ការបិទព្រំដែនរវាងមីយ៉ានម៉ា-ថៃ អាចធ្វើអោយទំនិញថៃខាតបង់ជិត ៤ ពាន់លានដុល្លារ

  • 2025-08-20 02:44:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ មន្ត្រីនៅរដ្ឋ Kayin ប្រទេសមីយ៉ាន់ម៉ា ជាប់នឹងស្រុក Mae Sot ប្រទេសថៃ បានបញ្ជាបិទច្រកព្រំដែនអន្តរជាតិ និងស្ពានមិត្តភាពទីពីរមីយ៉ាន់ម៉ា-ថៃ ភ្លាមៗតែម្ដង ដែលជាច្រកសំខាន់សម្រាប់ចេញចូលទំនិញធំៗប្រទេសទាំងពីរ ក្រោមហេតុផលដើម្បីគ្រប់គ្រងចំណូលពាណិជ្ជកម្ម ពីក្រុមប្រដាប់អាវុធ ជនជាតិភាគតិចមីយ៉ាន់ម៉ា រាំងខ្ទប់ការប៉ះបោល។

ការបិទច្រកព្រំដែនអន្តរជាតិមីយ៉ាន់ម៉ា-ថៃមួយនេះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចថៃ មើលឃើញថា អាចនឹងបណ្ដាលអោយទំនិញថៃ ខាតបង់ចំណូលប្រមាណ ១៣០ ពាន់លានបាត ឬជិត ៤ ពាន់លានដុល្លារ។ ដោយឡែក ចំពោះរដ្ឋបាលរដ្ឋធានីក្រុង Naypyitaw វិញនេះគឺជាចំណាត់ការ ដើម្បីបង្ក្រាបក្រុមប្រដាប់អាវុធជនជាតិភាគតិចផ្សេងៗ រួមទាំងកងកម្លាំងការពារព្រំដែន ដែលជាកម្លាំងយោធាលេចធ្លោនៅក្នុងតំបន់ ដោយបង្វែរប្រាក់ចំណូលពាណិជ្ជកម្មតាមបណ្ដោយព្រំដែន ទៅកាន់រដ្ឋាភិបាលកណ្ដាល ពង្រឹងអំណាចរដ្ឋធានី Naypyitaw វិញ។

ទោះជាការបិទច្រកព្រំដែនសំខាន់មីយ៉ាន់ម៉ា-ថៃ ប៉ុន្តែការធ្វើពាណិជ្ជកម្មខ្នាតតូច និងសម្រាប់អ្នកថ្មើរជើងអាចឆ្លងកាត់ព្រំដែនបានធម្មតា ដោយហាមប្រាមទៅលើការធ្វើពាណិជ្ចកម្មខ្នាតធំ ដាក់សម្ពាធទៅលើក្រុមហ៊ុនដឹកជញ្ជូនទំនិញ ពាណិជ្ជករ និងឈ្មួញសំខាន់ៗ ព្រមទាំងត្រូវត្រួតពិនិត្យយ៉ាងតឹងរឹងបំផុត។

ក្រសួងពាណិជ្ជកម្មថៃ ជំរុញអោយមេដឹកនាំមីយ៉ាន់ម៉ា ស្វែងរកដំណោះស្រាយលើច្រកព្រំដែនអន្តរជាតិនេះ ដោយសារតែទំហំនៃការនាំចេញទំនិញថៃ ទៅកាន់មីយ៉ាន់ម៉ា បានធ្លាក់ចុះពី ៥០ ពាន់លានបាត ចុះមកត្រឹម ១០ ពាន់លានបាតប៉ុណ្ណោះ ក្នុងមួយត្រីមាស តាមរយៈច្រកព្រំដែននេះ។ ក្នុងនោះ ទំនិញនាំចេញសំខាន់ៗពីប្រទេសថៃ រួមមាន ទូរសព្ទ គ្រឿងអេឡិចត្រូនិក ម៉ូតូ និងដូងប្រេង ជាដើម។

អត្ថបទ៖ Khong Phearum

អត្ថបទថ្មី