ហេតុអ្វីរថយន្ដមួយទឹកពីអាមេរិក មិនទទួលបានការអនុវត្តពន្ធគយ ០%?

  • 2025-08-08 05:01:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យសម្រេចកំណត់ពន្ធនាំចូល ០% ចំពោះទំនិញពីសហរដ្ឋអាមេរិក ក្នុងនោះទំនិញត្រូវតែ ផលិតនៅក្នុងសហរដ្ឋអាមេរិក នាំចេញផ្ទាល់ពីសហរដ្ឋអាមេរិក និងជាទំនិញផលិតថ្មី មិនមែនទំនិញប្រើប្រាស់រួចនោះទេ។ អនុក្រឹត្យនេះ បង្កើតជាចម្ងល់ចំពោះអ្នកនិយមប្រើប្រាស់រថយន្ដមួយទឹក ពីសហរដ្ឋអាមេរិក ដោយខុសពីការរំពឹងថា តម្លៃនាំចូលរថយន្ដនឹងមានការធ្លាក់ចុះ។ ដូចនេះហេតុអ្វីបានជារថយន្ដមួយទឹក មិនទទួលបានការអនុវត្តពន្ធគយ ០%?

ការនាំចូលរថយន្ដពីសហរដ្ឋអាមេរិក មកកាន់កម្ពុជា៖

១. សម្រាប់រថយន្ដថ្មី នឹងទទួលបានការអនុគ្រោះពន្ធគយនាំចូល ០% ប៉ុន្តែសម្រាប់ពន្ធពិសេស Excise Tax និងអាករពិសេសបន្ថែម VAT នៅបន្ដរអនុវត្តដដែល។

២. សម្រាប់រថយន្ដមួយទឹក មិនត្រូវបានលើលែងពន្ធគយនាំចូល ០% នោះទេ ព្រោះច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) មិនអនុវត្តលើទំនិញប្រើប្រាស់រួចឡើយ យោងតាមអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

៣. រថយន្ដមួយទឹក ដែលមានអាយុកាលលើសពី ១៥ ឆ្នាំនឹងត្រូវកំណត់ពន្ធនាំចូលខ្ពស់ជាងរថយន្ដថ្មីៗ និងត្រូវបែងចែកទៅតាមប្រភេទរថយន្ដ ទំហំស៊ីឡាំង និងកម្លាំងម៉ាស៊ីន។

៤. សម្រាប់ការនាំចូលរថយន្ដមួយទឹក មកកាន់ប្រទេសកម្ពុជា ត្រូវនាំចូលដោយក្រុមហ៊ុនចែកចាយមានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម និងត្រូវប្រកាសទំនិញទាំងនោះទៅកាន់គយ ដើម្បីអាចចុះបញ្ជីស្លាកលេខ និងពន្ធផ្លូវជាដើម។

សរុបមកវិញ ការកំណត់ពន្ធនាំចូល ០% លើទំនិញអាមេរិក មិនត្រូវបានអនុវត្តចំពោះទំនិញ ឬយានយន្ដមួយទឹកនោះទេ ដោយសារតែច្បាប់ពាណិជ្ជកម្មមិនអនុគ្រោះលើទំនិញ ឬយានយន្ដប្រើប្រាស់រួចឡើយ ប៉ុន្តែការនាំចូលយានយន្ដមួយទឹក ជាបន្ទុករបស់ក្រុមហ៊ុនឯកជន។ យ៉ាងណាមិញ សម្រាប់ការនាំចូលទំនិញ និងយានយន្ដថ្មីៗពីសហរដ្ឋអាមេរិក នឹងមានការធ្លាក់តម្លៃទាបជាងមុន ក្រោយការអនុវត្តពន្ធគយ ០% ចាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ នេះតទៅ។

អត្ថបទ៖ Khong Phearum