វៀតណាម​ក្លាយជាប្រទេស​មាន​ប្រាក់ចំណូលមធ្យមកម្រិត​ខ្ពស់

  • 2026-07-05 07:46:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រទេសវៀតណាមទទួលបានសមិទ្ធផលសេដ្ឋកិច្ចដ៏សំខាន់មួយទៀត បន្ទាប់ពីធនាគារពិភពលោក (World Bank) បានប្រកាសជាផ្លូវការអំពីការកាលពីថ្ងៃទី១ ខែកក្កា ឆ្នាំ២០២៦ ដោយដំឡើងចំណាត់ថ្នាក់សេដ្ឋកិច្ចរបស់ប្រទេសនេះ ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ (Upper-Middle-Income Economy)។ ការផ្លាស់ប្តូរនេះឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់ប្រទេសវៀតណាម។

យោងតាមការចាត់ថ្នាក់ប្រចាំឆ្នាំរបស់ធនាគារពិភពលោកដែលបានចេញផ្សាយកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ប្រាក់ចំណូលជាតិដុល (GNI) សម្រាប់មនុស្សម្នាក់របស់វៀតណាមបានកើនឡើងពី ៤ ៤៩០ ដុល្លារអាមេរិកក្នុងឆ្នាំ២០២៤ ដល់ ៤ ៩៧០ ដុល្លារអាមេរិកក្នុងឆ្នាំ២០២៥។ កំណើននេះបានជួយឱ្យវៀតណាមចាកចេញពីក្រុមប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ឈានចូលទៅក្នុងក្រុមប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ជាផ្លូវការ។

ធនាគារពិភពលោកបានកត់សម្គាល់ថា ការដំឡើងចំណាត់ថ្នាក់នេះ គឺដោយសារតែសមិទ្ធផលសេដ្ឋកិច្ចដ៏ល្អប្រសើររបស់វៀតណាម។ ក្នុងអំឡុងឆ្នាំ២០២៤ ដល់២០២៥ វិស័យនាំចេញរបស់ប្រទេសនេះមានកំណើនជាង ១៥% ខណៈពេលដែលផលិតផលក្នុងស្រុកសរុប (GDP) មានកំណើន៧% ក្នុងឆ្នាំ២០២៤ និង ៨% ក្នុងឆ្នាំ២០២៥។ លើសពីនេះ ក្នុងអំឡុងឆ្នាំ ២០២១-២០២៥ GNI របស់វៀតណាមមានកំណើនជាមធ្យម១០% ក្នុងមួយឆ្នាំ ដែលត្រូវបានអ្នកជំនាញចាត់ទុកថាជាអត្រាកំណើនដ៏ខ្លាំងក្លា និងប្រកបដោយនិរន្តរភាពមួយនៅក្នុងតំបន់។

រដ្ឋាភិបាលវៀតណាមបានកំណត់គោលដៅយុទ្ធសាស្ត្រក្នុងការប្រែក្លាយខ្លួនទៅជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ ២០៣០។ បន្ទាប់ពីនោះ វៀតណាមមានមហិច្ឆតានឹងឈានទៅជាប្រទេសអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់ត្រឹមឆ្នាំ ២០៤៥។ ដើម្បីសម្រេចបាននូវគោលដៅដ៏ធំធេងនេះ រដ្ឋាភិបាលគ្រោងនឹងរក្សាកំណើនសេដ្ឋកិច្ចឱ្យបាន១០% ឬខ្ពស់ជាងនេះក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

ក្រៅពីវៀតណាម ប្រទេសចំនួន ៥ ផ្សេងទៀត រួមមាន ហ្វីលីពីន ស្រីលង្កា ហ្ស៊កដានី និងមីក្រូណេស៊ី ក៏ត្រូវបានដំឡើងចំណាត់ថ្នាក់ទៅក្នុងក្រុមប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ផងដែរ ក្នុងចំណោមប្រទេស២១៨ដែលធនាគារពិភពលោកបានវាយតម្លៃ។

ការចាត់ថ្នាក់ចំណូលនេះ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការកំណត់លក្ខខណ្ឌនៃជំនួយអភិវឌ្ឍន៍ និងការផ្តល់កម្ចីដែលមានការអនុគ្រោះ។ ទោះជាយ៉ាងណាក៏ដោយ ធនាគារពិភពលោកបានបញ្ជាក់ថា ការផ្លាស់ប្តូរចំណាត់ថ្នាក់នេះ មិនប៉ះពាល់ដល់គោលនយោបាយផ្តល់កម្ចីនាពេលបច្ចុប្បន្នរបស់ខ្លួននោះទេ ដោយវៀតណាមនៅតែអាចបន្តទទួលបានកម្ចីពីធនាគារអន្តរជាតិសម្រាប់ការកសាង និងអភិវឌ្ឍន៍ (IBRD) បានដដែល៕

ប្រភព៖ VN Economy

ដោយ៖ តារា