រោងចក្រថាមពលពន្លឺព្រះអាទិត្យទំហំ ៦០០ ហិកតា នឹងមានវត្តមាននៅខេត្តកំពង់ស្ពឺ

  • 2025-07-08 09:07:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ជាម ច័ន្ធសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ដែលបានជួបពិភាក្សាការងារជាមួយ វិនិយោគិនចិនតំណាងក្រុមហ៊ុន Dongbaishan Holding Group Co., Ltd បានបញ្ជាក់ថា ក្រុមហ៊ុនខាងលើ កំពុងសហការសមាគមន៍អ្នកវិនិយោគចិន និងក្រុមហ៊ុនផលិតផ្ទាំងសូឡា SL Sunlight Green Energy Solar Power Co., Ltd ដើម្បីរៀបចំការវិនិយោគរោងចក្រផលិតថាមពលពន្លឺព្រះអាទិត្យដ៏ធំមួយ នៅក្នុងទឹកខេត្តកំពង់ស្ពឺ។

តាមការបញ្ជាក់ថាពីក្រុមហ៊ុន Dongbaishan ក្រុមហ៊ុននេះ បានដំណើរការ ២០ ឆ្នាំមកហើយក្នុងប្រទេសចិន និងមើលឃើញពីឱកាសវិនិយោគនៅកម្ពុជា និងបណ្ដាក់ទុនប្រមាណ ៥០០ លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យនេះ ស្ថិតនៅលើផ្ទៃដីប្រមាណ ៦០០ ហិកតា និងអាចផ្ដល់ការងារជូនដល់ប្រជាពលរដ្ឋប្រមាណ ១៥០០ ទៅដល៉ ៣០០០ នាក់។

រដ្ឋបាលខេត្តកំពង់ស្ពឺ បានបង្ហាញការគាំទ្រពេញទំហឹងចំពោះការបណ្ដាក់ទុន វិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ ដោយសារខេត្តកំពង់ស្ពឺ ជាទិសដៅនៃរោងចក្រឧស្សាហកម្ម មានតម្រូវការប្រើប្រាស់ថាមពលអគ្គិសនីច្រើន ដែលមានរោងចក្រប្រមាណ ២ ៤៤២ រោងចក្រ សហគ្រាស ក្រុមហ៊ុន ក្នុងនោះសុទ្ធសឹងតែទុនវិនិយោគមកពីប្រទេសចិន ប្រមាណ ៩០%។

ឯកឧត្តមអភិបាលខេត្ត បានសន្យាថានឹងផ្ដល់ការគាំទ្រ និងសម្របសម្រួលគម្រោងវិនិយោគនេះ សម្រេចទៅដោយរលូន ដើម្បីអាចចាប់ផ្ដើមសាងសង់នៅអំឡុងពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ជំរុញដល់ការផ្គង់ផ្គត់ថាមពល និងគាំទ្រការប្រើប្រាស់ថាមពលកកើតឡើងវិញ។

អត្ថបទ៖ Khong Phearum