មិនមែនល្អាងភ្នំ មហាទេពស្មើមេឃ ស៊ុន អ៊ូខុង ទេ នេះគឺជា «សួនស្វាទឹកកក» ដ៏ល្បីឈ្មោះ នៅជប៉ុន
- 2026-07-01 06:36:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនមែនល្អាងភ្នំ មហាទេពស្មើមេឃ ស៊ុន អ៊ូខុង ទេ នេះគឺជា «សួនស្វាទឹកកក» ដ៏ល្បីឈ្មោះ នៅជប៉ុន
ចន្លោះមិនឃើញ
សួនស្វាដ៏ល្បីល្បាញរបស់ប្រទេសជប៉ុន Jigokudani Yaen-Koen ដែលគេស្គាល់ថាជាកន្លែងទស្សនា «ស្វាទឹកកក» ចុះត្រាំទឹកក្តៅភ្នំភ្លើងធម្មជាតិ បានប្រកាសថានឹងដាក់កំហិតលើចំនួនភ្ញៀវទេសចរប្រចាំថ្ងៃ និងប្តូរទៅប្រើប្រាស់ប្រព័ន្ធកក់សំបុត្រតាមអនឡាញវិញ។ វិធានការនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការកើនឡើងយ៉ាងគំហុគនៃចំនួនភ្ញៀវទេសចរ រួមទាំងការកើតមាននូវឥរិយាបថមិនសមរម្យមួយចំនួនពីសំណាក់អ្នកទេសចរបរទេស។
សួនស្វា Jigokudani Yaen-Koen មានទីតាំងស្ថិតនៅក្នុងជ្រលងភ្នំដែលមានកម្ពស់ ៨៥០ ម៉ែត្រ ក្នុងតំបន់ណាហ្គាណូ ភាគកណ្តាលនៃប្រទេសជប៉ុន។ ទីនេះជាជម្រករបស់ហ្វូងស្វា wild Japanese macaques (ស្វាទឹកកក) ដែលចូលចិត្តចុះត្រាំក្នុងទឹកក្តៅភ្នំភ្លើង ជាពិសេសនៅក្នុងអំឡុងពេលរដូវរងាដ៏ត្រជាក់។ សួននេះត្រូវបានគេចាត់ទុកជា «ឋានសួគ៌របស់សត្វស្វា» និងជាទីកន្លែងតែមួយគត់នៅលើពិភពលោកដែលមនុស្សអាចមើលឃើញទិដ្ឋភាពសត្វស្វាព្រៃត្រាំទឹកក្តៅបែបនេះ។
មន្ត្រីគ្រប់គ្រងសួនម្នាក់ (សុំមិនបញ្ចេញឈ្មោះ) បានថ្លែងប្រាប់សារព័ត៌មានថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនភ្ញៀវទេសចរ ដែលភាគច្រើនលើសលប់ជាជនបរទេស បានកើនឡើងយ៉ាងខ្លាំង ដោយថ្ងៃខ្លះមានភ្ញៀវចន្លោះពី ៣,០០០ ទៅ ៤,០០០ នាក់។ លោកបានបញ្ជាក់ថា៖ «យើងបានឃើញការតម្រង់ជួរយ៉ាងវែងអន្លាយនៅខាងក្រៅបញ្ជរលក់សំបុត្រ។ ដើម្បីសម្រួលដល់បញ្ហានេះ យើងនឹងតម្រូវឱ្យពួកគេទិញសំបុត្រទុកជាមុនតាមប្រព័ន្ធអនឡាញ»។
គម្រោងប្តូរទៅជាការកក់សំបុត្រតាមអនឡាញនេះ នឹងត្រូវចាប់ផ្តើមអនុវត្តចាប់ពីខែសីហា ខាងមុខនេះ តទៅ ដោយអាចនឹងកំណត់ចំនួនភ្ញៀវត្រឹម ២,០០០ នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។
ក្រៅពីបញ្ហាកកស្ទះមនុស្ស ឥរិយាបថមិនសមរម្យរបស់អ្នកទេសចរក៏ជាកង្វល់ចម្បងផងដែរ។ មន្ត្រីដដែលបានឱ្យដឹងថា នៅពេលដែលចំនួនភ្ញៀវទេសចរកើនឡើង ករណីរំខានដល់សត្វស្វាក៏កើតមានកាន់តែច្រើន ដូចជាការព្យាយាមផ្តល់ចំណី ការប៉ះពាល់រូបរាងកាយសត្វ និងសូម្បីតែអ្នកទេសចរខ្លះ «ព្យាយាមចុះទៅត្រាំទឹកក្តៅជាមួយសត្វស្វា» ទៀតផង។ យោងតាមគេហទំព័រផ្លូវការរបស់សួន បានសង្កត់ធ្ងន់ និងណែនាំយ៉ាងម៉ឺងម៉ាត់ដល់ភ្ញៀវទាំងអស់ថា ទីនេះជាកន្លែងសម្រាប់សិក្សា និងទស្សនាជីវិតរស់នៅរបស់សត្វស្វា មិនមែនជាកន្លែងស្ទីម ឬត្រាំទឹកក្តៅ (Onsen) សម្រាប់មនុស្សឡើយ។
បញ្ហាដែលកើតឡើងនៅសួនស្វាទឹកកកនេះ គឺជាផ្នែកមួយនៃវិបត្តិ «ទេសចរណ៍លើសចំណុះ» (Overtourism) ដែលប្រទេសជប៉ុនកំពុងប្រឈមមុខ បន្ទាប់ពីចំនួនភ្ញៀវទេសចរបរទេសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ពោលគឺប្រមាណ ៤២.៧ លាននាក់ ដោយសារតែការធ្លាក់ថ្លៃនៃប្រាក់យ៉េន ដែលធ្វើឱ្យជប៉ុនក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងចំណាយតិច។
ក្រៅពីតំបន់ណាហ្គាណូ ទីក្រុងទេសចរណ៍ល្បីៗផ្សេងទៀតដូចជា ក្យូតូ (Kyoto) ក៏មានការរាយការណ៍អំពីការរំខានដល់ស្រ្តីសម្តែងសិល្បៈប្រពៃណី (Geisha) ដើម្បីថតរូប ហើយកាលពីដើមឆ្នាំនេះ ពិធីបុណ្យផ្កាសាគូរ៉ានៅទីក្រុង Fujiyoshida ក្បែរភ្នំភូជី ក៏ត្រូវបានលុបចោលផងដែរ ក្រោយអ្នកស្រុកត្អូញត្អែរពីការបាត់បង់ភាពស្ងប់ស្ងាត់ ការចោលសម្រាមពាសវាលពាសកាល និងការដើរចូលទៅក្នុងដីឯកជនរបស់ប្រជាពលរដ្ឋដោយគ្មានការអនុញ្ញាត៕