ជឿ​អត់ នួន សូរិយា​ ប្រាប់​ពី​អាមេរិក​ថា ៣​យ៉ាង​នេះ​​ធ្វើ​ឲ្យ​​​ក្លាយ​ជា​អ្នក​ប្រដាល់​ល្បី?

  • 2014-12-09 22:39:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​លោក នួន សូរិយា​បាន​បង្ហាញ​វីធី​៣​យ៉ាង​ដែល​នឹងជួយ​​អ្នក​ឲ្យ​​ក្លាយ​ជា​អ្នក​ប្រដាល់​ដ៏​ខ្លាំង និង​មាន​កេរ្តិ៍​ឈ្មោះ​​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស។  

ឆ្លង​ឆ្លើយ​តាម​ Facebook ពី​សហរដ្ឋ​អាមេរិក នួន សូរិយា​បាន​បង្ហាញ​វិធី​សាស្ត្រ​យ៉ាង​ខ្លី​សាមញ្ញ ប៉ុន្តែ​មាន​ប្រសិទ្ធភាព​សម្រាប់​អ្នក​ប្រដាល់ ជា​ពិសេស​កីឡាករ​ប្រដាល់​ក្បាច់​គុន​ខ្មែរ​បុរាណ។ លោក​បាន​លើក​ឡើង​ថា ៖«ទី​មួយ​អ្នក​ត្រូវ​ដឹង​ពី​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន​ថា​តើ​ពិត​ជា​ចូល​ចិត្ត​កីឡា​មែន​ឬ​​អត់​ ហើយ​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព។ ​ការ​មាន​ចំណង់​ចំណូល​ចិត្ត​​អាជីព​កីឡា​នឹង​ជំរុញ​ទឹក​ចិត្ត​របស់​​យើង​​ឲ្យ​ប្រឹង​ប្រឹង​ប្រែង​អស់​ពី​លទ្ធភាព។

 

​អតីត​អ្នក​ប្រដាល់​ដែល​ទទួល​បាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ច្រើន​​ពី​អ្នក​គាំទ្រ​ពេល​ប្រកួត​ម្តង​ៗ​បាន​ប្រាប់​ថា ត្រូវ​ថែ​រក្សា​សុខ​ភាព និង​ជ្រើស​រើស​អាហារ​បរិភោគ​ឲ្យ​បាន​គ្រប់​គ្រាន់។ «យើង​ត្រូវ​យក​ចិត្ត​ទុក​ថែ​រក្សា​សុខភាព​ ហើយ​នឹង​ពិសា​អាហារ​ដែល​​មាន​ជីវជាតិ ពី​ព្រោះ​អាហារ​​​ជួយ​ធ្វើ​ឲ្យ​យើង​មាន​ថាមពល​គ្រប់​គ្រាប់​ ជា​ពិសេស​សម្រាក​ឲ្យ​គ្រប់​គ្រាន់​ពេល​ហ្វឹក​ហាត់​ខ្លាំង»។  

ប្រការ​ដ៏​សំខាន់​មួយ​ទៀត​លោក នួន សូរិយា​ ប្រាប់​​ថា បើ​នៅ​លើ​សង្វៀន​ប្រកួត​វិញ​ ​អ្នក​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​ ហើយ​មិន​ត្រូវ​មើល​ងាយ​ដៃ​គូ​​ឡើយ។ ជា​ពិសេស​ការ​គ្រប់​គោរព​វិន័យ និង​បទ​បញ្ជា​នៃ​ការ​ប្រកួត។  

លោក​ថា ៖«យើង​ត្រូវ​រៀន​ពី​របៀប​ការពារ​ខ្លួន​​ ​ព្រោះ​​បើ​យើង​​អត់​ចេះ​របៀប​ការពារ​ខ្លួន​ ប្រាកដ​ជា​យ៉ាប់​មិន​ខាន។ មួយ​ទៀត យើង​​ត្រូវ​ដឹង​ពី​ចំណុច​ខ្សោយ​ខ្លួន​ឯង... ការ​ស្គាល់​ចំណុច​ខ្សោយ​ខ្លួន​ឯង​នេះ វា​​សំខាន់ ព្រោះ​យើង​ត្រូវ​កែ​លំអ និង​ការ​ពារ​ពេល​ប្រកួត»។  

នួន សូរិយា ​ដែល​ជា​អតីត​កីឡាករ​ប្រដាល់​ដ៏​ល្បី​កាល​ពី​ជាង​៥​ឆ្នាំ​មុន​បាន​ទៅ​ផ្សព្វផ្សាយ​ និង​បង្ហាត់​ក្បាច់​គុន​ខ្មែរ​បុរាណ​នៅ​សហរដ្ឋ​អាមេរិក។ បច្ចុប្បន្ន​លោក​កំពុង​ធ្វើ​ការ​នៅ​កសិដ្ឋាន​ដាំ​ផ្សិត​មួយ​កន្លែង​ផង និង​បង្ហាត់​ប្រដាល់​ផង​នៅ​ក្លិប​ប្រដាល់​​ដែល​លោក​បាន​បើក​នៅ​សហរដ្ឋ​អាមេរិក៕  

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី