កម្ពុជា ចុះកិច្ចព្រមព្រៀងទិញយន្តហោះ C909 ពីក្រុមហ៊ុន Comac របស់ចិន ក្នុងកិច្ចសន្យាដ៏ធំមួយ

  • 2025-09-12 09:42:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia បានប្រកាសពីកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដែលអាចឈានទៅដល់ការបញ្ជាទិញយន្តហោះ C909 ធំជាងគេបំផុតនៅក្រៅប្រទេសចិន ជាមួយក្រុមហ៊ុន Commercial Aircraft Corporation of China (Comac)។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ នៅទីក្រុង Zhengzhou ខេត្ត Henan ប្រទេសចិន។

យោងតាមសេចក្តីថ្លែងការណ៍តាមអនឡាញរបស់ Comac ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ ក្រុមហ៊ុន Air Cambodia បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីទិញយន្តហោះ C909 ចំនួន ១០ គ្រឿង ជាមួយនឹងជម្រើសបន្ថែមសម្រាប់ទិញ ១០ គ្រឿងទៀត។ ភាគីទាំងពីរនឹងសហការយ៉ាងជិតស្និទ្ធលើការនាំចូលយន្តហោះ ការគាំទ្រប្រតិបត្តិការ និងការអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍។

ការចុះកិច្ចព្រមព្រៀងនេះធ្វើឱ្យកម្ពុជាក្លាយជាប្រទេសទីបួននៅអាស៊ីអាគ្នេយ៍ ដែលទទួលយកយន្តហោះ C909 ដែលពីមុនត្រូវបានគេស្គាល់ថាជា ARJ21 បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ឡាវ និងវៀតណាម។ យន្តហោះ C909 នេះត្រូវបានរចនាឡើងសម្រាប់ជើងហោះហើរចម្ងាយខ្លី ចន្លោះពី ២,២២៥ ទៅ ៣,៧០០ គីឡូម៉ែត្រ និងមានសមត្ថភាពផ្ទុកអ្នកដំណើរពី ៧៨ ទៅ ៩៧ នាក់។

គិតត្រឹមខែកក្កដា ឆ្នាំ២០២៥ Comac បានបញ្ចេញយន្តហោះ C909 ចំនួន ១៦៦ គ្រឿង ដែលបានដឹកជញ្ជូនអ្នកដំណើរជាង ២៤ លាននាក់ តាមជើងហោះហើរជាង ៧០០ ខ្សែ។ ក្រុមហ៊ុននេះកំពុងព្យាយាមពង្រីកវត្តមានរបស់ខ្លួននៅទីផ្សារអាស៊ីអាគ្នេយ៍ ដែលមានប្រជាជនជាង ៧០០ លាននាក់ ដោយបានបើកការិយាល័យតំណាងនៅហុងកុង និងសិង្ហបុរីកាលពីឆ្នាំមុន។

បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ TransNusa របស់ឥណ្ឌូនេស៊ី Lao Airlines របស់ឡាវ និង VietJet របស់វៀតណាម បានប្រតិបត្តិការយន្តហោះ C909 សរុបចំនួន ៧ គ្រឿង លើផ្លូវហោះហើរ ១៥ ខ្សែ ដែលភ្ជាប់ទីក្រុងចំនួន ១៨ នៅក្នុងតំបន់។ កិច្ចព្រមព្រៀងជាមួយ Air Cambodia នេះ ត្រូវបានគេមើលឃើញថាជាជំហានដ៏សំខាន់មួយក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតយន្តហោះធំៗដូចជា Airbus និង Boeing៕

អត្ថបទ ៖ ហម ឆរ៉ា

អត្ថបទថ្មី