ផ្លែទំពាំងបាយជូរ មួយប្រភេទ មានរសជាតិផ្អែមឆ្ងាញ់ ពីធម្មជាតិ កំពុងពេញនិយម វាយលុកទីផ្សារកសិផល
- 2025-09-12 08:11:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លែទំពាំងបាយជូរ មួយប្រភេទ មានរសជាតិផ្អែមឆ្ងាញ់ ពីធម្មជាតិ កំពុងពេញនិយម វាយលុកទីផ្សារកសិផល
ចន្លោះមិនឃើញ
នៅភូមិ Jiulong ក្រុង Tongren ភាគនិរតីនៃខេត្ត Guizhou ប្រទេសចិន សួនចំការទំពាំងបាយជូរ អាល់ផែន (Alpine grapes) លើផ្ទៃដី ៤០ ហិកតា កំពុងស្ថិតនៅក្នុងរដូវប្រមូលផលប្រចាំឆ្នាំ។ ផ្លែទំពាំងបាយជូរនៅទីនេះ ដែលដាំនៅលើជម្រាលភ្នំ មានពណ៌ស្រស់ថ្លា និងរសជាតិផ្អែមឆ្ងាញ់ ដែលធ្វើឱ្យវាពេញនិយមយ៉ាងខ្លាំង។
អាកាសធាតុនៅភូមិ Jiulong ដែលមានសីតុណ្ហភាពជាមធ្យមប្រចាំឆ្នាំប្រហែល ២២ អង្សាសេ ភ្លៀងធ្លាក់គ្រប់គ្រាន់ និងពន្លឺថ្ងៃច្រើន បានបង្កើតលក្ខខណ្ឌដ៏ល្អឥតខ្ចោះសម្រាប់ផ្លែទំពាំងបាយជូរដែលផ្តល់នូវរសជាតិផ្អែមពីធម្មជាតិ។ ទីតាំងដ៏ស្រស់ស្អាត ដែលហ៊ុំព័ទ្ធដោយភ្នំ និងទន្លេ ក៏បានជួយបង្កើនគុណភាពនៃផ្លែឈើនេះផងដែរ។
ដើម្បីជួយសម្រួលដល់អតិថិជន ភូមិ Jiulong បានអនុវត្តគំរូលក់ “អនឡាញ + ក្រៅបណ្តាញ”។ អតិថិជនអាចកម្ម៉ង់ទំពាំងបាយជូរតាមអនឡាញ ឬតាមទូរស័ព្ទ ហើយអ្នកដែលទិញលើសពី ២៥ គីឡូក្រាម នឹងទទួលបានសេវាដឹកជញ្ជូនដល់កន្លែងដោយឥតគិតថ្លៃ។ លើសពីនេះ ការទិញកាន់តែច្រើន តម្លៃក៏កាន់តែទាប។ អ្នកដែលចង់ទទួលបានបទពិសោធន៍ផ្ទាល់ ក៏អាចទៅដកផ្លែទំពាំងបាយជូរដោយខ្លួនឯងនៅសួនចំការ និងរីករាយជាមួយទេសភាពជនបទដ៏ស្រស់ស្អាត។
ការប្រមូលផលទំពាំងបាយជូរនេះ មិនត្រឹមតែនាំមកនូវផលិតផលគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញសេដ្ឋកិច្ចក្នុងស្រុក និងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាតំបន់នេះ។
គួរបញ្ជាក់ថា ផ្លែទំពាំងបាយជូរ អាល់ផែន (Alpine grapes) ជាប្រភេទទំពាំងបាយជូរដែលដាំនៅតំបន់ភ្នំខ្ពស់ មានរសជាតិផ្អែមឆ្ងាញ់ និងពណ៌ស្រស់ថ្លា។ ផ្លែទំពាំងបាយជូរនេះ ជាធម្មតាមានគុណភាពខ្ពស់ ដោយសារលក្ខខណ្ឌអាកាសធាតុត្រជាក់ ពន្លឺថ្ងៃគ្រប់គ្រាន់ និងទឹកភ្លៀងសមស្រប។ វាត្រូវបានគេស្គាល់ថាមានសំបករលោង គ្រាប់ផ្លែតូចទៅមធ្យម និងមានក្លិនឈ្ងុយឈ្ងប់។ ផ្លែទំពាំងបាយជូរអាល់ផែន តែងតែជាជម្រើសដ៏ពេញនិយមសម្រាប់ទាំងការបរិភោគស្រស់ និងការកែច្នៃ៕