មូលហេតុពិតជាក់ស្ដែង នៃការសម្រុកចូលស្រុករបស់ពលករខ្មែរ ផ្ទុយពីការចោទប្រកាន់របស់កាសែតថៃ
- 2025-08-07 04:46:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុពិតជាក់ស្ដែង នៃការសម្រុកចូលស្រុករបស់ពលករខ្មែរ ផ្ទុយពីការចោទប្រកាន់របស់កាសែតថៃ
ចន្លោះមិនឃើញ
ពលករប្រមាណ ៧៥ម៉ឺននាក់ បានត្រឡប់ចូលដល់កម្ពុជាដែលជាប្រទេសកំណើតវិញ ខណៈពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការនៅប្រទេសថៃភ័យខ្លាចនឹងការគំរាមកំហែង និងធ្វើបាបពីជនជ្រុលនិយមរបស់ថៃ បន្ដនាំគ្នាចូលប្រទេសវិញនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។
ការទម្លាក់ចោលការងារ ហើយត្រឡប់មកស្រុកកំណើតយ៉ាងគំហុករបស់ពលករខ្មែរ អាចធ្វើឲ្យសង្វាក់ផលិតកម្មនៅតាមរោងចក្រ ឬសហគ្រាសក្នុងប្រទេសថៃជួបបញ្ហា។ ផ្ទុយពីមូលហេតុពិតជាក់ស្ដែង កាសែតថៃ Khoasod បានផ្សាយថា ការសម្រុកចេញរហូតដល់មានការកកស្ទះនៅតាមច្រកទ្វារព្រំដែននេះ គឺមួយផ្នែកកើតចេញពីសម្ពាធគ្រួសារនៅឯស្រុកកំណើត ដោយជំរុញឲ្យពួកគេត្រឡប់ទៅស្រុកវិញជាប្រញាប់ បើពុំនោះទេ ពួកគេប្រឈមនឹងការរឹបអូសផ្ទះ និងដីធ្លី។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈអ្នកនាំពាក្យលោក ស៊ុន មេសា បញ្ជាក់ថា ការត្រឡប់ចូលស្រុកយ៉ាងគំហុក គឺកើតចេញពីអំពើហិង្សាររបស់ក្រុមជ្រុលនិយមថៃដែលមិនទាន់មានចំណាត់ការនៅឡើយ ការឈ្លានពានរបស់យោធាថៃ និងស្របតាមការអំពាវនាវរបស់ថ្នាក់ដឹកនាំប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងសាមី និងស្ថាប័នពាក់ព័ន្ធ បានសម្រួលលើការផ្ដល់ឱកាសការងារសម្បូរបែប និងសម្រួលលើការបន្ធូរបន្ថយផ្នែកហិរញ្ញវត្ថុ ដើម្បីឲ្យពលករមានលទ្ធភាព និងពេលវេលាគ្រប់គ្រាន់រើខ្លួនចេញពីបញ្ហាដែលកំពុងជួបប្រទះនេះ។
ជាក់ស្ដែងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារនៅទីតាំងផ្សេងៗគ្នាចំនួន ៣៦ឃុំ/សង្កាត់ ក្នុងខេត្តគោលដៅចំនួន៩ ដែលបាននាំយកឱកាសការងារសរុប ១១,៦៨១ កន្លែង សម្រាប់ពលករដែលទើបត្រឡប់មកពីប្រទេសថៃចំនួន ១០,៧២៥នាក់ និងមានអ្នកទទួលបានការងារភ្លាមៗចំនួន ២,០៣៨នាក់។
បើតាមក្រសួងការងារ វេទិកាការងារ ត្រូវបានធ្វើឡើងនៅក្នុងឃុំចំនួន៣៦ នៃខេត្តគោលដៅ៩។ ក្នុងនោះមាន ខេត្តក្រចេះ ចាម កំពង់ធំ កំពង់ស្ពឺ តាកែវ បាត់ដំបង ព្រៃវែង ពោធិ៍សាត់ និងខេត្តស្វាយរៀង។ តួលេខពលករសម្រុកចូលស្រុកវិញ គិតត្រឹមថ្ងៃទី៦ ខែសីហា គឺមានប្រមាណ ៧៥ម៉ឺននាក់ ខណៈមានពលករជាច្រើនបន្ដត្រឡប់មកស្រុក ហើយត្រូវបានក្រសួងដោះស្រាយរកការងារជួន ថែមទាំងផ្សព្វផ្សាយលេខពិសេស ១២៩៧ សម្រាប់ទំនាក់ទំនងរកការងារធ្វើ និងបណ្ដុះបណ្ដាលជំនាញត្រូវឲ្យទៅនឹងការងារក្នុងស្រុក។
ជុំវិញការត្រឡប់មកស្រុកវិញយ៉ាងគំហុករបស់ពលករខ្មែរនាពេលនេះ សមាគមធនាគារកម្ពុជា និងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានបដិសេធចំពោះការចុះផ្សាយរបស់កាសែតថៃដែលថា មានការរឹបអូសផ្ទះ និងដីធ្លីរបស់ពលករ។ ផ្ទុយទៅវិញសមាគមទាំងពីរ បានប្ដេជ្ញាធ្វើការងារជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់ ដើម្បីដាក់ចេញវិធានការសមស្របក្នុងការបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករ តាមរយៈការរៀបចំឥណទានឡើងវិញ ដែលជាយន្តការរបស់សមាគម បាននិងបន្តអនុវត្ត។
យោងតាមសេចក្ដីថ្លែងការរបស់សមាគមធនាគារកម្ពុជា ចេញកាលពីថ្ងៃទី១៤ ខែមិថុនា បានបញ្ជាក់ថា ក្នុងករណីមានតម្រូវការជាក់ស្ដែងក្នុងរៀបចំឥណទានឡើងវិញ ក៏ដូចជាសំណើសុំផ្ដល់ការគាំទ្រផ្សេងៗ សមាគមស្នើសុំបងប្អូនប្រជាពលករទាំងអស់ដែលជាអតិថិជន ទាក់ទងផ្ទាល់ ជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នៅរៀងរាល់ម៉ោងធ្វើការ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណ ឯកសារឥណទាន បណ្ណ/សៀវភៅការងារ និងលិខិតពាក់ព័ន្ធនានា ដើម្បីពិភាក្សារិះរកដំណោះស្រាយដ៏សមរម្យ។
វីដេអូឃ្លីប៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង
សមាគមទាំងពីរ នឹងបន្តសហការជាមួយធនាគារជាតិ នៃកម្ពុជា និងភាគីពាក់ព័ន្ធ ដើម្បីធានាថាគ្រឹះស្ថានហិរញ្ញវត្ថុនៅតែចូលរួមយ៉ាងពេញលេញ និងទូលំទូលាយក្នុងការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពរបស់ប្រជាជន ជាពិសេសពលករខ្មែរទៅតាមលទ្ធភាពជាក់ស្តែង៕