កីឡាករល្អពីររូបប្រចាំរដូវកាលលីកបាល់បោះ២០១៤បានទៅកម្សាន្តនៅក្រៅប្រទេស
- 2014-12-09 16:17:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករល្អពីររូបប្រចាំរដូវកាលលីកបាល់បោះ២០១៤បានទៅកម្សាន្តនៅក្រៅប្រទេស
ចន្លោះមិនឃើញ
កីឡាករលេងបានល្អជាងគេប្រចាំរដូវកាលលីកបាល់បោះជ្រើសរើសជើងឯកជាតិឆ្នាំ២០១៤ ចំនួនពីររូបគឺកីឡាករកម្ពុជា អ៊ូច ផាណាត របស់ក្រុមជើងឯក Pate 310 និងកីឡាករបរទេស Janno Cunanan របស់ក្រុមជើងឯករង Davies Paints ទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways សម្រាប់ការធ្វើដំណើរកម្សាន្តរយៈពេលបីថ្ងៃនៅប្រទេសថៃ។
អ៊ូច ផាណាត ជាបេក្ខភាពមួយដែលទទួលបានការគាំទ្រច្រើនជាងគេសម្រាប់តំណែងកីឡាករលេងបានល្អជាងគេប្រចាំរដូវកាលបន្ទាប់ពីបានជួយក្រុម Pate 310 ឲ្យឈ្នះជើងឯកលីកបាល់បោះជាតិប្រចាំឆ្នាំ២០១៤ ស្របពេលដែលកីឡាករបរទេស Janno Cunanan ដែលលេងឲ្យ Davies Paints ជាបេក្ខភាពទទួលបានការគាំទ្រលេខរៀងទី២។ កីឡាករទាំងពីរទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways សម្រាប់ថ្លៃសំបុត្រទៅមកកម្ពុជា-ថៃ និងការឧបត្ថម្ភផ្សេងៗទៀតក្នុងដំណើរកម្សាន្តរយៈពេលបីថ្ងៃនេះ។
ក្រុមជើងឯក Pate 310 ទទួលបានថវិកា៤លានរៀល បន្ទាប់ពីយកឈ្នះលើ Davies Paints ទាំងលំបាកក្នុងលទ្ធផល ៥៦-៥៤ ខណៈដែលក្រុមជើងឯករង Davies Paints ទទួលបានប្រាក់រង្វាន់២លានរៀល និងក្រុមលេខបី Mekong Tigers ទទួលបានប្រាក់រង្វាន់១លានរៀល ក្រោយបានយកឈ្នះដាច់លើក្រុម Emperors៕
ព័ត៌មានកីឡាច្រើនទៀត សូមចុចទីនេះ...
អត្ថបទ៖ អៀង សូទ្រី