៣ចំណុច សរ សី រៀបរាប់ពីការប្រកួតនៅថៃស្ទើរស្រក់ទឹកភ្នែក
- 2014-11-27 17:39:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ចំណុច សរ សី រៀបរាប់ពីការប្រកួតនៅថៃស្ទើរស្រក់ទឹកភ្នែក
ចន្លោះមិនឃើញ
អ្នកប្រដាល់វ័យចាស់ សរ សី ទទួលស្គាល់ភាពបរាជ័យដោយអស់ចិត្តសម្រាប់ការប្រកួតក្នុងទ្រុងនៅប្រទេសថៃ ប៉ុន្តែត្អូញត្អែរពីរឿងតម្លៃខ្លួនដែលនៅតាមកម្រិតទាប ទោះជាប្រកួតលក្ខណៈអន្តរជាតិក៏ដោយ។
លោកបន្តថា ៖«ខ្ញុំមានឱកាសឡើងលើគេម្តងពីរដងដែរ តែគេខ្លាំង ហើយធាក់ខ្ញុំចេញរហូត។ ពេលប្រកួតចប់ គ្រូរបស់គេសួរខ្ញុំថា ហេតុអីអត់គោះដៃសុំចុះចាញ់ ពេលគេឃ្លេ ខ្ញុំប្រាប់គាត់ថា ខ្ញុំស៊ូទ្រាំ ព្រោះខ្ញុំចង់ឈ្នះ»។ សរ សីបន្ថែមថា កីឡាករថៃម្នាក់នោះមានកម្ពស់ខ្ពស់ជាង ហើយទម្ងន់ធ្ងន់ជាងដោយសារគាត់ខំព្យាយាមសម្រកទម្ងន់រហូតតិចជាងគេ។
ទោះជាយ៉ាងណា សរ សីប្រាប់ថា វាជាមោទនភាពរបស់គាត់មួយដែលចាញ់ត្រឹមពិន្ទុ ពីព្រោះកីឡាករកម្ពុជាមួយចំនួនចេញទៅប្រកួតនៅទីនោះឆ្លងមិនផុតទឹកទី៣។ ចំពោះ ស្ថានភាពអ្នកគាំទ្រវិញគឺមានសភាពអ៊ូអរ និងមានគាំទ្រច្រើនដែលធ្វើឲ្យវិស័យកីឡារបស់ប្រទេសគេភាពទាក់ទាញ។
ផលលំបាកសម្រាប់ការប្រកួតនេះ ឪពុកកូន៣នាក់ សរ សី បានឲ្យដឹងពីផលលំបាកសម្រាប់ដំណើរឆ្ពោះទៅការប្រកួតនេះថា ៖«ខ្ញុំមានអារម្មណ៍អាណិតខ្លួនឯងដែរ ស្ទើរស្រក់ទឹកភ្នែក ព្រោះអត់ចេះអីសោះ ទៅតែពីរនាក់ជាមួយប្រពន្ធរបស់គ្រូ។ ប្រពន្ធរបស់គ្រូជាអ្នកបកប្រែភាសាថៃ និងអង់គ្លេស ហើយខ្ញុំអត់ចេះអីតិចសោះ។ បើប្រពន្ធគ្រូទៅណាឆ្ងាយបន្តិច ខ្ញុំដឹងថា មានអារម្មណ៍មិនស្រួល»។
ប៉ុន្តែមានអ្នកគាំទ្រថៃ និងប្រជាជនខ្មែរនៅទីនោះបានជួយលើកទឹកចិត្តខ្លះដែរ។ «ពេលចេញទៅសង្វៀន អ្នកគាំទ្រគេស្វាគមន៍ សុំចាប់ដៃ សុំថតជាមួយ មានអារម្មណ៍ថា រំភើបដែរ ហើយ សូមអរគុណដល់ប្រជាជនខ្មែរនៅទីនោះពីរបីនាក់បានជួយឲ្យទឹកខ្ញុំ បើអត់ពួកគាត់គ្មាននរណាជួយខ្ញុំទេ ព្រោះប្រពន្ធគ្រូតែម្នាក់ឯង ហើយគាត់ជាស្រីទៀតទៅឲ្យទឹកមនុស្សប្រុសម៉េចកើត»។ សរ សីរៀបរាប់។
សរ សីដែលជាអ្នកលក់ដូងខ្ទិះបានប្រាប់ថា ៖«ខ្ញុំទទួលបាន៦ពាន់បាត បើគិតជាប្រាក់ខ្មែរប្រហែលជា៧០ម៉ឺនរៀលប៉ុណ្ណោះ តែបើអ្នកឈ្នះទទួលបានមួយម៉ឺនបាត។ ខ្ញុំចំណាយអស់ច្រើនដែរ ព្រោះហើមមុខមាត់ ត្រូវព្យួរសេរ៉ូម ចាក់ថ្នាំ ចែកគ្រូផង អីផងអត់មានសល់អ្វីច្រើនទេ»។
អ្នកប្រដាល់រូបនេះបញ្ជាក់ថា សម្រាប់ការចេញទៅប្រកួតនៅប្រទេសថៃនេះ ខាងកម្មវិធីចេញថ្លៃធ្វើដំណើរ ស្នាក់នៅផ្ទះសំណាក់ និងអាហារនៅផ្ទះសំណាក់ ប៉ុន្តែសម្រាប់អាហារពេលធ្វើដំណើរទៅ និងមកវិញចេញដោយខ្លួនឯង។
សរ សី ជាអ្នកប្រដាល់វ័យចំណាស់ដែលមានជីវភាពខ្វះខាតដោយបច្ចុប្បន្នពឹងផ្អែកលើចំណូលពីការប្រដាល់ទាំងស្រុង បន្ទាប់ពីខកខានលក់ដូងខ្ទិះអស់រយៈពេលច្រើនខែដោយសារលក់មិនសូវដាច់ ហើយប្រពន្ធក៏ទើបឆ្លងទន្លេទៀត។ ចំពោះអាជីពប្រដាល់ទៀតសោត កីឡាកររូបនេះក៏មិនសូវជោគជ័យដោយខ្វល់ខ្វាយរឿងជីវភាពគ្រួសារជាងការហ្វឹកហាត់៕
វីដេអូប្រកួតនៅថៃ http://youtu.be/n9cy8nkxYGY
អត្ថបទ៖ ជាន ចាន់រ៉ា