ខ្លោងទ្វារខាងត្បូង នៃប្រាសាទតាព្រហ្ម នឹងសម្រេចការជួសជុលទាំងស្រុងនៅឆ្នាំ២០២៦

  • 2025-08-08 09:38:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្លោងទ្វារខាងត្បូង នៃប្រាសាទតាព្រហ្ម ត្រូវបានរៀបចំជួសជុលឡើងវិញ ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ដោយការងារនេះ បានចាប់ផ្ដើមឡើងតាំងពីឆ្នាំ២០២៣ នឹងគ្រោងបញ្ចប់នៅអំឡុងឆ្នាំ២០២៦ ខាងមុខ។

លោក Chitranjan Kumar ប្រធានគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទតាព្រហ្ម បានអោយដឹងថា ការងារជួសជុលខ្លោងទ្វារខាងត្បូងប្រាសាទតាព្រហ្ម បានធ្វើឡើងជាជំហានៗ ហើយបច្ចេកទេសនៃការជួសជុលក៏ត្រូវអនុវត្តទៅតាមអនុសាសន៍ របស់ក្រុមការងារអ្នកជំនាញការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក។ គិតមកទល់ពេលនេះ ការងារជួសជុសខ្លោងទ្វារខាងត្បូងសម្រេចបាន ៤៥% ហើយ និងគ្រោងបញ្ចប់ជាស្ថាពរនៅត្រឹមចុងឆ្នាំ២០២៦។

ចាប់តាំងពីឆ្នាំ២០២៤ ខ្លោងទ្វារខាងត្បូអប្រាសាទតាព្រហ្ម ត្រូវការរៀបចំជួសជុលគ្រឹះឡើងវិញ ខឿន និងជញ្ជាំង រហូតដល់ដល់ការរៀបថ្មដំបូលស្លាបសងខាងរបស់ខ្លោងទ្វារប្រាសាទ ទៅតាមលំនាំដើមឡើងវិញ ចំណែកការបាត់បង់ថ្ម ឬថ្មពុកផុយខូចខាតមិនអាចប្រើប្រាស់បាន គឺត្រូវបន្ថែមថ្មថ្មីដើម្បីពង្រឹងរចនាសម្ព័ន្ធខ្លោងទ្វារអោយរឹងមាំឡើងវិញ។

លោក Chitranjan Kumar បញ្ជាក់ថា ចំពោះការងារសេសសល់បន្ថែមទៀតគឺរចនាសម្ព័ន្ធកំពូលខ្លោងទ្វារជាបន្ដទៀត ដែលមានមុខតាព្រហ្មទាំងបួនទិស ត្រូវចំណាយពេលប្រមាណមួយឆ្នាំទៀត ដើម្បីបញ្ចប់ការងារនេះ ហើយក្រុមការងារជួសជុលប្រាសាទតាព្រហ្ម នឹងបំពេញការងារជួសជុលខ្លោងទ្វារខាងត្បូងនេះ ឲ្យចប់រួចរាល់ទៅតាមផែនការ នៅចុងឆ្នាំ២០២៦។

អត្ថបទ៖ Khong Phearum