ធនាគារ ABA ដាក់ដំណើរការមុខងារវិភាគហិរញ្ញវត្ថុដំបូងបង្អស់នៅកម្ពុជា នៅក្នុង ABA Mobile
- 2025-08-14 06:50:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធនាគារ ABA ដាក់ដំណើរការមុខងារវិភាគហិរញ្ញវត្ថុដំបូងបង្អស់នៅកម្ពុជា នៅក្នុង ABA Mobile
ចន្លោះមិនឃើញ
ABA ដែលជាធនាគារឌីជីថលឈានមុខរបស់កម្ពុជា មានមោទនភាពក្នុងការប្រកាសបើកដំណើរការជាផ្លូវការមុខងារថ្មីសន្លាងមួយនោះគឺ មុខងារវិភាគ – ជាឧបករណ៍គ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន (PFM) ដំបូងបង្អស់នៅកម្ពុជា ដែលបានភ្ជាប់ទៅក្នុងកម្មវិធី ABA Mobile។
បង្កើតឡើងសម្រាប់តម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ មុខងារវិភាគ ផ្តល់មធ្យោបាយងាយស្រួលជូនអ្នកប្រើ ABA Mobile ក្នុងការស្វែងយល់ពីការចាយវាយ និងរំហូរទឹកប្រាក់របស់ពួកគេ និងធ្វើការសម្រេចចិត្តផ្នែកលុយកាក់បានគ្រប់ជ្រុងជ្រោយ - ភ្លាមៗពីទូរស័ព្ទដៃផ្ទាល់។
ឥឡូវ អ្នកប្រើ ABA Mobile អាចឃើញភ្លាមៗតាមរយៈគំនូសតាង និងដ្យាក្រាមថាតើលុយរបស់ពួកគាត់ចេញទៅណាខ្លះ និងចូលពីណាខ្លះ, តាមដានការចំណាយទៅតាមប្រភេទ និងគ្រប់គ្រងទម្លាប់ចាយវាយទៅតាមតម្រូវការ និងពេលវេលាជាក់ស្ដែង ដោយធ្វើឲ្យគោលដៅហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់ពួកគេសម្រេចបានរលូន។
ចុចតែពីរបីប៉ក់ អតិថិជន ABA អាច៖
ឃើញលុយចូល និងលុយចេញទាំងអស់ ដែលបានដាក់ទៅតាមប្រភេទដោយស្វ័យប្រវត្តិ
ដឹងលម្អិតពីការចំណាយ ដែលបង្ហាញនៅក្នុងតារាងចំណូលចំណាយច្បាស់ៗ ងាយស្រួលមើល
កំណត់ការចាយវាយផ្ទាល់ខ្លួន ហើយតាមដានវឌ្ឍនភាព
តាមដានការចាយវាយ ទៅតាមសប្ដាហ៍, ខែ, ឆ្នាំ ឬរយៈពេលជាក់លាក់ណាមួយទៅតាមការកំណត់។
មុខងារវិភាគនេះ អាចស្វែងរក និងប្រើប្រាស់យ៉ាងងាយស្រួលពីផ្ទាំងវិចិត្រ គណនីគោល នៅលើអេក្រង់ដើម, នៅក្នុងគណនី ABA នីមួយៗ ឬតាមរយៈប៊ូតុង វិភាគ។
លោក Zokhir Rasulov អគ្គនាយករងប្រតិបត្តិ និងជានាយក សេវាធនាគារឌីជីថល បានមានប្រសាសន៍ថា "ការដាក់ដំណើរការ មុខងារវិភាគ ក្នុង ABA Mobile គឺជាជំហានដ៏ធំមួយសម្រាប់ ABA និងអតិថិជនរបស់ខ្លួន។ ដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា អតិថិជនរបស់យើងខ្ញុំអាចមើលឃើញ និងស្វែងយល់កាន់តែលម្អិត និងស៊ីជម្រៅពីរបៀបចាត់ចែងលុយកាក់របស់ពួកគេ និងធ្វើការសម្រេចចិត្តបានច្បាស់លាស់ ពីទូរស័ព្ទដៃរបស់ពួកគេផ្ទាល់។ យើងខ្ញុំបង្កើតមុខងារនេះឡើង ឲ្យមានលក្ខណៈងាយស្រួល ច្បាស់លាស់ និងមានប្រយោជន៍សម្រាប់អតិថិជនគ្រប់រូប មិនថាពួកគាត់ជា ក្មេងវ័យជំទង់, គ្រប់គ្រងហិរញ្ញវត្ថុគ្រួសារ ឬបើកអាជីវកម្មខ្នាតតូច។
លោកបានបន្ថែម "យើងខ្ញុំជឿជាក់ថា មុខងារថ្មីនេះនឹងជួយប្រជាពលរដ្ឋខ្មែរកាន់តែច្រើន កាន់តែមានទំនុកចិត្តលើហិរញ្ញវត្ថុរបស់ពួកគេ ទម្លាប់ចាយវាយកាន់តែប្រសើរ និងរួមចំណែកធ្វើយ៉ាងណាឲ្យកម្ពុជាយើងកាន់តែមានវិបុលភាពរីកចម្រើ ពេញដោយបរិយាបន្នហិរញ្ញវត្ថុ។
មុខងារវិភាគថ្មី ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារ ABA ក្នុងការគាំទ្រចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ដោយផ្តល់នូវឧបករណ៍ដែលពួកគាត់ត្រូវការដើម្បីធ្វើការសម្រេចចិត្តផ្នែកលុយកាក់ប្រកបដោយភាពឆ្លាតវៃ និងច្បាស់លាស់ និងសុវត្ថិភាព។
ឥឡូវនេះ មុខងារវិភាគ មាននៅក្នុងកំណែចុងក្រោយបង្អស់របស់ ABA Mobile សម្រាប់ទាំង iOS និង Android។