បុគ្គលិក TPC Pizza ចំនួន ៦០នាក់ ស្ម័គ្រចិត្តបរិច្ចាគឈាមដើម្បីជនរួមជាតិ

  • 2026-08-20 12:44:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


TPC Pizza ទើបតែបើកដំណើរការកាលពីខែឧសភា កន្លងទៅនេះ ហើយនៅថ្ងៃព្រហស្បតិ៍នេះ ក្រុមការងារបានរួមគ្នាបរិច្ចាគឈាមជាលើកដំបូង និងបង្ហាញពីស្មារតីជួយសង្គមជាតិ។

នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នេះ បុគ្គលិករបស់ក្រុមហ៊ុន TPC Pizza ចំនួន ៦០នាក់ បានចូលរួមបរិច្ចាគឈាមក្នុងយុទ្ធនាការមនុស្សធម៌មួយ ដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា (Automotive Center of Excellence Cambodia - ACE) ចាប់ពីម៉ោង ៧:០០ព្រឹក ដល់ម៉ោង ១១:០០ព្រឹក នៅក្នុងយុទ្ធនាការនេះ ក៏មានការចូលរួមពីបុគ្គលិក EFG ខេមបូឌា ចំនួន ៥០នាក់បន្ថែម ដែលធ្វើឱ្យចំនួនអ្នកចុះឈ្មោះសរុបកើនឡើងដល់ ១១០នាក់។ ក្នុងនោះ មានអ្នកបរិច្ចាគជាក់ស្តែងចំនួន 96 នាក់ និងប្រមូលបានឈាមចំនួន 84 ប្លោក។

សម្រាប់ TPC Pizza ដែលទើបតែបើកទ្វារស្វាគមន៍អតិថិជនកាលពីខែឧសភា ឆ្នាំ២០២៦ នេះ គឺជាការរៀបចំយុទ្ធនាការសប្បុរសធម៌លើកដំបូង គួរបញ្ជាក់ផងដែរនាពេលបច្ចុប្បន្ននេះ មន្ទីរពេទ្យនានានៅក្នុងប្រទេសកម្ពុជា គឺពឹងផ្អែកទាំងស្រុងលើអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីយកទៅប្រើប្រាស់ក្នុងការវះកាត់ ការសម្រាលកូន និងការសង្គ្រោះបន្ទាន់ ដោយគ្មានប្រភពពាណិជ្ជកម្មណាមួយអាចជំនួសបានឡើយ នៅពេលដែលការផ្គត់ផ្គង់ឈាមមានការខ្វះខាត។

លោក ទេព វិរៈ នាយកគ្រប់គ្រងទូទៅ TPC Pizza បានមានប្រសាសន៍ថា៖ «ពួកយើងតែងតែនិយាយអំពី ការធ្វើជាផ្នែកមួយនៃសង្គមនេះ ហើយនេះជាវិធីដ៏ច្បាស់លាស់បំផុតមួយក្នុងការបង្ហាញវា។ អ្នកបានផ្តល់នូវអ្វីមួយដែលមានតែមនុស្សម្នាក់គត់ដែលអាចផ្តល់ឱ្យបាន ហើយមនុស្សម្នាក់ទៀតដែលអ្នកមិនដែលស្គាល់មុខ នឹងអាចបន្តជីវិតទៅមុខទៀត។ ក្រុមការងាររបស់យើង ដែលបម្រើការងារនៅក្នុងផ្ទះបាយ តាមសាខាហាង និងការិយាល័យនានាទូទាំងរាជធានី ភាគច្រើនបានចុះឈ្មោះភ្លាមៗ មុនពេលដែលយើងពន្យល់ចប់ទៅទៀត។ ការបរិច្ចាគឈាមចំណាយពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះ ប៉ុន្តែសម្រាប់អ្នកទទួលបាន វាអាចជាការសម្រេចចិត្តរវាងជីវិត និងសេចក្តីស្លាប់»។ នេះគឺជាយុទ្ធនាការបរិច្ចាគឈាមលើកដំបូងរបស់ TPC Pizza ប៉ុន្តែវានឹងមិនមែនជាលើកចុងក្រោយនោះទេ។

TPC Pizza ប្តេជ្ញាចិត្តនឹងបន្តរួមចំណែកយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម ដែលជាកន្លែងដែលសហគមន៍ត្រូវការបំផុត៕

ដោយ៖ តារា

អត្ថបទថ្មី