយធ្វើដំណើរផ្សេងទៀតដូចជាទូក និងយានយន្ដសម្រាប់ពួកគេ។ គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៥ នេះ អង្គការបានផ្ដល់កង់ដល់សហគមន៍គោលដៅជាង ១៣,០០០ កង់ ហើយ៕

សំ​ ណាង

អត្ថបទពេញនិយម
អត្ថបទថ្មី