កម្ពុជា រំពឹងកំណើនសេដ្ឋកិច្ច ៥,២% ក្នុងឆ្នាំ២០២៥
- 2025-07-01 04:07:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា រំពឹងកំណើនសេដ្ឋកិច្ច ៥,២% ក្នុងឆ្នាំ២០២៥
ចន្លោះមិនឃើញ
កម្ពុជា មើលឃើញសន្ទុះកំណើនសេដ្ឋកិច្ចល្អប្រសើរ ក្នុងឆមាសទី១ ដើមឆ្នាំ២០២៥ តាមរយៈកំណើនឡើងការវិនិយោគផ្ទាល់ ទំហំពាណិជ្ជកម្មអន្តរជាតិកើនឡើង ចំនួនភ្ញៀវទេសចរ កសិកម្មកើនឡើង អតិផរណាទាប ម៉ាក្រូសេដ្ឋកិច្ចនិងតម្លៃប្រាក់រៀល មានស្ថិរភាព ជាដើម។ រាជរដ្ឋាភិបាលកម្ពុជា រំពឹងកំណើនសេដ្ឋកិច្ចអាចកើនឡើងប្រមាណ ៥,២% ក្នុងឆ្នាំ២០២៥។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងអោយដឹងថា រយៈពេល ៥ ខែដំបូង ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មអន្តរជាតិ ជាមួយប្រទេសកម្ពុជា សម្រេចបានក្នុងរង្វង់ទឹកប្រាក់ ២៥ ៥០៣ លានដុល្លារ ក្នុងនោះ ការនាំចេញទំនិញពីកម្ពុជាសម្រេចបានប្រមាណ ១២ ០១៤ លានដុល្លារ ដែលកើនឡើង ១៨% ធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។ ទំនិញសំខាន់ៗដែលកម្ពុជា បាននាំចេញ រួមមាន សម្លៀកបំពាក់ ស្បែកជើង កៅស៊ូ ផលិតផលកសិកម្ម គ្រឿងបង្គុំអគ្គិសនី និងផលិតផលមួយចំនួនទៀត។
ដៃគូរពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា ក្នុងរយៈពេល ៥ ខែកន្លងមកនេះ មានដូចជា៖ ពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានរង្វង់ទឹកប្រាក់ ៧,៦ ពាន់លានដុល្លារ កើនឡើងជាង ២៧% ពាណិជ្ជកម្មកម្ពុជា-អាមេរិក សម្រេចបានជាង ៤,៤ ពាន់លានដុល្លារ កើនឡើងជាង ២៧% ដូចគ្នា ពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបាន ៣,៨ ពាន់លានដុល្លារ កើនឡើង ៨% ពាណិជ្ជកម្មកម្ពុជា-ថៃ សម្រេចបាន ១,៨ ពាន់លានដុល្លារ កើនឡើងជាង ៨% ពាណិជ្ជកម្មកម្ពុជា-ជប៉ុន សម្រេចបានជាង ១ ពាន់លានដុល្លារ កើនឡើង ២៨% និងមានប្រទេសមួយចំនួនទៀត។
ជាមួយគ្នានេះ កម្ពុជាទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស បានប្រមាណ ៤,២ ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ខែមកនេះ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ២៩០ គម្រោង ដែលកើនឡើង ១៣៧ គម្រោងក្រុមហ៊ុន និងសហគ្រាស ដែលអាចបង្កើតការងារជូនប្រជាពលរដ្ឋប្រមាណ ២០ ម៉ឺនកន្លែងបន្ថែមទៀត។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់បន្ថែមថា មកទល់ពេលនេះ កម្ពុជាមានសហគ្រាសបានកើនឡើងដល់ ៤៥ ៣៨៦ សហគ្រាស អាចបង្កើតការងារជូនកម្មករនិយោជិកបាន ១,៨៧ លាននាក់។
ដោយឡែក វិស័យទេសចរណ៍ និងកសិកម្ម ក៏រួមចំណែកសំខាន់ក្នុង សសរស្ដម្ភសេដ្ឋកិច្ចកម្ពុជាផងដែរ ដោយរយៈពេល ៥ កន្លងមក កម្ពុជាទទួលបានភ្ញៀវទេសចរបរទេស ២,៩៥ លាននាក់ កើនឡើង ១១,៧% និងទេសចរជាតិ មានចំនួនជាង ១៣ លាននាក់ កើនឡើង ៥០%។ រីឯការបង្កបង្កើនផលស្រូវប្រាំង ឆ្នាំ២០២៥ សម្រេចបានជាង ៩០ ម៉ឺនហិកតា ប្រមូលទិន្នផលស្រូវប្រាំងបានជាង ៤,២ លានតោន កើនឡើងជាង ១០% ផងដែរ។