លោកគ្រូ ធន់ សុភា ឆ្លើយតបសំណើរកីឡាករ DANIEL តាមរយៈ អេតមីន គឹមសង់ ហើយ!

  • 2025-06-27 05:06:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្លាមៗ ក្រោយការប្រកួតដ៏កក្រើកលើសង្វៀននៅប្រទេសញូវហ្សែលេនកាលពីចុងសប្ដាហ៍មុន រវាងកីឡាករ លន បញ្ញា និង DANIEL RUWANGA អេតមីន គឹមសង់ ដែលជាអ្នកអត្ថាធិប្បាយអាជីពលើវិស័យកីឡាប្រដាល់ បានបង្ហើបថា RUWANGA មានបំណងមកស្នាក់នៅ និងទទួលការហ្វឹកហាត់បន្ថែមនៅប្រទេសកម្ពុជា។

អេតមីន គឹមសង់ បានប្រាប់ Sabay នៅថ្ងៃទី២៧ ខែមិថុនា នេះ ថា ដៃគូរបស់ លន បញ្ញា ដែលជាកីឡាករជនជាតិ ញូវហ្សែលេននេះ គឺខ្លាំង ប៉ុន្ដែប៉ះជាមួយកីឡាករខ្មែរកាន់តែធ្វើឲ្យរូបគេភ្ញាក់ផ្អើល ហើយចង់ស្វែងយល់ពីក្បាច់ពិសេសៗដែលកីឡាករជើងខ្លាំងរបស់ខ្មែរធ្លាប់ប្រើនៅសង្វៀន។ DANIEL បានស្កាត់មកជួបលោក និងបញ្ញា គឺក្នុងគោលបំណងជូនកាដូ និងចង់បានឱកាសមកស្នាក់នៅ ហើយហ្វឹកហាត់បន្ថែមនៅក្លឹបណាមួយ នៃក្លឹបប្រដាល់គុនខ្មែរ។

លោក គឹមសង់ និយាយថាក្នុងនាមលោកជាកូនខ្មែរ និងស្នេហាវិស័យកីឡាប្រដាល់មួយរូប ពិតជាមានមោទនៈភាពចំពោះ គុនខ្មែរ ដែលធ្វើឲ្យកីឡាករបរទេសទទួលស្គាល់ជាលក្ខណៈអន្ដរជាតិនូវក្បាច់ពិសេសៗ ដើម្បីផ្ដួលទៅលើដៃគូប្រកួត ឬយកជ័យជំនះក្នុងការប្រកួតមិនថាកម្រិតជាតិ ឬអន្ដរជាតិ។ លោកថា សំណើររបស់កីឡាករ DANIEL ត្រូវបានលោកពាំនាំមកដល់ក្លឹបប្រដាល់គុនខ្មែរ នៅកម្ពុជា ហើយបច្ចុប្បន្នទទួលបានលទ្ធផលហើយ។

ជុំវិញសំណើរនេះ លោកគ្រូ ធន់ សុភា ដែលជាម្ចាស់ក្លឹបប្រដាល់គុនខ្មែរល្បីមួយ បានស្វាគមន៍ DANIEL ដោយបង្ហើបថា បើកីឡាកររូបនេះចាប់អារម្មណ៍ហ្វឹកហាត់ពិតប្រាកដ រូបលោកនឹងផ្ដល់បន្ទប់ស្នាក់នៅ អាហារ និងការហ្វឹកហាត់យ៉ាងពេញលេញដូចកីឡាករខ្មែរដែរ។ តាមរយៈបទសម្ភាសន៍ខ្លីជាមួយ អេតមីន គឹមសង់ លោកគ្រូ ធន់ សុភា បញ្ជាក់ថា គ្រប់កីឡាករដែលមានឱកាសចេញទៅប្រកួតនៅក្រៅប្រទេសត្រូវប្រកាន់ទឹកចិត្ដមុះមុត យកឈ្នះគូប្រកួត ដើម្បីពង្រីកកេរ្ដិ៍ឈ្មោះគុនខ្មែរ ដូចករណីដៃគូ បញ្ញា នេះ ជាផ្នែកមួយជួយដល់គុនខ្មែរដែរ។

ចំពោះសំណើរឆ្លើយឆ្លងគ្នារបស់កីឡាករ DANIEL RUWANGA ជាមួយក្លឹបប្រដាល់គុនខ្មែរនេះ ត្រូវបាន អេតមីន គឹមសង់ បញ្ជាក់ថានឹងផ្សាភ្ជាប់ដំណឹងនេះជាបន្ដបន្ទាប់ទៀត ដើម្បីឈានទៅដល់ការសម្រេចចិត្ដដាក់ពេលវេលាជាក់លាក់របស់កីឡាករ DANIEL និងក្លឹបបើកទទួល ហើយចាប់ផ្ដើមហ្វឹកហាត់។

សូមជម្រាប់ជូនថា ប្រដាល់គុនខ្មែរដែលរៀបចំឡើងនៅលើទឹកដីប្រទេស ញូវហ្សែលេន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ជាមួយការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ និងលក្ខណៈមិត្ដភាពគូអន្ដរជាតិពិសេសៗ បានធ្វើឲ្យពិភពលោកស្គាល់គុនខ្មែរកាន់តែច្បាស់។ ក្នុងនោះកីឡាករ លន បញ្ញា ដែលជាកូនសិស្សលោកគ្រូ ធន់ សុភា បានយកឈ្នះកីឡាករ DANIELដោយបន្សល់ទុកស្នាមបែករៀងៗខ្លួន ប៉ុន្ដែ DANIEL បានលាន់មាត់ចំពោះក្បាច់ពិសេសរបស់ លន បញ្ញា ដែលធ្វើឲ្យរូបគេបែកចិញ្ចឹមយ៉ាងធំ ហើយបង្ហាញថាខ្លួនចង់មានឱកាសបានមកហ្វឹកហាត់គុនខ្មែរនៅកម្ពុជាដោយផ្ទាល់៕

ជិន សុភ័ក្ដ្រ