ក្រុមហ៊ុន OCIC និង ក្រុមហ៊ុន KPCC សហការគ្នាជាមួយសាលារៀនទន្សាយ ដើម្បីគាំទ្រការពង្រីកសាខាសម្រាប់កុមារពិការបញ្ញា
- 2025-08-13 07:30:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន OCIC និង ក្រុមហ៊ុន KPCC សហការគ្នាជាមួយសាលារៀនទន្សាយ ដើម្បីគាំទ្រការពង្រីកសាខាសម្រាប់កុមារពិការបញ្ញា
ចន្លោះមិនឃើញ
សាលារៀនទន្សាយ គឺជាអង្គការក្រៅរដ្ឋាភិបាល (NGO) កម្ពុជា ដែលផ្តល់ការអប់រំដល់កុមារដែលមានពិការភាពបញ្ញា ដូចជាជំងឺអូទីស្សឹមជាដើម។ បច្ចុប្បន្ននេះ សាលារៀនទន្សាយកំពុងទទួលបានការគាំទ្រពី ក្រុមហ៊ុនអូស៊ីអាយស៊ី (OCIC) និងក្រុមហ៊ុនសំណង់កោះពេជ្រ (KPCC) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ OCIC ក្នុងគោលបំណងពង្រីកបរិក្ខារសាលាអោយកាន់តែធំ នៅសាខាកណ្ដាលរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញ។ គំនិតផ្ដួចផ្ដើមនេះ នឹងអនុញ្ញាតឱ្យកុមារកាន់តែច្រើនទទួលបានអត្ថប្រយោជន៍ពីកម្មវិធីអប់រំពិសេសសម្រាប់កុមារពិការបញ្ញា របស់អង្គការសាលារៀនទន្សាយ។
ភាពជាដៃគូនេះត្រូវបានប្រារព្ធឡើងជាផ្លូវការដោយលោកស្រី សរ សុធារម្យ នាយិកាប្រតិបត្តិនៃសាលារៀនទន្សាយ និងលោក ជិន ហុក ប្រធានគ្រប់គ្រងទូទៅ KPCC ដោយបានចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នា ដែលបានរៀបចំឡើងនៅក្នុងបរិវេណសាលារៀនទន្សាយ។ ជាមួយគ្នានេះដែរ OCIC បានបរិច្ចាគអង្ករប្រណិតដូនកែវ ជាទឹកចិត្តសហការគ្នាដ៏មានអត្ថន័យ ទៅកាន់សិស្សានុសិស្សរបស់សាលារៀនទន្សាយ និងក្រុមគ្រួសាររបស់ពួកគេដែលមានទុក្ខលំបាកផ្នែកសេដ្ឋកិច្ច។
លោក ជិន ហុក ប្រធានគ្រប់គ្រងទូទៅ KPCC មានប្រសាសន៍ថា៖ "វឌ្ឍនភាពកើតឡើងនៅពេលដែលយើងសាមគ្គីរួមគ្នា។ ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការគាំទ្រកុមារពិការនូវជំនួយនិងការអប់រំដែលពួកគេសាកសមនឹងទទួលបាន និងដើម្បីអោយគ្រួសាររបស់ពួកគេដឹងថាកូនៗរបស់ពួកគាត់ក៏ជាចំណែកមួយនៃការអភិវឌ្ឈសង្គមយើងដែរ"។
សាខាកណ្ដាលរបស់សាលារៀនទន្សាយ ដែលមានទីតាំងនៅក្នុងសាលាបឋមសិក្សាទួលគោក បច្ចុប្បន្នកំពុងដំណើរការ ដោយមានចំនួនសិស្ស ២៣០ នាក់ និងមានកុមារជាង ២៥០ នាក់ នៅក្នុងបញ្ជីរង់ចាំ។ ដើម្បីបំពេញតម្រូវការបន្ទាន់នេះ សាលាគ្រោងនឹងពង្រីកបរិក្ខារដែលមានស្រាប់របស់ខ្លួន ដោយការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មី ដោយមានពីរជាន់បន្ថែម និងថ្នាក់រៀនថ្មីចំនួន ១៥ បន្ទប់។ ការពង្រីកនេះនឹងបង្កើតកន្លែងសម្រាប់សិស្សចំនួន ៩១ នាក់បន្ថែមទៀតជារៀងរាល់ឆ្នាំ ដោយផ្តល់ឱ្យកុមានូវឱកាសកាន់តែច្រើនដើម្បីរៀនសូត្រនៅក្នុងបរិយាកាសដែលមានសុវត្ថិភាព និងការថែទាំជាចម្បង។
សម្រាប់ការពង្រីកនេះ ក្រុមហ៊ុន OCIC គាំទ្រលើការរចនា និងផែនការដោយ KPCC កំពុងផ្តល់ជំនាញបច្ចេកទេស និងស្ថាបត្យកម្ម ដើម្បីធានាថាគម្រោងនេះសមស្របនឹងតម្រូវការរបស់សាលារៀន។ ជំនួយរួមគ្នារបស់ពួកគេនឹងជួយសម្រួលដល់ការសាងសង់យ៉ាងឆាប់រហ័សទាន់ពេលវេលា និងជួយសាលារៀនទន្សាយបន្តការងារដ៏សំខាន់របស់ខ្លួនក្នុងការលើកកម្ពស់ការអប់រំពិសេស និងផ្ដល់ជំនួយទៅកាន់កុមារអូទីស្សឹម ដោនស៊ីនដ្រូម និងកុមារខ្សោយសតិបញ្ញា។
អ្នកស្រី សរ សុធារម្យ នាយិកាប្រតិបត្តិនៃសាលាទន្សាយមានប្រសាសន៍ថា៖ "ចំនួនកុមារជាច្រើនដែលត្រូវការនូវការអប់រំពិសេសនៅក្នុងប្រទេសកម្ពុជាកំពុងតែរង់ចាំឱកាសដើម្បីទទួលការបង្ហាត់បង្រៀន។ នៅក្នុងទីក្រុងភ្នំពេញតែប៉ុណ្ណោះ មានកុមារជាង ២៥០ នាក់ដែលស្ថិតនៅក្នុងបញ្ជីរង់ចាំរបស់សាលាយើង។ រយៈពេលដែលពួកគេមិនមានឱកាសទទួលបានការអប់រំ គឺជាគុណវិបត្តិដែលរារាំងពួកគេពី ឯករាជ្យភាពនៃជីវិត។ សូមអរគុណដល់ OCIC និង KPCC ដែលធ្វើអោយពួកយើងខិតកាន់តែជិតមួយជំហានទៀតទៅកាន់ការអភិវឌ្ឍលើការអប់រំរបស់កុមារទាំងនោះ"។
គម្រោងនេះគ្រាន់តែជាការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការដ៏ធំមួយប៉ុណ្ណោះ OCIC បានបញ្ជាក់បន្ថែមទៀតពីគោលបំណងក្នុងការស្វែងរកមធ្យោបាយដើម្បីជួយដល់សាលារៀនទន្សាយក្នុងរយៈពេលយូរ រួមទាំងផ្ដល់ឱកាសសម្រាប់សិស្សានុសិស្សក្នុងការទទួលបានការងារ និងបទពិសោធន៍ហ្វឹកហាត់ជាក់ស្តែងនៅក្នុងគម្រោងផ្សេងៗរបស់ក្រុមហ៊ុន OCIC នាពេលអនាគត៕