អេបូឡាផ្ដាច់ជីវិតមនុស្សអស់ជិត ៧ពាន់នាក់ហើយ
- 2014-12-02 00:18:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេបូឡាផ្ដាច់ជីវិតមនុស្សអស់ជិត ៧ពាន់នាក់ហើយ
ចន្លោះមិនឃើញ
កាលពីថ្ងៃសៅរ៍កន្លងទៅនេះ អង្គការសុខភាពពិភពលោកបានបញ្ចេញរបាយការណ៍ចុងក្រោយរបស់ខ្លួនបង្ហាញថាចំនូនអ្នកស្លាប់ដោយមេរោគកំណាចអេបូឡាកើនឡើងដល់ជិត ៧ពាន់នាក់ហើយ។
លោក Tony Banbury
អង្គការសុខភាពពិភពលោកបានបញ្ជាក់កាលពីថ្ងៃទី ២៩នេះថា មនុស្សចំនួន ៦៩២៨នាក់ បានស្លាប់ដោយអេបូឡា ចំណែកឯជាង ១៦០០០នាក់ទៀតកំពុងមានផ្ទុកមេរោគនេះ។ ជនរងគ្រោះចន្លោះពី ២០០ ទៅ ៣០០នាក់បានស្លាប់ជារៀងរាល់សប្ដាហ៍។
ប្រធានផ្នែកប្រយុទ្ធប្រឆាំងមេរោគអេបូឡារបស់អង្គការសហប្រជាជាតិ លោក Tony Banbury បានប្រាប់គេហទំព័រ BBC ថា អេបូឡានៅតែជាគ្រោះដ៏ធំមួយ ហើយអាចនឹងរីករាលដាលទៅកាន់តំបន់ផ្សេងៗទៀតរបស់ពិភពលោក។ លោក Banbury បាននិយាយបន្តទៀតថា ស្ថានភាពនឹងកាន់តែយ៉ាប់យឺន ប្រសិនបើអង្គការសហប្រជាជាតិមិនមានចំណាត់ការប្រកបដោយប្រសិទ្ធភាពណាមួយទេនោះ។
មេរោគដ៏សាហាវអេបូឡា បានរីករាលដាលខ្លាំងបំផុតក្នុងប្រទេស ៣ នាទ្វីបអាហ្រ្វិកខាងលិច ចាប់តាំងពីមានការផ្ទុះឡើងជាថ្មីនៅក្នុងប្រទេសហ្គីណេកាលពីដើមឆ្នាំ ២០១៤នេះ។ វត្តមានជាថ្មីនៃមេរោគអេបូឡា បានឆក់យកជីវិតមនុស្សច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ និងបង្កក្តីកង្វល់យ៉ាងខ្លាំងដល់ពិភពលោកទាំងមូល៕
ចុចអានព័ត៌មានជាច្រើនទៀតទាក់ទងនឹងមេរោគមរណៈអេបូឡា៖ ចុចទីនេះ
ប្រែសម្រួល៖ គង់ វិសាល
ប្រភព៖ BBC