ផ្លូវជាតិលេខ៧ សម្រេចការងារសាងសង់បាន ៦៥% មកហើយ

  • 2025-08-28 10:18:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) ប្រែក្លាយពីផ្លូវ ២គន្លង ទៅជាផ្លូវ ៤គន្លង សម្រេចការងារបាន ៦៥% ហើយ គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២៥ យោងតាមការបញ្ជាក់ពី ក្រសួងសាធារណការ និងដឹកជញ្ជូន។

នៅថ្ងៃទី២៧ ខែសីហា ២០២៥ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះត្រួតពិនិត្យលើវឌ្ឍនភាពផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ទៅដល់ក្រុងកំពង់ចាម មានប្រវែងសរុប ៤៥ គីឡូម៉ែតេ្រ ដោយពង្រីកពីផ្លូវ២គន្លង ទៅជាផ្លូវ៤គន្លង និងការងារដាំដើមឈើតាមដងផ្លូវ ការងារសាងសង់ប្រព័ន្ធរំដោះទឹក និងការងារសាងសង់ស្ថានីយ៍ថ្លឹងយានយន្ដដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

គម្រោងស្ដារគុណភាពផ្លូវជាតិលេខ៧ ត្រូវបានម៉ៅការសាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យគុណភាពដោយក្រុមហ៊ុនបច្ចេកទេសក្វាងចូវវ៉ានអាន (WACC) ដោយផ្លូវនេះ នឹងត្រូវពង្រីក ៤ គន្លង ប្រវែងទទឹង ២៤,៥ ម៉ែត្រ និងប្រើប្រាស់គុណភាពកៅស៊ូបេតុង AC (Asphalt Concrete) កម្រាស់ ៩ សង់ទីម៉ែត្រ។

គម្រោងសាងសង់ផ្លូវជាតិលេខ៧ គ្រោងនឹងចំណាយថវិកាប្រមាណ ១១៧ លានដុល្លារ ដោយគ្រោងនឹងបញ្ចប់ទាំងស្រុង នៅត្រឹមឆ្នាំ២០២៦។

អត្ថបទ៖ Khong Phearum