Galaxy Z Fold 7 មានរូបរាងស្ដើង អេក្រង់ 8 អ៊ីង កាមេរ៉ា 200MP អាវក្រោះ IP48

  • 2025-07-10 03:00:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung បានបង្ហាញខ្លួនទូរសព្ទកំពូលចំនួន ២ នៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked ដែលរួមមាន Galaxy Z Fold 7 និង Galaxy Flip 7។ សម្រាប់ Galaxy Z Fold 7 ត្រូវបានតម្លើងការរចនាទៅមួយកម្រិតទៀត ដើម្បីប្រជែងជាមួយទូរសព្ទអេក្រង់បត់ Fold របស់ក្រុមហ៊ុនចិន ដូចជា ការបំពាក់អេក្រង់គុណភាពខ្ពស់ រូបរាងស្ដើង គុណភាពផលិតរឹងមាំ កាមេរ៉ាល្អ និងម៉ាស៊ីនកម្រិតកំពូលជាដើម។

Galaxy Z Fold 7 មានកម្រាស់ត្រឹមតែ ៨,៩ មីលីម៉ែត្រពេលបត់ និងពេលបើកកម្រាស់ត្រឹម ៤,២ មីលីម៉ែត្រប៉ុណ្ណោះ មានទម្ងន់ ២១៥ ក្រាម ស៊ុមព័ទ្ធជុំវិញស្រោបដោយអាលុយមីញ៉ូម Armor និងគន្លឹះបត់ Armor FlexHinge ខ្នងខាងក្រោយជាកញ្ចក់ Victus 2 ទូរសព្ទនេះក៏មានអាវក្រោះការពារទឹក/ធូលី កម្រិត IP48 ផងដែរ។

អេក្រង់ជាចំណុចលេចធ្លោ ដោយអេក្រង់ខាងក្នុងមានទំហំ ៨ អ៊ីង និងអេក្រង់ខាងក្រៅ ៦,៥ អ៊ីង ជាអេក្រង់ខ្នាតកុន មានវិមាត្រ 21:9។ អេក្រង់ទាំង ២ ជាអេក្រង់ Dynamic AMOLED 2x មានកម្រិតល្បឿន ពី ១ ដល់ ១២០ ហឺត និងពន្លឺខ្ពស់បំផុតដល់ ២ ៦០០ នីត ការពារដោយកញ្ចក់សេរ៉ាមិច Gorilla Glass ចំណែកអេក្រង់ខាងក្នុង ការពារដោយកញ្ចក់ Ultra-Thin Glass ក្រាស់ជាងមុន ៥០% និងមានកាមេរ៉ា Selfie ទម្លុះអេក្រង់ 10MP ដូចគ្នា។

ផ្នែកកាមេរ៉ាខាងក្រោយរបស់ Z Fold 7 មានចំនួន ៣ គ្រាប់ ដោយកាមេរ៉ាគោល ប្រើប្រាស់ស៊េនស័រ ISOCELL HP2 មានទំហំ 200MP ដូចទៅនឹង Galaxy S25 Ultra និងប្រើលេន 24mm f/1.7 ចំណែកកាមេរ៉ាទូលាយប្រើលេន 12mm អាចចាប់រូបភាពបាន 12MP និងកាមេរ៉ា Telephoto ប្រើប្រាស់លេន 67mm អាចពង្រីកបាន 3x និងចាប់រូបភាពទំហំ 10MP។

កម្លាំងម៉ាស៊ីន Z Fold 7 បំពាក់នូវឈីប Snapdragon 8 Elite មានជម្រើសរ៉េម 12/16GB និងអង្គផ្ទុកទិន្នន័យ 256/512GB ឬក៏ 1TB ដំណើរការដោយ One UI 8 នៅលើ Android 16 មានមុខងារ Galaxy AI suite មួយកញ្ចប់តែម្ដង ទ្រទ្រង់បណ្ដាញ 5G បំពាក់ Wi-Fi 7 និង Bluetooth 5.4 ហើយក្រុមហ៊ុនធានាធ្វើបច្ចុប្បន្នភាព Software Android បានដល់ ៧ ឆ្នាំ និងប្រព័ន្ធសុវត្ថិភាព ៧ ឆ្នាំដូចគ្នា។

ទូរសព្ទនេះ បំពាក់ថាមពលថ្ម 4,400mAh ដែលនៅកម្រិតទាបជាងទូរសព្ទបត់របស់ក្រុមហ៊ុនចិន ហើយនៅតែបន្ដការសាកថ្មលឿនកម្រិតទាបត្រឹម 25W សាកថ្មឥតខ្សែ 15W និងអាចសាកថ្មដល់ឧបករណ៍ផ្សេងបានត្រឹម 4.5W។ Galaxy Z Fold 7 មានជម្រើសពណ៌ខៀវ ទឹកប្រាក់ ពណ៌ខ្មៅ និងពណ៌ថ្មីបៃតងស្រាល ដែលនៅកម្ពុជាយើងត្រូវបានដាក់អោយកុម្ម៉ង់ Pre-Order ហើយ។

អត្ថបទ៖ Khong Phearum

អត្ថបទថ្មី