មនោសញ្ចេតនាជ្រាលជ្រៅ​ ជាមួយឡាក់គី​ ក្រៅពីហ្មរ ទ្រី​ ស៊ីថេង​ តារាល្បី​ ២ដួង​​ ក៏ពោលយ៉ាងកម្សត់ដែរ!

  • 2025-08-25 05:11:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡាក់គី ដែល​ជាដំរី​ទទួល​បាន​ការស្រឡាញ់​ពីមហាជន​ ជាពិសេស​អ្នក​មើលថែដូច​ជា​ម្ដាយ​តាំង​ពីតូចនោះ​ បាន​បាត់បង់ជីវិតដោយសារជំងឺយ៉ាងឆាប់រហ័ស​កាល​ពី​ថ្ងៃ​ទី២៤​ ខែសីហា​ ឆ្នាំ២០២៥។​ ពិធី​បញ្ចុះ​សព​​ បាន​ធ្វើ​រួច​រាល់​ ប៉ុន្ដែ​ហ្មរ​ និង​បុគ្គលល្បីៗ​ដែល​ធ្លាប់​បាន​ជួប​ឡាក់គីផ្ទាល់​នៅ​តែ​អាឡោះអាល័យ​ ដោយ​បួងសួងឲ្យឡាក់គីកើតជាមនុស្ស​ ហើយ​ទទួល​បាន​ការស្រឡាញ់​ពីមនុស្ស​ទាំងពួង។

សម្រាប់​តារាចម្រៀងប្រុស​ ព្រាប​ សុវត្ថិ​ បាន​ពោលពាក្យទាំងអាល័យជាមួយវីដេអូចាស់មួយ​ជាមួយ​ឡាក់គី​ថា៖​ "អនុស្សាវរីយ៍​ដែល​ដំរី​ lucky បានទុកឲ្យមហាជនខ្មែរ​ទស្សនា​ និង​ស្រណោះ​។ សូមឲ្យ lucky កេីត​មក​កំណេីត​ជាមនុស្សបានដឹងបានទទួល​ ការ​ស្រលាញ់ពីមនុស្សផង​ទាំងពួង"។

ស្រដៀងគ្នា​នេះ​ តារាចម្រៀង​ ខាត់​ សួស្ដី​ ដែល​ធ្លាប់​ជួបឡាក់គី​ ហើយ​អាក់ខាន​ទៅ​ជួម្ដង​ទៀត​នោះ​ បាន​ពោល​ទាំង​មិនអស់ចិត្ដ​ថា​ អ្នកនាង​ កំពុង​ឆ្លៀតរកឱកាស​ទៅ​លេង​ភ្នំតាម៉ៅ​ ហើយ​គោលបំណង​ធំ​បាន​ជួប​ឡាក់គី​ ប៉ុន្ដែ​ឥឡូវ​បែរជាទទួល​បានដំណឹង​ដ៏សោកសៅ។​ អ្នកនាង​បន្ថែម​ថា៖​ "ស្រលាញ់ឡាក់គីណាស់ ថាទំនេរទៅលេង ឥឡូវលែងបានជួបឡាក់គីទៀតហើយ"។

បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់រដ្ឋបាលព្រៃឈើ​កាល​ពី​ថ្ងៃ​ទី២៤​ ខែសីហា​ ឡាក់គី​ ដែល​ជាដំរីញី​ធ្លាប់​ទទួល​បាន​ការ​ចិញ្ចឹមបីបាច់​​យ៉ាង​យកចិត្ដទុកដាក់ពីអ្នកជំនាញ​ និងលោកទ្រី​ ស៊ីថេង​ បានបាត់បង់ជីវិត​ ក្រោយ​ពីធ្លាក់ខ្លួនឈឺភ្លាមៗ​នៅ​ល្ងាច​ថ្ងៃ​សុក្រ​។

សម្រាប់រយៈពេលជាង ២៦ឆ្នាំនៃការចិញ្ចឹមបីបាច់ថែរក្សានៅក្នុងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដំរី «ឡាក់គី» បានវិវត្តពីកូនដំរីតូចមួយ ទៅជានិមិត្តរូបនៃភាពអង់អាច ភាពទន់ភ្លន់ និងបានបំផុសគំនិតឱ្យសាធារណជនមានការស្រឡាញ់ និងការលើកកម្ពស់ការយល់ដឹងអំពីសុខុមាលភាពដំរី និងការអភិរក្សសត្វព្រៃ៕

អត្ថបទ៖ សំណាង

អត្ថបទថ្មី