ការបិទព្រំដែនជាមួយកម្ពុជា អាចអោយប្រទេសថៃ ខាតបង់ទឹកប្រាក់ដល់ជាង ១ ៨០០ លានដុល្លារ
- 2025-07-02 10:41:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការបិទព្រំដែនជាមួយកម្ពុជា អាចអោយប្រទេសថៃ ខាតបង់ទឹកប្រាក់ដល់ជាង ១ ៨០០ លានដុល្លារ
ចន្លោះមិនឃើញ
តាមការប៉ាន់ស្មានពី នាយកដ្ឋានពាណិជ្ជកម្មបរទេសប្រទេសថៃ (DFT) បង្ហាញថា ប្រសិនបើ នៅតែបន្ដបិទច្រកព្រំដែនរវាងកម្ពុជា-ថៃ រហូតដល់ដំណាច់ឆ្នាំ២០២៥ ដោយមិនមានដំណោះស្រាយទេនោះ ប្រទេសថៃ នឹងអាចខាតបង់ទឹកប្រាក់យ៉ាងតិច ៦០ ពាន់លានបាត ឬប្រហែល ១ ៨៤៩ លានដុល្លារ នៅពាក់កណ្ដាលឆ្នាំ២០២៥ នេះ។
ការប៉ាន់ស្មាននេះ ត្រូវបានវាយតម្លៃដោយផ្អែកលើទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ កាលពីឆ្នាំ២០២៤ ដោយពាណិជ្ជកម្មតាមព្រំដែនប្រទេសទាំងពីរ សម្រេចបានក្នុងរង្វង់ទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ ក្នុងនោះការនាំចូលពីថៃមកកម្ពុជា មានចំនួនជាង ៤,៣ ពាន់លានដុល្លារ ចំណែកការនាំទំនិញពីកម្ពុជា ទៅកាន់ប្រទេសថៃ មានខ្ទង់ ១ ពាន់លានដុល្លារប៉ុណ្ណោះ។
ទំនិញដែលប៉ះពាល់ខ្លាំងជាង រួមមាន បន្លែ ផ្លែឈើ និងផលិតផលសម្ភារៈប្រើប្រាស់នានា ដែលគេត្រូវការស្វែងរកមធ្យោបាយដឹកជញ្ជូនផ្សេងទៀត ដូចជាតាមផ្លូវទឹក និងផ្លូវអាកាស យ៉ាងណាមិញខេត្តដែលមានព្រំដែនសមុទ្រជាប់គ្នារវាង កម្ពុជា-ថៃ មានតែខេត្តកោះកុង និងខេត្តត្រាតប៉ុណ្ណោះ។ ដូចនេះ សម្រាប់ប្រទេសថៃ ទំនិញដែលមានកង្វះខាតខ្លាំងពីច្រកព្រំដែនគោកជាមួយ កម្ពុជា រួមមានដំឡូងមី សំណល់ដែកអេតចាយ និងផលិតផលសម្រាប់ខ្សែសង្វាក់ផលិតកម្ម។
សូមបញ្ជាក់ថា តួរលេខខាងលើនេះ គឺជាប៉ាន់ស្មានរបស់នាយកដ្ឋានពាណិជ្ជកម្មបរទេសប្រទេសថៃ ក្នុងករណីដែលច្រកព្រំដែនកម្ពុជា-ថៃ នឹងបន្ដបិទចាប់ពីខែមិថុនា រហូតទៅដល់ខែធ្នូ ឆ្នាំ២០២៥ ប៉ុន្តែគេក៏រំពឹងថាភាគីទាំងពីរ នឹងស្វែងរកនូវដំណោះស្រាយសមស្របណាមួយ ដើម្បីបើកច្រកព្រំដែនដូចដើមឡើងវិញផងដែរ។