FIFA ចេញកាពារ​ខ្លួន​ក្រោយមានការរិះគន់ខ្លាំងៗ​​លើផែនការ​លក់​ភាគ​ហ៊ុន​ឲ្យ​ក្រុម​ហ៊ុន​ឯកជន​

  • 2026-07-31 07:45:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក (FIFA) បានចេញមកការពារផែនការដ៏ចម្រូងចម្រាសរបស់ខ្លួនក្នុងការលក់ភាគហ៊ុនខ្លះដល់វិនិយោគិនឯកជន ដោយអះអាងយ៉ាងច្បាស់ៗថា «គ្មាននរណាម្នាក់កំពុងលក់បាល់ទាត់នោះទេ» ខណៈដែលសហព័ន្ធបាល់ទាត់ធំៗ រួមទាំង UEFA និង Concacaf កំពុងប្រឆាំងយ៉ាងខ្លាំងក្លា។

ផែនការដែលផ្តួចផ្តើមដោយប្រធាន FIFA លោក Gianni Infantino គឺការបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធពាណិជ្ជកម្មថ្មីមួយឈ្មោះថា FIFA Forward Enterprise (FFE) ដែលមានតម្លៃប្រមាណ ២០ ប៊ីលានដុល្លារអាមេរិក ដើម្បីគ្រប់គ្រងសិទ្ធិពាណិជ្ជកម្ម និងព្រឹត្តិការណ៍ World Cup ដោយបើកផ្លូវឱ្យវិនិយោគិនឯកជនទិញភាគហ៊ុនភាគតិច (ប្រមាណ ២០%)។

ទោះបីជាមានការប្រឆាំងយ៉ាងខ្លាំងពីសំណាក់ស្ថាប័នទ្វីបអឺរ៉ុប និងតំបន់អាមេរិកខាងជើង ក៏ដោយ ក៏ FIFA បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃសុក្រថា ដំណើរការពិគ្រោះយោបល់នឹងបន្តទៅមុខទៀត ដោយទម្លាក់កំហុសថាការប្រឆាំងទាំងនោះកើតចេញពី «ព័ត៌មានផ្សព្វផ្សាយខុសក្នុងប្រព័ន្ធផ្សព្វផ្សាយ»។ លោក Infantino បានលើកឡើងថា គម្រោងនេះគឺជា «ឱកាស មិនមែនជាការបង្ខិតបង្ខំឡើយ» ដោយ FIFA នឹងនៅតែរក្សាអំណាចគ្រប់គ្រងដាច់មុខលើរាល់កិច្ចការប្រតិបត្តិការទាំងអស់ ខណៈដែលដើមទុនបន្ថែមនឹងត្រូវយកមកជួយដល់ការអភិវឌ្ឍវិស័យបាល់ទាត់សាកល។

យ៉ាងណាមិញ ផែនការនេះបាននិងកំពុងបង្កឱ្យមានរលកនៃការខឹងសម្បារ និងការប្រឆាំងយ៉ាងខ្លាំងក្លាពីសំណាក់ស្ថាប័នបាល់ទាត់អន្តរជាតិសំខាន់ៗ។ ជំហររបស់ UEFA សហព័ន្ធបាល់ទាត់អឺរ៉ុប ដែលមានប្រទេសសមាជិកចំនួន ៥៥ បានប្រកាសជំហរយ៉ាងដាច់អហង្ការដោយមិនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍របស់ FIFA ប្រសិនបើផែនការនេះនៅតែបន្ត។ UEFA បានរិះគន់ចំៗថា៖ «នេះបានឆ្លងកាត់ខ្សែបន្ទាត់ក្រហមដែលស្ថាប័នបាល់ទាត់មិនគួរកោះឆ្លង... ព្រលឹង និងការគ្រប់គ្រងនៃកីឡាបាល់ទាត់ មិនមែនជាទ្រព្យសម្បត្តិសម្រាប់យកទៅជួញដូរនោះទេ»។

ចំណែកជំហររបស់ Concacaf (អាមេរិកខាងជើង កណ្តាល និងការាបៀន) ដែលតំណាងឱ្យសមាជិកចំនួន ៤១ ក៏បានប្រកាស «បដិសេធ» ចំពោះសំណើរបស់លោក Gianni Infantino នេះផងដែរ ដោយសារតែមើលឃើញពីកង្វះខាតនៃតម្លាភាព និងការពិភាក្សាជាមួយភាគីពាក់ព័ន្ធ។

ទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីសំណាក់សហព័ន្ធធំៗ ដែលមានសំឡេងឆ្នោតសរុបស្ទើរតែគ្រប់គ្រងស្ថាប័នទាំងមូលក៏ដោយ ក៏ FIFA នៅតែទទូចឱ្យមានការសិក្សា និងឈានដល់ការបោះឆ្នោតសម្រេចចិត្តពីសំណាក់សមាជិកទាំង ២១១ នៅពាក់កណ្តាលខែកញ្ញាខាងមុខនេះដដែល៕

ដោយ៖ តារា

អត្ថបទថ្មី