MediaTek ត្រៀមបញ្ចេញឈីបកំពូលថ្មី សម្រាប់ប្រជែងជាមួយ Snapdragon Elite 2

  • 2025-08-06 10:33:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន MediaTek នឹងបញ្ចេញឈីបជំនាន់ថ្មី Dimensity 9500 គឺជាឈីបលំដាប់កំពូល សម្រាប់ប្រជែងជាមួយ Snapdragon Elite 2 ឬ SD Gen5 នៅខែកញ្ញា ឆ្នាំ២០២៥។ ក្រុមហ៊ុន MediaTek បានបង្ហាញថាឈីប Dimensity 9500 មានសមត្ថភាពក្រាហ្វិកខ្ពស់ជាងមុន ៤០% ដោយក្រុមហ៊ុនបានយកទៅធ្វើតេស្ដក្រាហ្វិក ray tracing ដោយទទួលបានល្បឿន 100fps។

MediaTek Dimensity 9500 នឹងប្រើប្រាស់ CPU ចំនួន ៨ គ្រាប់៖ ១គ្រាប់ Cortex-X930 (Travis) មានល្បឿន 3.23GHz, 3 គ្រាប់ប្រភេទ Alto Core ល្បឿន 3.03GHz, ៤ គ្រាប់ប្រភេទ Gelas Core មានល្បឿន 2.23GHz។ ចំណែកក្រាហ្វិក គេបានសហការជាមួយ ARM ដោយប្រើប្រាស់ GPU Mali-G1-Ultra MC12 ដែលមានល្បឿន 1.0GHz ដែលមានល្បឿនខ្ពស់ជាងមុន ៤០% តាមរយៈការធ្វើតេស្ដក្រាហ្វិកហ្គេម។

សូមបញ្ជាក់ផងដែរថា សម្រាប់ក្រាហ្វិក ARM Mali GPU ទទួលបានការអភិវឌ្ឍសមត្ថភាពទៅមុខជានិច្ច ដែលទាក់ទាញដល់ក្រុមហ៊ុនផលិតបន្ទះឈីប ទិញទៅបំពាក់លើឈីបរបស់គេ ជាក់ស្ដែងក្រុមហ៊ុន Samsung បានទិញយកទៅបំពាក់នៅឈីប Exynos និងក្រុមហ៊ុន Google ដែលទិញបំពាក់នៅឈីប Tensor ជាដើម។ ចំណែកឈីប Snapdragon ប្រើប្រាស់តែក្រាហ្វិក Adreno ប៉ុណ្ណោះ។

បន្ទះឈីបនេះ រំពឹងថានឹងបង្ហាញខ្លួនមុនការប្រកាសចេញរបស់ឈីប Snapdragon ហើយនឹងបង្ហាញថា តើទូរសព្ទកំពូលរបស់ក្រុមហ៊ុនមួយណា បានបញ្ជាទិញ។

អត្ថបទ៖ Khong Phearum