ក្រសួងសាធារណការ សហការជាមួយ Royal Railway ដើម្បីថែទាំលើគម្រោងផ្លូវដែកកម្ពុជា
- 2025-07-29 09:02:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងសាធារណការ សហការជាមួយ Royal Railway ដើម្បីថែទាំលើគម្រោងផ្លូវដែកកម្ពុជា
ចន្លោះមិនឃើញ
ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Royal Railway បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការ និងថែទាំបណ្ដោះអាសន្ន លើគម្រោងផ្លូវដែកកម្ពុជា ក្នុងគោលដៅធានាបាននូវដំណោះស្រាយ ការដឹកជញ្ជូនប្រសើរ ការគ្រប់គ្រងបានយូរអង្វែងសម្រាប់អនាគត។ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក. រួមជាមួយ ថ្នាក់ដឹកនាំក្រសួង និងក្រុមហ៊ុន បានអញ្ជើញចូលរួមនៅក្នុងពិធីចុះកិច្ចព្រមព្រៀងនេះ។
ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ នឹងនៅតែបន្តខិតខំក្នុងការផ្តល់សេវាកម្មផ្លូវរថភ្លើងដ៏មានសុវត្ថិភាព គួរឱ្យទុកចិត្ត និងមានប្រសិទ្ធភាព ជូនដល់អាជីវកម្មនានាទូទាំងប្រទេស។ កិច្ចសហប្រតិបត្តិការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូននេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការគាំទ្រគោលដៅអភិវឌ្ឍន៍រយៈពេលវែងរបស់កម្ពុជា។
ពិធីនេះធ្វើឡើងក្នុងគោលបំណងរៀបចំប្រតិបត្តិការផ្លូវដែកក្នុងអំឡុងពេលអន្តរកាលនៃកិច្ចចរចាកិច្ចព្រមព្រៀង PPP ថ្មី រវាងរាជរដ្ឋាភិបាល ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក. និងក្រុមហ៊ុនដៃគូយុទ្ធសាស្ត្រ ជាពិសេសធានាឱ្យបាននូវការធ្វើឱ្យប្រសើរឡើងសេវាផ្លូវដែកនានាទាំងការដឹកជញ្ជូនមនុស្ស និងទំនិញ ដែលការបង្កើតឱ្យមាននូវវិធានការសុវត្ថិភាពខ្ពស់បំផុតមួយ នៅតាមបណ្តាញផ្លូវដែកទាំងពីរខ្សែ និងការអនុវត្តយ៉ាងម៉ឺងម៉ាត់ ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងករណីចាំបាច់ណាមួយ៕