ប្រសិនបើ Pacquiao យកឈ្នះ Barrios នឹងបំបែកកំណត់ត្រា ជាម្ចាស់ជើងឯកខ្សែក្រវ៉ាត់ WBC វ័យចំណាស់ជាងគេ

  • 2025-07-09 03:50:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូលដល់វ័យ ៤៦ ឆ្នាំទៅហើយ ស្ដេចប្រដាល់ហ្វីលីពីន Manny Pacquiao នៅតែស្រលាញ់អាជីពជាកីឡាករប្រដាល់ដដែល ការត្រលប់មកលើនេះ មិនមែនជាការប្រកួត Exhibition Show ដូចមុនទៀតទេ តែជាការប្រកួតអាជីព ដណ្ដើមខ្សែក្រវ៉ាត់ពិភពលោក WBC ក្នុងកម្រិតទម្ងន់ ១៤៧ ផោន ឬ ៦៦ គីឡូក្រាម ជាមួយកីឡាករ Marios Barrios។

ដៃគូប្រកួតរបស់ Pacquiao លើកនេះ មិនមែនជាកីឡាករធម្មតានោះទេ Barrios ជាម្ចាស់ខ្សែក្រវ៉ាត់ WBC ដែលនៅវ័យក្មេងទើបតែ ៣០ ឆ្នាំ មានកម្ពស់ ១,៧៧ ម៉ែត្រ មានប្រវត្តិប្រកួតអាជីព ឈ្នះ ២៩ ដង, ចាញ់ ២ ដង និងស្មើ ១ ដង។ ធ្លាប់ចាញ់តែកីឡាករល្អៗប៉ុណ្ណោះ ដូចជា Gervonta Davis (ប្រកួតមិនដែលចាញ់) និងចាញ់ពិន្ទុ Keith Thurman (ដែលធ្លាប់ចាញ់ Pacquiao) ប៉ុន្តែបានយកឈ្នះ Yordenis Ugas ដែលធ្លាប់មានជ័យជំនះលើ Pacquiao កាលពី២០២១។

កំណត់ត្រាប្រកួតចុងក្រោយរបស់ Barrios គឺឈ្នះ ៣ ដង ស្មើ ១ ដង ចំណែក Pacquiao ក្រោយពីចាញ់ពិន្ទុ Yordenis Ugas កាលពីឆ្នាំ២០២១ បានចូលនិវត្តន៍ និងបានមកប្រកួត Exhibition ចំនួន ២ ដង ប៉ុន្តែយើងអាចឃើញថា កម្លាំងដៃ ល្បឿនវៃ និងល្បឿនតាមដៃគូ មិនដូច Pacquiao កាលពី ១០ ឆ្នាំមុនឡើយ។ អញ្ចឹង Pacquiao នឹងអាចយកឈ្នះ Barrios ក្នុងការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ WBC នេះបានដែរឬទេ? តាមការអះអាងរបស់ Manny Pacquiao គាត់បានប្រាប់ថា ក្រោយការប្រកួតអាជីពចាញ់កីឡាករ Ugas កាលពី២០២១ គាត់នៅតែមានអារម្មណ៍មិនអស់ចិត្ត នៅតែមានចិត្តស្រលាញ់ការប្រកួត និងជឿជាក់ថាគាត់នៅមានកម្លាំង និងតិចនិច ដើម្បីក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ពិភពលោកម្ដងទៀត។

ប្រសិនបើ Pacquiao អាចយកឈ្នះ Barrios បានគាត់នឹងបំបែកកំណត់ត្រាថ្មីមួយទៀត គឺជាម្ចាស់ជើងឯកខ្សែក្រវ៉ាត់ WBC វ័យចំណាស់ជាងគេបង្អស់ ក្នុងខួបចូលប្រកួតអាជីពជាកីឡាករប្រដាល់រយៈពេល ៣០ ឆ្នាំរបស់គាត់។ Manny Pacquiao នឹង Marios Barrios នឹងជួបគ្នានៅកីឡាដ្ឋាន MGM Grand ទីក្រុង Las Vegas នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥។

អត្ថបទ៖ Khong Phearum