ម៉ាឡេស៊ី រំពឹងទទួលបានកំណើនភ្ញៀវទេសចរអន្តរជាតិ នៅ៦ខែចុងក្រោយនៃឆ្នាំ ២០២៦

  • 2026-07-03 07:36:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កូឡាឡាំពួរ៖ វិស័យទេសចរណ៍របស់ប្រទេសម៉ាឡេស៊ី ត្រូវបានព្យាករណ៍ថានឹងងើបឡើងវិញយ៉ាងខ្លាំងក្លានៅឆមាសទីពីរនៃឆ្នាំ២០២៦ នេះ ដោយចំនួនភ្ញៀវទេសចរបរទេសសរុបប្រចាំឆ្នាំរំពឹងថានឹងកើនឡើងលើសកម្រិតមុនពេលមានវិបត្តិជំងឺកូវីដ-១៩ ទៅទៀត។

យោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ BMI (ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Fitch Solutions) បានឱ្យដឹងថា ប្រទេសម៉ាឡេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចមានបំផុតលំដាប់ទី៣ ក្នុងតំបន់អាស៊ីអាគ្នេយ៍បើគិតតាម GDP សម្រាប់មនុស្សម្នាក់ (បន្ទាប់ពីប្រទេសសិង្ហបុរី និងប្រ៊ុយណេ) ត្រូវបានព្យាករណ៍ថានឹងទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ២៧,៩៧ លាននាក់នៅក្នុងឆ្នាំ២០២៦ នេះ។ ចំនួននេះមានការកើនឡើង ៥,១% បើធៀបនឹងឆ្នាំ២០២៥ និងខ្ពស់ជាង ៧,២% បើធៀបនឹងឆ្នាំ២០១៩ ពោលគឺមុនពេលមានការផ្ទុះឡើងនៃជំងឺរាតត្បាតសកល។

ការទស្សន៍ទាយប្រកបដោយភាពវិជ្ជមាននេះបានលេចឡើង ទោះបីជាវិស័យទេសចរណ៍ចូលស្រុក (Inbound Tourism) របស់ម៉ាឡេស៊ីបានជួបប្រទះនឹងការថយចុះល្បឿនជាបណ្តោះអាសន្នក៏ដោយ។ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់ប្រទេសម៉ាឡេស៊ីបានធ្លាក់ចុះ ៣,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយធ្លាក់មកត្រឹម ២,៦ លាននាក់កាលពីខែឧសភា ដែលនេះជាការធ្លាក់ចុះប្រចាំខែលើកទី៣ ហើយនៅក្នុងឆ្នាំនេះ។ សរុបរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ ម៉ាឡេស៊ីទទួលបានភ្ញៀវបរទេសចំនួន ១០,៦ លាននាក់ ពោលគឺកើនឡើងត្រឹមតែ ១,១% ប៉ុណ្ណោះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។

ទាក់ទិននឹងបញ្ហានេះ ក្រុមហ៊ុន BMI បានពន្យល់ថា លទ្ធផលដ៏ទន់ខ្សោយកាលពីដើមឆ្នាំនេះ គឺឆ្លុះបញ្ចាំងពីកត្តារដូវកាល (Seasonal factors) ច្រើនជាងការធ្លាក់ចុះនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចទាំងមូល។ ការធ្លាក់ចុះនេះភាគច្រើនបណ្តាលមកពីការថយចុះនៃចំនួនភ្ញៀវទេសចរមកពីតំបន់មជ្ឈិមបូព៌ា និងអឺរ៉ុប ដោយសារតែជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ាបានធ្វើឱ្យរំខានដល់ការធ្វើដំណើរតាមផ្លូវអាកាស ដែលនាំឱ្យតម្លៃសំបុត្រយន្តហោះមានការកើនឡើងខ្ពស់ និងការកាត់បន្ថយជើងហោះហើរ។

ទោះជាយ៉ាងណាក៏ដោយ ចំនួនភ្ញៀវទេសចរមកពីចិនដីគោកនៅតែជាចំណុចលេចធ្លោ និងជាក្តីសង្ឃឹមដ៏ធំ។ ក្នុងរយៈពេល ៥ ខែកន្លងមកនេះ ចំនួនភ្ញៀវទេសចរចិនបានកើនឡើងរហូតដល់ ២១% បើធៀបនឹងឆ្នាំមុន ដោយកើនឡើងដល់ ១,៨៧ លាននាក់។ កំណើនដ៏ខ្លាំងក្លានេះត្រូវបានគាំទ្រដោយគោលនយោបាយលើកលែងទិដ្ឋាការ (Visa-free) របស់ម៉ាឡេស៊ីសម្រាប់ជនជាតិចិន ដែលត្រូវបានបន្តរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំនេះ ព្រមទាំងការតភ្ជាប់ជើងហោះហើរដ៏ល្អប្រសើរក្រោមយុទ្ធនាការ «ទស្សនាម៉ាឡេស៊ី ឆ្នាំ២០២៦» (Visit Malaysia 2026)។

ក្រុមហ៊ុន BMI បានព្យាករណ៍បន្ថែមថា ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់ម៉ាឡេស៊ីនឹងចាប់ផ្តើមងើបឡើងវិញចន្លោះពីខែមិថុនា ដល់ខែសីហា មុនពេលឈានដល់ចំណុចកំពូលនៅក្នុងខែធ្នូ។ ទោះជាយ៉ាងណាក៏ដោយ មជ្ឈមណ្ឌលស្រាវជ្រាវមួយនេះក៏បានកត់សម្គាល់ផងដែរថា ទស្សនវិស័យនៃការងើបឡើងវិញនេះ នឹងត្រូវពឹងផ្អែកលើតម្លៃសំបុត្រយន្តហោះ និងការវិលត្រឡប់មករកភាពប្រក្រតីវិញនៃកាលវិភាគហោះហើរ នៅពេលដែលការរំខាននានាពាក់ព័ន្ធនឹងតំបន់មជ្ឈិមបូព៌ាមានភាពធូរស្រាល ក៏ដូចជាការបន្តរីកចម្រើននៃតម្រូវការធ្វើដំណើរពីប្រទេសចិនផងដែរ។

អត្ថបទថ្មី