Vivo X Fold 5 ទូរសព្ទស្ដើងអេក្រង់បត់ ប៉ុន្តែដាក់ថ្ម 6,000mAh និងការពារទឹកកម្រិត IP59+
- 2025-06-26 07:40:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Vivo X Fold 5 ទូរសព្ទស្ដើងអេក្រង់បត់ ប៉ុន្តែដាក់ថ្ម 6,000mAh និងការពារទឹកកម្រិត IP59+
ចន្លោះមិនឃើញ
ជាទូទៅទូរសព្ទបត់អេក្រង់ យើងមិនងាយឃើញមានអាវក្រោះការពារទឹកកម្រិតខ្ពស់នោះទេ ហើយក៏មិនសូវមានថ្មធំដែរ ប៉ុន្តែពេលនេះ Vivo បានបញ្ចេញ X Fold5 របស់ខ្លួន ដែលជាទូរសព្ទអេក្រង់បត់ មានកម្រិតធន់ជាងគេបង្អស់ បំពាក់ប្រព័ន្ធការពារទឹកកម្រិត IP59+ និងថ្មធំដល់ 6,000mAh មិនធ្លាប់មាននៅលើទូរសព្ទអេក្រង់បត់ពីមុនមក មានកាមេរ៉ាទំហំ 50MP ចំនួន ៣ គ្រាប់ ចំណែកម៉ាស៊ីនក៏ស្ថិតនៅកម្រិតខ្ពស់ផងដែរ។
Vivo បានបញ្ជាក់ថា X Fold 5 ត្រូវបានរចនាយ៉ាងល្អិតល្អន់ អោយមានកម្រាស់ត្រឹមតែ 9.2mm ប៉ុណ្ណោះពេលបត់ ហើយពេលបើក មានកម្រាស់ត្រឹម 4.3mm និងមានទម្ងន់ 217g ជាមួយតួខ្លួនស្រោបពី Titanium ប៉ុន្តែគេអាចបំពាក់ថ្មបានដល់ 6,000mAh ប្រភេទ Blue Volt ពីក្រុមហ៊ុន Vivo ផ្ទាល់មានចំនួន ២ គ្រាប់ (មួយគ្រាប់ទំហំ 3,275mAh និងមួយគ្រាប់ទៀត 2,725mAh) ថែមទាំងគាំទ្រការសាកថ្មលឿនដល់ 80W និងសាកថ្មឥតខ្សែដល់ 40W ផងដែរ។
អេក្រង់របស់ Vivo X Fold 5 ត្រូវបានប្រើប្រាស់ប្រភេទ LTPO OLED ដែលមានទំហំ 6.53 អ៊ីងនៅផ្នែកខាងមុខ និង 8.03 អ៊ីងពេលបើកអេក្រង់ខាងក្នុង មានកម្រិតភាពច្បាស់ 2,480 x 2,200 ភិកស៊ែល មានពន្លឺខ្ពស់បំផុត 4,500 nits មានល្បឿន refresh rate 120Hz និងមាន Color 10-Bit។
ទូរសព្ទនេះ មានអាវក្រោះការពារទឹក និងធូលីកម្រិតខ្ពស់ជាងគេបង្អស់ ក្នុងចំណោមទូរសព្ទអេក្រង់បត់ ដោយក្រុមហ៊ុន Vivo បញ្ជាក់ថា X Fold 5 ទទួលបានកម្រិតការពារទឹកជ្រលក់ទឹក IPX8 ការខ្ទាតទឹក IPX9+ និងកម្រិតការពារធូលី IP5X គេអះអាងថា អាវក្រោះការពារប៉ុណ្ណឹង អាចធន់ទៅនឹងអាកាសធាតុបានដល់ -20°C។
ផ្នែកកាមេរ៉ា Vivo បន្ដសហការជាមួយក្រុមហ៊ុន Zeiss សម្រាប់បំពាក់កញ្ចក់លេន ចំណែកស៊េនស័រ បានទិញពីក្រុមហ៊ុន Sony ស៊េរី IMX921 ជាស៊េនស័រទំហំ 1/1.56 អ៊ីង និង Aperture f/1.57 អាចចាប់រូបភាព 50MP រីឯលេន Zeiss Super Telephoto ប្រើប្រាស់ស៊េនស័រ IMX882 អាចពង្រីកបាន 3x Aperture F/2.55 អាចចាប់រូបភាពទំហំ 50MP ហើយចុងក្រោយគឺកាមរ៉ាទូលាយ Ultrawide ប្រើប្រាស់លេន 15mm អាចចាប់រូបភាពបាន 50MP ដូចគ្នា។
ចំពោះកម្លាំងម៉ាស៊ីនវិញ Vivo X Fold 5 ដំណើរការដោយឈីប Snapdragon 8 Gen 3 ដែលមានអាយុកាលជិត ២ ឆ្នាំមកហើយ ប៉ុន្តែនៅតែកម្លាំងខ្ពស់មកដល់បច្ចុប្បន្ន ផ្សំជាមួយរ៉េម 12GB ទៅ 16GB ប្រភេទ LPDDR5X មានអង្គផ្ទុកទិន្នន័យ 256GB ឬ 512GB ឬ 1TB ប្រភេទ UFS 4.1 មានប្រព័ន្ធ 5G Bluetooth 5.4 ដែលអាចភ្ជាប់បានដល់ឆ្ងាយបំផុត 1km និងមាន NFC ផងដែរ។
Vivo X Fold 5 ស្ថិតនៅក្នុងចំណោមទូរសព្ទអេក្រង់បត់ ដែលមានរចនាបថលេចធ្លោ និងគុណភាពផលិតខ្ពស់ ទោះបីជាប្រើឈីបជំនាន់ចាស់កាលពីឆ្នាំមុនក៏ដោយ។ ទូរសព្ទនេះ ត្រូវបានដាក់កុម្ម៉ង់ ក្នុងទីផ្សារប្រទេសចិន ចាប់ពីតម្លៃ 975$ រហូតដល់ 1,325$ និងចេញលក់ជាផ្លូវការចាប់ពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ តទៅ។